Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការងារ​និង​អង្គការ​ILO រៀបចំ​សិក្ខាសាលា​ត្រីភាគី​ត្រៀម​ថ្នាក់ជាតិ សម្រាប់​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​វេទិកា​អាស៊ាន​លើក​ទី​១៣ ស្តីពី​ការគាំទ្រ​ពលករ​ទេសន្តរប្រវេសន៍ ក្នុងពេល​ជំងឺ​រាតត្បាត COVID-19

spot_img

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ក្រោម​ជំនួយ​ថវិកា​ពី​រដ្ឋាភិបាល​អូស្ត្រាលី និង​រដ្ឋាភិបាល​កាណាដា រៀបចំ​សិក្ខាសាលា​ត្រីភាគី​ត្រៀម​ថ្នាក់ជាតិ សម្រាប់​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​វេទិកា​អាស៊ាន​លើក​ទី​១៣ (13th AFML) ស្តីពី​ការគាំទ្រ​ពលករ​ទេសន្តរប្រវេសន៍ ក្នុងពេល​ជំងឺ​រាតត្បាត COVID-19 សម្រាប់​សហគមន៍​អាស៊ាន​ដែលមាន​ការរួបរួម និង​ឆ្លើយតប​ទាន់ពេល ដែល​ប្រទេស​វៀតណាម​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​វេទិកា​អាស៊ាន​លើក​ទី​១៣​នេះ នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខ​។​

​សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង នៅ​សណ្ឋាគារ​ភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ូ វុ​ឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០​។

​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​នេះ ឯកឧត្តម ហ៊ូ វុ​ឌ្ឍី មានប្រសាសន៍​លើកឡើងថា ក្នុងឆ្នាំនេះ ក៏ដូចជា​ឆ្នាំមុនៗ​ដែរ រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​រៀបចំ​គណៈប្រតិភូ​ត្រីភាគី​ជាតិ សម្រាប់​ចូលរួម​កិច្ចប្រជុំ​វេទិកា​អាស៊ាន​លើក​ទី​១៣ ដែល​ប្រទេស​វៀតណាម​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០២០​ខាងមុខ​។ បន្ទាប់មក​កិច្ចប្រជុំ 13th AFML នឹង​ធ្វើការ​បូកសរុប​អំពី​ភាពជឿនលឿន​ក្នុងការ​អនុវត្ត​អនុសាសន៍ បានផ្តល់​ដោយ​វេទិកា​អាស៊ាន​លើក​ទី​១២ នា​ឆ្នាំកន្លងមក ដែល​បានកំណត់ និង​ធ្វើការ​ពិភាក្សា​ទៅលើ​ប្រធានបទ “​ការគាំទ្រ​ពលករ​ទេសន្តរប្រវេសន៍ អំឡុងពេល​មាន​ជំងឺ​រាតត្បាត​សកល​សម្រាប់​សហគមន៍​អាស៊ាន​មួយ ដែលមាន​ការរួបរួម និង​ការឆ្លើយតប​ទាន់ពេល​” និង​អនុ​ប្រធានបទ​ថ្មីៗ​ទៀត ដើម្បី​លើក​ជា​អនុសាសន៍​សម្រាប់​គាំទ្រ​ដល់​ការការពារ និង​ការលើកកម្ពស់​សិទ្ធិពល​ករ​ទេសន្តរប្រវេសន៍ ស្របតាម​ការប្រែប្រួល​នានា នៃ​ដំណាក់កាល​ថ្មី​នៃ​យុគ្គ​ឌីជីថល ដែលមាន​ឥទ្ធិពល​លើ​លក្ខខណ្ឌ​នានា នៅ​ទីកន្លែង​ធ្វើការ​ងារ និង​ប្រភេទ​ការងារ និង​ជាពិសេស​ការប្រែប្រួល​ពិភព​ការងារ​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ នៅ​ស្ទើរតែ​គ្រប់​ប្រទេស​នៅលើ​សកលលោក​។

​ឯកឧត្តម​អនុរដ្ឋលេខាធិការ បាន​បន្តថា ការប្រែប្រួល​នានា ដែល​ធ្វើឱ្យ​ពិភព​ការងារ​មាន​ស្ថានភាព​កាន់តែ​ស្មុគស្មាញ​បែបនេះ ទាមទារ​នូវ​វិធានការ​ជាក់លាក់ ដែល​អាច​ផ្តល់ជូន​អ្នកធ្វើការ​នូវ​ការ​គាំពារ​ដ៏​ត្រឹមត្រូវ ស្មើភាព​គ្នា និង​ការធានាបាន​និរន្តរភាព​ការងារ​របស់​ពួកគេ​។ ទន្ទឹមនឹងនេះ​ផងដែរ ក៏​ត្រូវមាន​វិធានការ​ដ៏​ជាក់លាក់ ដើម្បី​ជួយ​ឱ្យ​ពួកគេ​មាន​សមត្ថភាព​គ្រប់គ្រាន់ ទទួលបាន​ឱកាស​ការងារ​នៅ​បរទេស និង​មាន​ភាពទន់ភ្លន់​ទៅតាម​តម្រូវការ​ការងារ ដែល​កំពុងតែ​ប្រែប្រួល និង​វិវត្តន៍​ទៅតាម​ការ​ជឿនលឿន​ខាង​បច្ចេកវិទ្យា​។

​សម្រាប់​ការត្រៀម​ប្រជុំ​វេទិកា​អាស៊ាន ខាង​ទេសន្តរប្រវេសន៍​ការងារ​លើក​ទី​១៣​នេះ ការពិភាក្សា​ត្រូវ​ប្រមូលផ្តុំ​ទៅលើ​អនុ​ប្រធានបទ​ចំនួន​២ រួមមាន​៖ ១-​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ លើ​ពលករ​ទេសន្តរប្រវេសន៍ និង​ការឆ្លើយតប​ទាន់ពេល​ក្នុង​តំបន់​អាស៊ាន និង ២-​គោលនយោបាយ​ទេសន្តរប្រវេសន៍​ការងារ ប្រកបដោយ​បរិ​យា​ប័ន្ន និង​ឆ្លើយតប​ទាន់ពេល​ក្នុង​តំបន់​អាស៊ាន​។​

​ក្នុងការ​ពិភាក្សា​នេះ អង្គសិក្ខាសាលា បាន​ពិនិត្យ​និង​យកចិត្តទុកដាក់​ឱ្យបាន​ស៊ីជម្រៅ ទៅលើ​គោលនយោបាយ​ទេសន្តរប្រវេសន៍​ការងារ​ឆ្នាំ​២០១៩-២០២៣ និង​ឯកសារ​ជា​បទដ្ឋាន​គតិយុត្ត​ទាំងឡាយ នៃ​តំបន់​អាស៊ាន និង​របស់​ពិភពលោក​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×