Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការយក​សំណាក​ព្រះសង្ឃ ទៅពិនិត្យ​កើន​ដល់​ជាង ៥០​អង្គ គង់នៅ​វត្ត​ស្វាយដង្គុំ​ឃុំ​ពាម​ឯក ប៉ុន្តែ​ពុំមាន​ជំងឺ​កូ​វីដ​១៩​ទេ​

spot_img

​បាត់ដំបង​៖​ព្រះសង្ឃ​ដែលមាន​អាការ​ក្ដៅ​ព្រះកាយ​គង់​ក្នុង​វត្ត​ស្វាយដង្គុំ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ត្រូវបាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បាន​យក​សំណាក​ទៅពិនិត្យ​កើន​ដល់​៥៤​អង្គ​ហើយ ប៉ុន្តែ​អាការ​ពុំមាន​ធ្ងន់ធ្ងរ​នោះទេ ខណៈ​ព្រះសង្ឃ​អង្គ​ខ្លះ​ធូរស្បើយ​បាន​ច្រើន​។​

​លោក សឿន ធិ ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​ឯក​ភ្នំ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០​ថា ព្រះសង្ឃ​ដែលមាន​អាការ​ក្ដៅខ្លួន ក្អក ឈឺ​ព្រះ​កេស ឬ​ឈឺពោះ​រាក់​រួស​នោះ ភាគច្រើន​មាន​ព្រះជន្ម​ចាប់ពី ១១​ទៅ​១៩​ឆ្នាំ ត្រូវបាន​នាំយក​សំណាក​ទៅពិនិត្យ​កាលពី​យប់​ថ្ងៃទី​១៣ ខែកញ្ញា មាន​ចំនួន​២១​អង្គ និង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា មាន​ចំនួន​៣៣​អង្គ​។ អង្គ​ខ្លះ​មាន​កម្ដៅ​ខ្ពស់បំផុត​ត្រឹម​ជាង ៣៧​អង្សា​សេ និង​អង្គ​ខ្លះទៀត​ក្រោម​នឹង ប៉ុន្តែ​នៅមាន​អង្គ​ខ្លះទៀត មាន​អាការ​រងា​ញាក់ ខាង​មន្ទីរពេទ្យ​អាច​នឹង​និមន្ត​ព្រះអង្គ ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​។ ចំពោះ​លទ្ធផល​សំណាក​ទាំង ៥៤​អង្គ អាច​នឹង​ចេញ​នៅ​ល្ងាច​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ បន្ទាប់ពី​ខាង​មន្ទីរ​សុខាភិបាល​ល​ធ្វើការ​ពិនិត្យ​ពិសោធន៍​រួច ។​

​ក្នុងពេល​ចុះសួរសុខទុក្ខ​និង​នាំយក​ម៉ាស ប្រគេន​ព្រះសង្ឃ​កំពុងមាន​ជំងឺ​នៅ​វត្ត​ស្វាយដង្គុំ លោក ម៉ឹ​ល សុផល អភិបាលស្រុក​ឯក​ភ្នំ បាន​មានប្រសាសន៍ថា អាជ្ញាធរ​ស្រុក​កំពុង​ធ្វើ​របាយការណ៍​បន្ថែម ជូនទៅ​សាលាខេត្ត ពី​អាការ​ព្រះសង្ឃ ក៏​ដូច​សំណើ​របស់​ព្រះសង្ឃ ចំពោះ​ការខ្វះខាត​ក្នុង​វត្ត​និង​តម្រូវ​ការចាំបាច់ មួយចំនួនទៀត ក្នុង​ការយកមក​ថែទាំ​សុខភាព​ព្រះសង្ឃ​កំពុង​អាពាធ និង​សម្រាប់​ផ្គត់ផ្គង់​ក្នុង​វត្ត​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ព្រះសង្ឃ​ក្នុង​វត្ត​ស្វាយដង្គុំ​មាន​ចំនួន​១១៩​អង្គ ហើយ​ព្រះសង្ឃ​មាន​អាការ​ក្ដៅខ្លួន កើតឡើង​តាំងពី​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០ ហើយ​បាន​ឆ្លង​ជា​បន្តបន្ទាប់ ដោយ​គិត​ត្រឹម​ថ្ងៃទី​១៤ ខែកញ្ញា​នេះ មាន​៥៤​អង្គ​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ព្រះសង្ឃ​មាន​អាការ​ក្ដៅខ្លួន រហូត​មន្ទីរ​រ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តបាត់ដំបង នាំយក​សំណាក​ទៅពិនិត្យ​នោះ បានចេញ​លទ្ធផល​ជា​បណ្ដើរៗ​ហើយ ដោយបាន​រកឃើញ​២០​អង្គ មាន​ជំងឺ​ផ្ដាស​សាយ​។ លទ្ធផល​ដំបូង​ចំពោះ​សំណាក​ព្រះសង្ឃ ដែល​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត នាំយកទៅ​ពិនិត្យ​នៅ​យប់​ថ្ងៃទី​១៣​ខែកញ្ញា ចំនួន​២១​អង្គ មាន​ជំងឺ​ផ្ដាស​សាយ​និង​មួយអង្គ​ទៀត ពុំមាន​រកឃើញ​អាការ​អ្វី​នោះទេ​។ សម្រាប់​សំណាក​នៅសល់ មន្ត្រី​សុខាភិបាល កំពុង​ពិនិត្យ​ពិសោធន៍​ជា​បន្ត​។​

​ព្រះសង្ឃ​ព្រះនាម ពៅ មុនី នាយក​សាលា​ពុទ្ធិកៈ​ឋ​ម​សិក្សា​វត្ត​ស្វាយដង្គុំ មាន​ថេរ​ដីកា​ថា បញ្ហា​ព្រះសង្ឃ​មាន​អាការ​គ្រុនក្ដៅ​ផ្ដាស​សាយ​នេះ តាំងពី​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ភ្លៀង​មិនទាន់​ដាច់​គ្រាប់​អស់​នៅ​រលឹម​ស្រិចៗ ព្រះសង្ឃ​អង្គ​ខ្លះ​នៅ​ទន្ទិញមេរៀន ព្រោះ​បញ្ហា​នេះ​ធ្វើ​ឲ្យ​ព្រះសង្ឃ​មួយចំនួន​បានកើត​ជំងឺ​ផ្ដាស​សាយ​។ ដំបូង​កើត​ចំពោះតែ​ប្រមាណ​១០​អង្គ ហើយក៏​បាន​ឆ្លង​បន្ត​កើន​ជា​បន្តបន្ទាប់ និង​ឆ្លង​ដល់​ព្រះសង្ឃ​ដែលជា​អ្នកថែរក្សា​ជំងឺ​ទៀត រហូតដល់​ថ្ងៃទី​១៤ ខែកញ្ញា មាន​ចំនួន​សរុប​៥៤​អង្គ ត្រូវបាន​យក​សំណាក​ទៅពិនិត្យ​។​

​លោក ម៉ឹ​ល សុផល អភិបាលស្រុក​ឯក​ភ្នំ បាន​មានប្រសាសន៍ថា ព្រះសង្ឃ​កំពុង​ស្នា​ក់រៀន​ក្នុង​វត្ត​នេះ មាន​ចំនួន​១១៩​អង្គ ដោយ​បញ្ហា​មាន​ព្រះសង្ឃ​ច្រើន​នេះ ធ្វើ​ឲ្យ​ការ​ស្នាក់នៅ​រៀនសូត្រ​មាន​សភាព​តូចចង្អៀត បរិយាកាស​អាប់​អ៊ូរ ហើយ​បញ្ហា​នេះ​ក៏​អាចធ្វើ​ឲ្យ​មានការ​ឆ្លង​រាលដាល​ជំងឺ ខណៈ​នៅ​វត្ត​អារាម​នេះ ក៏មាន​ការខ្វះខាត​ច្រើន​ពាក់ព័ន្ធ​នឹង​បច្ច័យបួន ។​

​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​១ សម្រាប់​នៅ​ខេត្តបាត់ដំបង នៅ​ឆ្នាំ​២០២០​នេះ ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្ទុះ​មាន​ជំងឺ រហូត​នាំយក​សំណាក​ទៅពិនិត្យ​ពិសោធន៍​ក្នុង​ចំនួន​ច្រើន ក្នុង​តំបន់​តែមួយ ខណៈដែល​កន្លងមក​ម​ន្ទីរ​សុខាភិបាល បាន​យកតែ​សំណាក​រាយៗ ពី​អ្នក​សង្ស័យថា​មាន​ជំងឺ​កូ​វីដ ១៩ ៕
​ដោយ​៖​អ៊ុង​សា​រុំ​


spot_img
×