Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CAMSOC បន្ត​ពិភាក្សា​លើ​ផែនការ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣

spot_img

CAMSOC-​ភ្នំពេញ​៖ គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) បន្ត​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ លើ​ផែនការ​ចម្បងៗ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​ថ្លែង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា កិច្ចប្រជុំ​ថ្ងៃនេះ មាន​របៀបវារៈ​សំខាន់ៗ​ចំនួន​ពីរ​៖ ទី​១ គឺ​ត្រួតពិនិត្យ​លើ​ប្រក្រតីទិន​ការងារ​ពី​បច្ចុប្បន្ន​រហូតដល់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ត្រូវ​បន្តធ្វើ​កិច្ចការ​អ្វីខ្លះ ដែល​កម្មវិធី​ការងារ​នេះ​គឺជា​កម្មវិធី​ស្នូល​នៃ​ការអភិវឌ្ឍ​ការងារ​ពីមួយ​ជំហាន​ទៅមួយ​ជំហាន ក្នុង​គោលបំណង​ពិនិត្យ​នូវ​ប្រសិទ្ធភាព​ការងារ​ឲ្យ​កាន់តែ​ជាក់លាក់​បន្ថែមទៀត​ជាមួយនឹង​ការវាយតម្លៃ​តាម​ដំណាក់កាល​នីមួយៗ​។ ចំពោះ​របៀបវារៈ​ទី​២ គឺ​ការត្រួតពិនិត្យ​ទៅលើ​លទ្ធភាព​នៃ​ការរៀបចំ​ពិធី​បើក​-​បិទ ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែលជា​ពិធី​ដ៏​មាន​សារៈសំខាន់ ក្នុង​ការបង្ហាញ​សក្តានុពល​ជាតិ​ទាំងមូល នៅក្នុងពេល​ស៊ី​ហ្គេម នាពេលនោះ​។​

​ឯកឧត្តម​អគ្គលេខាធិការ​បានលើកឡើង​ទៀតថា «​ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC បាន​ដឹកនាំ​អង្គប្រជុំ​ប្រកបដោយ​ភាពស្និទ្ធស្នាល និង​ទទួលបាន​ធាតុ​ចូល ដើម្បី​ទទួល​រៀបចំ​តាម​ផ្នែក​នីមួយៗ​។ ក្នុងនោះ​តាម​ប្រក្រតីទិន​ការងារ យើង​បាន​ឯកភាពគ្នា ដោយ​ប្រធាន​អង្គប្រជុំ​ថ្ងៃនេះ នឹង​នាំយក​សេចក្តីសម្រេច​នេះ​គ្រោង​នឹង​ធ្ល​ង​ការសម្រេច​ពីស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​ដ្ឋ​មន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC នា​សប្តាហ៍​ក្រោយៗ​ទៀត​។​»

​ចំពោះ​កម្មវិធី​បើក​-​បិទ ស៊ី​ហ្គេម ឆ្នាំ​២០២៣ ត្រូវបាន​ឯកឧត្តម វ៉ា​ត់ ចំរើន បញ្ជាក់ជូន​ថា កម្ពុជា​នឹងធ្វើ​ការងារ​នេះ​ជាមួយ​រដ្ឋាភិបាល​ចិន គណៈកម្មាធិការ​អូឡាំពិក​ចិន​បានចង្អុលបង្ហាញ​ឲ្យ​ក្រុមហ៊ុន​មួយ ដែល​ធ្លាប់​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក​ហ្គេម ព្រឹត្តិការណ៍​កីឡា​ធំៗ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាពិសេស​គឺ​យើង​ទទួលបាន​អ្នក​ផលិតកម្ម​វិធី​បើក​-​បិទ ដែល​ធ្លាប់មាន​ឥទ្ធិពល និង​បទពិសោធន៍​ខ្ពស់​ដ៏​ល្បីល្បាញ​គ្រោង​នឹងចូលរួម​ជួយ​ក្នុងការ​រៀបចំ​ពិធី​បើក​-​បិទ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ របស់​កម្ពុជា​យើង​។ រដ្ឋាភិបាល​ចិន​បានផ្តល់​អ្នកជំនាញ​ដ៏​ល្បីល្បាញ​រូបនេះ មកជួយ​ជា​បទពិសោធន៍​របស់គាត់​ដល់​កម្ពុជា ប៉ុន្តែ​អ្នក​ដែល​រៀបចំ​ពិតប្រាកដ គឺ​កម្ពុជា​យើង ជាពិសេស​គឺពាក់ព័ន្ធ​នឹង​វប្បធម៌ អរិយធម៌​ខ្មែរ ដោយ​ត្រូវ​ធ្វើការ​ដោយផ្ទាល់​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​ពាក់ព័ន្ធ​នឹង​ពិធី​បើក​-​បិទ​នេះដែរ អង្គប្រជុំ​ក៏បាន​ធ្វើ​បទ​បង្ហាញ​អំពី​ការរត់​ភ្លើង​គប់ ដើម្បី​ស្នើសុំ​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុង​ការរត់​ភ្លើង​គប់​នេះ ដោយ​ត្រូវធ្វើ​កិច្ចការ​ពាក់ព័ន្ធ​ជាមួយ​ក្រសួងព្រះបរមរាជវាំង ក្រសួងការបរទេស និង​សហប្រតិបត្តិ​ការន្តរ​ជាតិ រួមទាំង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​បណ្តា​ប្រទេស​នានា នៅក្នុង​អាស៊ីអាគ្នេយ៍ ដែល​ត្រូវ​ត្រៀម​ជួយ​ដល់​ការរត់​ភ្លើង​គប់​នេះ ដោយ​ការរៀបចំ​ជា​លើក​ទី​១​របស់​កម្ពុជា គឺ​យើង​ត្រូវ​រត់​ភ្លើង​គប់​នៅ​គ្រប់​ប្រ​ទស​ទាំងអស់​ជា​សមាជិក​អាស៊ីអាគ្នេយ៍​។ ចំពោះ​ការរត់​ភ្លើង​គប់ នៅក្នុង​ស្រុក​វិញ CAMSOC ត្រូវ​ធ្វើការ​ជាមួយ​អាជ្ញាធរ​រាជធានី​-​ខេត្ត ដែល​ការរត់​ភ្លើង​គប់​ក្នុងស្រុក​ត្រូវ​រត់​ជុំវិញ​បឹង​ទន្លេសាប ក៏ដូចជា​បញ្ជ្រាប និង​ការផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​ស្តីពី​ការទទួល​រៀបចំ ស៊ី​ហ្គេម ឆ្នាំ​២០២៣ ផងដែរ​។​

​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​របស់ CAMSOC តែងតែ​ជំរុញ​ឲ្យ​គណៈកម្មការ​ជំនាញ​រប​ស់​ខ្លួន​ទាំងអស់ ឲ្យ​ត្រៀមខ្លួន​នូវ​ផែន​ការងារ​របស់ខ្លួន ហើយ​គ្រោង​នឹង​ចាប់ផ្តើម​អនុវត្ត​ផែនការ​សកម្មភាព​នានា​ចាប់ពី​ឆ្នាំ​២០២១​តទៅ ដូចជា​ការត្រៀម​ពិធី​បើក​-​បិទ​នេះ យើង​ត្រូវការ​មនុស្ស​ជិត​១​ម៉ឺន​នាក់ ដែល​ទទួលបាន​ពី​កងយោធពល​ខេមរភូមិន្ទ សិល្បករ មកពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​អប់រំ យុវជន និង​កីឡា រួមទាំង​យុវជន​មកពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ដើម្បី​ត្រៀម​ការសម្តែង​នូវ​ទស្សនីយភាព​ដ៏​ធំ នៅក្នុង​ពិធី​បើក​-​បិទ​។
​អ្វីដែល​ជាគោលការណ៍​នៃ​ការរៀបចំ​ធនធានមនុស្ស ការ​រចនា​នេះ​នឹង​ចាប់ផ្តើម​ការជួយជ្រោមជ្រែង​ពី​អ្នកជំនាញការ​មកពី​ចិន នា​ចុងឆ្នាំ​២០២០​នេះ ហើយ​ឯកឧត្តម​ដាក់​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា ការទទួល​រៀបចំ​ស៊ី​ហ្គេម ជា​លើកដំបូង​របស់​កម្ពុជា នា​ឆ្នាំ​២០២៣ នឹង​ទទួលបាន​ជោគជ័យ ដើម្បី​បង្ហាញ​ពី​សក្តានុពល​ជាតិ កិត្តិយស​ជាតិ​ដ៏​ឧត្តុង្គឧត្តម ជា​ប្រវត្តិសាស្ត្រ​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×