Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយក​រដ្ឋមន្ត្រី ៖ មហាអំណាច និង​ប្រទេស​លោកខាងលិច​មួយចំនួន មិន​ញញើត​ក្នុងការ​អនុវត្ត​នូវ​ស្ដង់ដារ​ពីរ ចំពោះ​ការវាយតម្លៃ​លើ​ការអនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា មហាអំណាច និង​ប្រទេស​លោកខាងលិច​មួយចំនួន មិន​ញញើត​ក្នុងការ​អនុវត្ត​នូវ​ស្ដង់ដារ​ពីរ ចំពោះ​ការវាយតម្លៃ​លើ​ការអនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ប្រើប្រាស់​បញ្ហា​សិទ្ធិមនុស្ស​នេះ ជា​ឧបករណ៍​នយោបាយ ឬ​ជា​លេស​សម្រាប់​ការ​លូកដៃ​ចូល ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង រំលោភ​លើ​អធិតេយ្យភាព និង​ឯករាជ្យភាព​របស់​កម្ពុ​ជា និង​បណ្ដា​ប្រទេស​ទន់ខ្សោយ​ផ្សេងទៀត​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សារលិខិត​ចូលរួម​សម្តែង​ការ​សាទរ​ចំពោះ ទិវា​សន្តិភាព​អន្តរជាតិ លើក​ទី​៧៥ នា​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ដែល​ធ្វើឡើង​ក្រោម​មូលបទ «​ការកសាង​សន្តិភាព​ជាមួយគ្នា​»​។​

​ក្នុង​សារលិខិត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា បន្ថែម​លើ​វិបត្តិ​ដែល​បង្កឡើង​ដោយ​ជំងឺឆ្លង​កូ​រី​-១៩ សភាពការណ៍​ពិភពលោក​នៅតែ​បន្ត​ប្រែប្រួល​វិ​វ​ឌ្ឍ​កាន់តែ​តឹងតែង​ស្មុគស្មាញ ប្រកបដោយ​គ្រោះថ្នាក់ បង្កឡើង​ដោយ​ការប្រកួតប្រជែង​រវាង​ប្រទេស​មហាអំណាច​ដើម្បី​ការពារ​ផលប្រយោជន៍ រក្សា​ឥទ្ធិពល​ទាំង​នយោបាយ យោធា​និង សេដ្ឋកិច្ច​របស់ខ្លួន​។ មហិច្ឆតា​ក្ដោប​ក្ដាប់​និង​ដឹកនាំ​ពិភពលោក​របស់​មហាអំណាច​ខ្លះ តាមរយៈ​ការប្រកាន់យក​នយោបាយ​ឯកតោភាគី​និយម និង​គាំពារ​និយម បាន​ជំរុញ​ឱ្យ​សណ្តាប់ធ្នាប់​អន្តរជាតិ ដែល​ផ្អែកលើ​ច្បាប់​និង​ប្រព័ន្ធ​ពហុភាគី​និយម ដែល​បាន​ជួយ​រក្សា​សន្តិភាព និង​វិបុលភាព​ដល់ ពិភពលោក​អស់​រយៈ​ជិត​៧៥​ឆ្នាំកន្លងមក​នោះ ទទួលរង​សម្ពាធ​ជាង​ពេលណាៗ​ទាំងអស់​។ នៅក្នុង​បរិបទ​នេះ ប្រទេស​មហាអំណាច និង​លោកខាងលិច​ខ្លះ​បាន និង​កំពុង​សហការ​ប្រទាក់ក្រឡា​គ្នា​ជា ប្រព័ន្ធ ក្នុង​ការដាក់​សម្ពាធ កៀបសង្កត់​ឱ្យ​កម្ពុជា​ដើរ​តាម​គន្លង​នយោបាយ​របស់ខ្លួន ដូចដែល​ពួកគេ ធ្លាប់បាន​ប្រព្រឹត្ត​មកលើ​កម្ពុជា កាលពី​ទសវត្សរ៍​ឆ្នាំ ១៩៧០-១៩៨០ ដោយ​រំលោភបំពាន​លើ​គោលការណ៍​សមភាព​អធិបតេយ្យ​រវាង​បណ្តា​រដ្ឋ និង​គោលការណ៍​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង ប្រទេស​ដ៏​ទៃ ដែល​មានចែង​នៅក្នុង​ធម្មនុញ្ញ អង្គការសហប្រជាជាតិ និង​នៅក្នុង​ច្បាប់​អន្តរជាតិ ។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា អស់​រយៈពេល ៤១ ឆ្នាំ​កន្លងមកនេះ ការធ្វើ​ពលិកម្ម​ដ៏​ថ្លៃថ្លា​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស បាន​កែប្រែ​មាតុភូមិ​កម្ពុជា​ពី​គំនរ​ផេះផង់ ឲ្យ​ឈាន​មកដល់​ដំណាក់កាល​អភិវឌ្ឍន៍​ប្រកបដោយ​មោទនភាព ទាំង​ក្នុង​បុព្វហេតុ​ការពារជាតិ ការពារ​ការ​រស់​ឡើងវិញ​របស់ ប្រជាជន ទាំង​បុព្វហេតុ​សន្តិភាព និង​បង្រួបបង្រួម​ជាតិ និង​ទាំង​បុព្វហេតុ​ស្តារ កសាង និង​អភិវឌ្ឍន៍ សង្គម​សេដ្ឋកិច្ចកម្ពុជា​។ ជាពិសេស កម្ពុជា​បាន​និង​កំពុងតែបន្ត​បោះជំហាន​យ៉ាងរឹងមាំ​នៅលើ​មាគ៌ា នយោបាយ​សន្តិ​សហ​វិជ្ជមាន អព្យាក្រឹត មិន​ចូលបក្ស​សម្ព័ន្ធ ជើង​ខ្ពស់​ស្មារតី​ជាតិនិយម​ការពារ ឯករាជ្យ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​។ សមិទ្ធផល​ធំធេង​អស្ចារ្យ​ដែល​កម្ពុជា​ទទួលបាន​នេះ មិនដែល​ទទួល​នូវ​ការ​សាទរ ឬ​សរសើរ​ពី​មហាអំណាច​និង​ប្រទេស​លោកខាងលិច​ខ្លះ ដែលមាន​របៀបវារៈ នយោបាយ​តែមួយគត់ គឺ​ទាញ​កម្ពុជា​ឱ្យធ្វើជា​ឈ្នាន់​បម្រើ​មហិច្ឆតា​នយោបាយ​របស់​ពួកគេ​។ លើសពីនេះ​ទៀត ពួកគេ​មិន​ញញើត​ក្នុងការ​អនុវត្ត​នូវ​ស្តង់ដារ​ពីរ ចំពោះ​ការវាយតម្លៃ​លើ​ការអនុវត្ត​សិទ្ធិមនុស្ស​នៅ កម្ពុជា និង​ប្រើប្រាស់​បញ្ហា​សិទ្ធិមនុស្ស​នេះ ជា​ឧបករណ៍​នយោបាយ ឬ​ជា​លេស​សម្រាប់​ការ​លូកដៃ​ចូល ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង រំលោភ​លើ​អធិតេយ្យភាព និង​ឯករាជ្យភាព​របស់​កម្ពុ​ជា និង​បណ្តា​ប្រទេស ទន់ខ្សោយ​ផ្សេងទៀត​។​

“​កម្ពុជា​យល់ច្បាស់​ថា ការគោរព​សិទ្ធិមនុស្ស ការលើកកម្ពស់​សេរី​ភាពជា​មូលដ្ឋាន ការប្រកាន់​ខ្ជាប់ នូវ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការលើកកម្ពស់ នីតិរដ្ឋ និង​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព ភាពសុខដុមរមនា និង​យុត្តិធម៌​សង្គម​ជា​និរន្ត នឹង​ជាការ​រួមចំណែក​ដ៏​មាន​សារសំខាន់​ដល់​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​ផងដែរ​។ តែ​យើង​ក៏​ត្រូវតែ​ចងចាំ​ដែរ​ថា មាន​សន្តិភាព ទើប​ជានា​ការ អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ជីវភាព​រស់នៅ​ដ៏​សុខសាន្ត សម្បូរ​សប្បាយ​របស់​ប្រជាជន មាន សន្តិភាព​ទើប​ធានា​ដល់​ការ​ស្ថិតស្ថេរ និង​រីកចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព ហើយ​ជោគជ័យ​នៃ​ដំណើរការ​អភិវឌ្ឍន៍​និង​ភាពរឹងមាំ​នៃ​ប្រជាធិបតេយ្យ និង​ជះឥទ្ធិពល​ត្រឡប់មកវិញ​ធានា​នូវ​ចីរភាព​នៃ​សន្តិភាព​។ បើ​យើង​បាត់បង់​សន្តិភាព នោះ​យើង​នឹងត្រូវ​បាត់បង់​អ្វីៗ​ទាំងអស់​។ ផ្លូវ​ទៅមុខ​នឹង​នៅតែ​ជួបប្រទះ​ឧបសគ្គ​ជាច្រើន​ទៀត ប៉ុន្តែ​គ្មាន​ឧបសគ្គ​ណា​ដែ​អាចមក វា​រាំងដំណើរ របស់​ជាតិ​យើង​បានឡើយ ឱ្យតែ​យើង​រក្សាបាន​នូវ​ការឯកភាព​និង​សាមគ្គីភាព​ជាតិ ប្តេជ្ញា​ដាច់ខាត ការពារ​សន្តិភាព​ដែល​យើង​សម្រេច​បានមក​ដោយ​លំបាក ឲ្យ​នៅ​ស្ថិតស្ថេរ រឹងមាំ គង់វង្ស​ជានិច្ច មិន អនុញ្ញាត​ឲ្យ​កម្លាំង​ប្រតិកិរិយា​ណា​មក​បំផ្លាញ​ទៅវិញ​បានឡើយ ទោះបីជា​ត្រូវ​បង់​ដោយ​តម្លៃ​ណា​ក្តី​” សម្តេច​ហ៊ុន សែន បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​។​

​ក្នុងនាម​ជា​ប្រទេសមួយ​ដែល​បាន​ឆ្លងកាត់​សង្គ្រាម​បំផ្លិចបំផ្លាញ​ដ៏​រ៉ាំ​រៃ ក្រោយពី​ទទួលបាន នូវ​ការបង្រួបបង្រួម​ជាតិ​ពិត​ត​ប្រាកដ សុខសន្តិភាព​ពេញលេញ​នៅ​ទូទាំងប្រទេស និង​ការរីកចម្រើន នៅលើ​គ្រប់​វិស័យ​គួរ​ជាទី​មោទនៈ កម្ពុជា​មិន​ភ្លេច​មនោសញ្ចេតនា​របស់ខ្លួន​ដែលមាន​ចំពោះ​ប្រជាជាតិ រងគ្រោះ​ផ្សេងទៀត​នៅក្នុង​ពិភពលោក តាមរយៈ​ការ​ស្តែងចេញ​នូវ​ការខិតខំ​ចែករំលែក​បទពិសោធន៍ ក្នុង​ការកសាង ថែរក្សា ការពារ​សន្តិភាព និង​អភិវឌ្ឍ​ប្រទេសជាតិ​។ នេះ​គឺជា​ឆន្ទៈ​ដ៏​មោះមុត​របស់​កម្ពុជា ក្នុងការ​សម្តែង​សាមគ្គីភាព ជា​អ​ន្​
​តរ​ជាតិ និង​រួមវិភាគទាន​ដល់​កិច្ចប្រឹងប្រែង​របស់​សហ​គម​ន៍​អន្តរជាតិ ដើម្បី​បុព្វហេតុ​សន្តិភាព សន្តិសុខ និង​មនុស្សធម៌​នៅលើ​ពិភពលោក​។ កម្ពុ​ជាមាន​មោទនភាព​យ៉ាង ក្រៃលែង​ក្នុងការ​ចូលរួម​របស់​ខ្លួន ក្នុង​កិច្ចប្រតិបត្តិការ​រក្សា​សន្តិភាព​ពិភពលោក​ក្រោម​ឆត្រ​របស់​អង្គការ សហប្រជាជាតិ បើទោះជា​មានការ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​យ៉ាងណាក៏ដោយ​។ ឆ្នាំនេះ​គឺជា ឆ្នាំ​ទី​១៤ ដែល​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​សរុប​ចំនួន ៦,៨២២ នាក់ (​ស្ត្រី ៣៦៩​នាក់​) ទៅ​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) នៅ​តំបន់​បេសកកម្ម​ចំនួន ១០ ក្នុងប្រទេស ៩ រួមមាន​៖ ឆាដ ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល លី​បង់ ស៊ឹ​ប ស៊ី​រី ម៉ាលី និង​យេ​ម៉ែន​។ គិត​ត្រឹម​ដំណាច់ខែ កក្កដា​នេះ កងកម្លាំង​កម្ពុជា​កំពុង​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​មាន​ចំនួន ៧៨៧​នាក់ (​ស្ត្រី​៧៦ នាក់​) នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង បើ​បង់ ម៉ាលី អាហ្វ្រិក​កណ្តាល និង​យេ​ម៉ែន​។​

​សម្តេច​ក៏បាន​សម្ដែង​នូវ​ការគោរព និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ជាន់ថ្នាក់ ដែល​បានធ្វើ​ពលិកម្ម​ទាំង​កម្លាំងកាយ ចិត្ត​ចូលរួម​ដល់​ការថែរក្សា​សន្តិភាព និង​ស្ថិរភាព​នយោបាយ ការលើកស្ទួយ​អធិបតេយ្យ​ជាតិ ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និង​នីតិរដ្ឋ និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។ ព្រម​ជាមួយនេះ សម្តេច​បាន​អំណរគុណ​ជា​អនេកប្បការ​ផងដែរ ចំពោះ​បណ្ដា​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ អន្តរជាតិ​នានា ដែល​បាន​ជួយឧបត្ថម្ភ​ដល់​ប្រជាជន​កម្ពុជា តាំងពី​ដំណាក់កាល​សង្គ្រោះ​ជាតិ ពី​របប​ប្រល័យពូជសាសន៍​រៀង​រហូតមក ហើយ​ដែល​កំពុងតែបន្ត​ពង្រឹង និង​ពង្រីក​ថែមទៀត​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​ដើម្បី​បុព្វហេតុ សន្តិភាព ប្រជាធិបតេយ្យ និង​អភិវឌ្ឍន៍​៕​ដោយ​៖​កូ​ឡាប​


spot_img
×