Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥទ្ធិពល​កូន​ព្យុះ ៖ អាជ្ញាធរខេត្ត​បាត់ដំបង ណែនាំ​ឱ្យ​ផ្អាក​ដំណើរការ​រមណីយដ្ឋាន​មួយចំនួន និង​អំពាវនាវ​ដល់​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បញ្ហា​ទឹកជំនន់​

spot_img

​បាត់ដំបង​៖ យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ស្តីពី​ស្ថានភាព​អាកាសធាតុ ដែល​សង្កេតឃើញថា ខ្យល់មូសុង​និរតី​បាន​បង្កើនល្បឿន​យ៉ាង​លឿន​បក់​មកលើ​ប្រទេស​កម្ពុជា ទទួល​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​នៅលើ​សមុទ្រ​ប៉ាស៊ីហ្វិក​និង​វិ​វត្ត​ខ្លួន​ជា​បន្តបន្ទាប់​ទៅជា​វិ​សម្ពាធ​ទាប​រួច​ក្លាយទៅជា​កូន​ព្យុះ​មួយ​។​

​រដ្ឋបាលខេត្ត​បាត់ដំបង នា​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០​នេះ​បាន​ជូនដំណឹង​ដល​ប្រជាពលរដ្ឋ​ទាំងឡាយ ជាពិសេស​អ្នក​ដែល​រស់នៅ​ប៉ែក​ខាងលើ និង​នៅតាម​បណ្តោយ​ដងស្ទឹង​សង្កែ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បញ្ហា​ទឹកជំនន់​តាម​ដងស្ទឹង និង​បញ្ហា​ជំនន់​ទឹកភ្លៀង​ជាដើម ដើម្បី​ការពារ​សុវត្ថិភាព​ទាំងអស់គ្នា​ពី​បញ្ហា​នានា ដែល​អាច​កើតមាន​ដោយសារ​គ្រោះធម្មជាតិ​ទាំងនេះ​។​

​ដើម្បី​ធានាបាន​នូវ​សន្តិសុខ និង​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មន្ទីរ​ទេសចរណ៍​ខេត្ត បាត់ដំបង សូម​ធ្វើ​ការណែនាំ​ដល់​លោក លោកស្រី​ម្ចាស់​រមណីយដ្ឋាន​ដែល​ស្ថិតនៅតាម​ជ្រោះ​ជ្រលង​ភ្នំ ដងស្ទឹង បឹងបួរ អោយ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន​ជាបន្ទាន់ ចាប់ពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០​រហូត ដល់​ថ្ងៃ​ជូនដំណឹង​សារជាថ្មី ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ដែល​អាច​កើតមាន​ជាយថាហេតុ ។​

​ទទួលបាន​សេចក្តីជូនដំណឹង លោក លោកស្រី​ម្ចាស់​រមណីយដ្ឋាន​ដែល​ស្ថិតនៅតាម​ជ្រោះ​ជ្រលង​ភ្នំ ដងស្ទឹង បឹងបួរ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ប្រកបដោយ​ស្មារតី​ទ​ទួ​ស​ខុសត្រូវ​ខ្ពស់ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​

​បើ​លោក លោកស្រី​ម្ចាស់​រមណីយដ្ឋាន​ដែល​ស្ថិតនៅតាម​ជ្រោះ​ជ្រលង​ភ្នំ​ដងស្ទឹង បឹងបួរ ណា​ដែល​មិន​អនុត្ត​តាម​សេចក្តីជូនដំណឹង​នេះ ត្រូវ​ទទួលខុស​ត្រូ​ចំពោះមុខ​ច្បាប់​។​

​ឥទ្ធិពល​ខាងលើនេះ បានធ្វើឱ្យ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់ និង​ធ្វើឱ្យ​ស្ថានភាព​ទឹក​នៅក្នុង​ស្ទឹង​សង្កែ ស្ទឹង​មង្គលបុរី និង​ស្ទឹង​ដូន​ទ្រី នៃ​ខេត្តបាត់ដំបង មានការ​កើនឡើង​យ៉ាងគំហុក ដែល​អាច​បង្ក​ជា​ទឹកជំនន់​នៅតាម​បណ្ដោយ​ស្ទឹង​។ ម្យ៉ាងវិញទៀត ដោយសារ​ស្ថាន​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​យ៉ាង​ដូច្នេះ ក៏​អាច​កើតមាន​ជំនន់​ទឹកភ្លៀង​ប៉ះពាល់​ដល់​ភូមិដ្ឋាន និង​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ផងដែរ​។​

​ជាមួយគ្នា​នោះ មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ក៏បាន​ចេញ​សេចក្ដីជូនដំណឹង​ណែនាំ​ឱ្យ​ម្ចាស់​រមណីយដ្ឋាន​ដែល​ស្ថិត​តាម​ជ្រលង​ភ្នំ ដងស្ទឹង បឹងបួរ ត្រូវ​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន​ជាបន្ទាន់ ចាប់ពី​ថ្ងៃ​២០ ខែកញ្ញា​នេះ រហូតដល់​មានការ​ជូនដំណឹង​ថ្មី ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ពី​បញ្ហា​នានា​។​

​ចំណែក​អាជ្ញាធរខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល​២៤​ម៉ោង នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ ខេត្ត​ប៉ៃលិន ទទួលបាន​ទឹកភ្លៀង​ពី​ឥទ្ធិពល​នៃ​ព្យុះ ឈ្មោះ នូ​ល “NOUL” ក្នុង​កម្រិត​ពី​(៧០-១០៥) មិល្លីម៉ែត្រ ។ ហើយ​នៅវេលា​ម៉ោង​១០​និង​៣០ នាទី​ព្រឹក​នេះ មាន​ភ្លៀង​បាន​បន្ត​ធ្លាក់​សាជាថ្មី ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​គ្រប់​ដណ្តប់​ទូទាំង​ខេត្ត​ប៉ៃលិន និង​តំបន់​ជួរ​ភ្នំ​ផងដែរ ។ ចំណែកឯ​កម្ពស់​ទឹក​ក្នុង​ដងស្ទឹង និង​អូរ​ទូទាំង​ខេត្ត បាន​កើនឡើង​ស្ទើរ​គ្រប់កន្លែង ។ ដោយឡែក​ស្ថានភាព​ទឹកស្ទឹង​ប៉ៃលិន ក្នុង​ពេលនេះ​ទឹកបាន​ឡើង​ប្រៀប​មាត់​ស្ទឹង​ជាច្រើន​កន្លែង និង​បាន​ហូរ​ចូល​តំបន់​ទំនាប​មួយចំនួន​ហើយ ក្នុងនោះ​ហូរ​ចូល​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៤​គ្រួសារ ស្ថិតក្នុង​ភូមិ​ទំនប់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ។ ស្ថានភាព​បែបនេះ ទឹកស្ទឹង​និង​អាច​បន្ត​កើនឡើង ហូរ​ចូលទៅ​តំបន់​ទំនាប​ផ្សេងៗ​ទៀត ដែល​បង្កើតបានជា​ជំនន់​ទឹកភ្លៀង តាម​មាត់​ស្ទឹង​ក្នុងភូមិ​-​ឃុំ មួយចំនួន​ជាប់មាត់​ស្ទឹង ពិសេស​ក្នុងភូមិ​សាស្ត្រ​ស្រុក​សាលា​ក្រៅ ។ អាស្រ័យហេតុនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងស្ទឹង តាម​តំបន់​ខាងលើ ក៏ដូចជា​បងប្អូន​ដែល​និយម​លេង​កំសាន្ត​តាម​ដងស្ទឹង សូមមេត្តា​ប្រុងប្រយ័ត្ន​ខ្ពស់ ជៀសវាង​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ៕​ដោយ​៖​កូ​ឡាប​

 

spot_img
×