Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ថោង ខុន ស្នើ​ដល់​ប្រតិបត្តិ​ករ​ទេសចរ​ខេត្ត​ព្រះសីហនុ ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរសមុទ្រ​ឲ្យ​ល្អ​ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ (Video inside)

spot_img

ខេត្ត​ព្រះសីហនុ​៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ជាថ្មី​ម្តងទៀត បាន​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរ អាជីវករ ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រូវ​ចូលរួម​សហការ​គ្នា​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរសមុទ្រ​ខេត្ត​នេះ ឲ្យមាន​សោភ័ណ្ឌភាព​ល្អ និង​ឲ្យមាន​អនាម័យ​ជាប្រចាំ​។ លោក​ថា ការថែរក្សា​អនាម័យ​ឆ្នេរ​ឲ្យបាន​ស្អាត និង​មាន​សោភ័ណ្ឌភាព​ជាប្រចាំ ប្រយោជន៍​ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ឲ្យចូល​មក​ទស្សនា​ខេត្ត​នេះ បាន​កាន់តែ​ច្រើន​ថែមទៀត​នា​បណ្តា​ឆ្នាំ​ខាង​មុខៗ​ទៀត​។

​លោក​ថា ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ដែល​ចូល​មក​ទក​ស្សនា​ខេត្ត​ព្រះសីហនុ គឺ​គេ​ចង់​ឃើញ ឆ្នេរ សមុទ្រ​ស្រស់ស្អាត ជាពិសេស​សោភ័ណ្ឌភាព​តាម​បែប​ធម្មជាតិ នៃ​ជីវៈចម្រុះ​ក្នុង​បាតសមុទ្រ និង​ធន​ធម្មជាតិ​នានា ដែល​មាន​នៅ​លើ​កោះ​នានា​។​

​លោក ថោង ខុន បាន​រំលឹក​ដូច្នេះ​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ទទួលស្គាល់ លោក​ឧកញ៉ា ទៀ វិចិត្រ ជា​ប្រធាន​សមាគម​ភ្នាក់ងារ​ដឹកជញ្ជូន​ទេសចរណ៍​ជលយាន ប្រចាំ​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ពុធ ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នា​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ​។

​នៅក្នុង​ពិធី​នោះដែរ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏​បាន​លើកទឹកចិត្ត លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​ជាប់ឆ្នោត​ជា​ប្រធាន​សមាគម​ទីភ្នាក់ងារ​ដឹកជញ្ជូន​ទេសចរណ៍​ជលយាន​ប្រចាំ​ខេត្ត​នេះ សូមឲ្យ​បំពេញ​ការងារ​ថ្មី​នេះ ឈាន​ដល់​រួមចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ឲ្យចូល​មក​ទស្សនា​ខេត្ត​នេះ ឲ្យបាន​ច្រើន​នា​ថ្ងៃ​ខាង​មុខ​។

​ជាងនេះទៀត ឯកឧត្តម យន្ត មីន ក៏​ស្នើ​ឲ្យ​លោក​ឧកញ៉ា ទៀ វិចិត្រ ជួយ​បង្កើន​ការយកចិត្តទុកដាក់ រំលឹក​ទៅ​សមាជិក​សមាជិការ របស់​សមាគម ដែល​ជា​ម្ចាស់​ជលយាន​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ទាំងអស់ ត្រូវ​ជួយ​គិតគូរ​អំពី​សុវត្ថិភាព​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​តាម​សមុទ្រ នៅ​តាម​ក្រុមហ៊ុន​នី​មួយៗ ឲ្យបាន​ខ្ពស់ និង​ជា​ប្រចាំ ដើម្បី​រួមចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ឲ្យចូល​មក​ទស្សនា​ខេត្តព្រះសីហនុ កាន់តែ​ច្រើន​ថែមទៀត​នា​បណ្តា​ឆ្នាំ​ខាង​មុខ​។

​បន្ថែម​លើ​នេះ ឯកឧត្តម យន្ត មីន ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ មន្ត្រីរាជការ​នៅតាម​ស្ថាប័នរដ្ឋ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ទាំងអស់ ជាពិសេស​ប្រតិបត្តិ​ករ​ទេសចរ ដែល​ជា​ម្ចាស់​ជលយាន ដែល​ប្រកប​អាជីវករ​ដឹកជញ្ជូន​ភ្ញៀវ​តាម​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ ត្រូវ​រួមគ្នា​ការពារ​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរ និង​ធនធានធម្មជាតិ ជីវៈចម្រុះ ដែល​មាន​ទាំង​នៅលើ​កោះ និង​ក្នុង​បាតសមុទ្រ ឬ​នៅ​តាម​ទីតាំង​កម្សាន្ត​នីមួយៗ ឲ្យមាន​អនាម័យ និង​សោភ័ណ្ឌភាព​ល្អ​ជា​ប្រចាំ ដើម្បី​រួមចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសច​រនា​ថ្ងៃ​អនាគត​។

​ឆ្លើយតប​ការអំពាវនាវ​នេះ លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​ទើប​ប្រកាស​តួនាទី​ជា​ប្រធាន​ទីភ្នាក់ងារ ដឹកជញ្ជូន ទេសចរណ៍​ជលយាន​ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​បំផុស​ចលនា ដល់​ប្រតិបត្តិ​ករ​ទេសចរ​និង​អាជីវករ​ប្រកប​អាជីវកម្ម​ផ្សេងៗ​នា​មូលដ្ឋាន​នេះ ជា​សមាជិក​សមាជិការ របស់​សមាគម​ទាំងអស់ ឲ្យ​បង្កើន​សកម្មភាព​ការងារ​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរសមុទ្រ និង​ជួយ​អភិរក្ស​ការពារ​ធនធាន​ធម្មជាតិ ជីវៈចម្រុះ​បាតសមុទ្រ​នា​ខេត្ត​ព្រះសីហនុ ឲ្យបាន​ជាប្រចាំ និង​មាន​ការទទួលខុសត្រូវ​ខ្ពស់​។

​ទន្ទឹមគ្នានេះ លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​ជា​ស្ថាប​នឹក​អភិវឌ្ឍន៍ កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ កោះរ៉ុង និង​ជា​ប្រធាន​ក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីដ​ប៊ូត កម្ពុជា (G. T. V. C, Speed Boat Cambodia) ផង​នោះ ក៏​បាន​ប្តេជ្ញា​ថា នឹង​ជម្រុញ​ដល់​ម្ចាស់​ក្រុមហ៊ុន​ជលយាន ដឹកជញ្ជូន​ភ្ញៀវទេសចរ​តាម​សមុទ្រ​ទាំងអស់ នា​ខេត្ត​ព្រះសីហនុ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​អំពី​ការការពារ​សុវត្ថិភាព​ដឹក​ភ្ញៀវ​ទៅ​កាន់​បណ្តា​កោះ​នានា ឲ្យបាន​ជាប្រចាំ​រៀងរាល់ថ្ងៃ​។ ជាង​នេះ ក៏​នឹង​ជម្រុញ​ឲ្យ​គ្រប់​មធ្យោបាយ​ដឹកជញ្ជូន​តាម​សមុទ្រ​ទាំងអស់ ត្រូវ​បំពាក់​សម្ភារៈ​សង្គ្រោះ រួមមាន​៖ អាវ​ពោង​ការពារ និង​សម្ភារៈ​សង្គ្រោះ​ផ្សេងៗ​ទៀត ឲ្យបាន​គ្រប់​ចំនួន នៅ​តាម​ទូក ឬ​កប៉ាល់​ដឹក​ភ្ញៀវទេសចរ​នី​មួយៗ​។

​លោក តាំង សុចិត្រ​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ឆ្នាំ​២០១៧​កន្លងទៅ ខេត្ត​នេះ ទទួលបាន​ភ្ញៀវទេសចរ​សរុប​ជិត ២​លាន​នាក់​(១,៩៩៥,២០៤)​។ ភ្ញៀវ​ជាតិ​មាន​ចំនួន​ជាង ១​លាន ៥​សែន​នាក់ (១,៥២៥,២៨៦) និង​អន្តរជាតិ​ជិត ៥​សែន​នាក់ (៤៦៩,៩១៨)​។ ក្នុងនោះ​ភ្ញៀវ​ទេសចរណ៍​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​តាមរយៈ​ទូក​ទេសចរណ៍​សរុប​មាន​ចំនួន​ជិត ១​ពាន់​ជើង (៩៨២៣) និង​មាន​ចំនួន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​សរុប​ជិត ៥​សែន​នាក់ (៤០៩,៤៦០)​។

​លោក តាំង សុចិត្រ​គ្រឹះ​ស្នា ទទួលស្គាល់ថា ការងារ​រួមគ្នា​ថែរក្សា​អនាម័យ​បរិស្ថាន​ឆ្នេរសមុទ្រ ឲ្យមាន​សោភ័ណ្ឌភាព​ជាប្រចាំ គឺ​ពិតជា​អាចរួមចំណែក​ជួយ​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ឲ្យចូល​មក​ទស្សនា​ខេត្តព្រះសីហនុ កើន​ខ្ពស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ពិតមែន​។ ជាងនេះទៀត លោក​ថា គួបផ្សំ​ប្រតិបត្តិ​ករ​ទេសចរ មួយចំនួន បាន​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​មន្ទីរ​ទេសចរណ៍​ខេត្ត ដោយ​បាន​ចូលរួម​បង្កើតឲ្យមាន​ទីតាំង​កម្សាន្ត​នៅ​តាម​ឆ្នេរសមុទ្រ នៅតាម​កោះ​នានា ឲ្យមាន​សោភ័ណ្ឌភាព​ច្រើន​កន្លែង ឬ​ច្រើន​ទីតាំង ហើយ​សេវា​បំរើ​ផ្សេងៗ​ជូន​ភ្ញៀវ មាន​តម្លៃ​សមរម្យ និង​ផ្តល់​សន្តិសុខ​ល្អ​ជូន​ភ្ញៀវ​មាន​សុវត្ថិភាព​ល្អ គឺ​អាច​ជម្រុញ ឲ្យ​ខេត្តព្រះសីហនុ នា​ថ្ងៃ​អនាគត នឹង​ទទួលបាន​ការចាប់អារម្មណ៍​កាន់តែ​ច្រើន​ថែមទៀត ពី​សំណាក់​ភ្ញៀវទេសចរ​ពិសេស​ភ្ញៀវ​ទេសចរ​អន្តរជាតិ​៕ ដែន សីមា

spot_img
×