Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនន់​ទឹកភ្លៀង​នៅ​ក្បាល​ស្ទឹង​មោង បណ្ដាល​ឲ្យ​ទឹក​ហូរ​កាត់​ផ្លូវ​មួយចំនួន និង​លិច​ស្ពាន​នៅ​ស្រុក​រុក្ខ​គិរី​

spot_img

​បាត់ដំបង​៖​ប៉ុន្មាន​ថ្ងៃនេះ​ខេត្តបាត់ដំបង បានទទួល​រង​នូវ​សម្ពាធ​ទាប​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​គ្របដណ្តប់​ស្ទើរ​គ្រប់កន្លែង បណ្តាល​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​នៅតាម​តំបន់​មួយចំនួន ស្ថានភាព​ជំនន់​ទឹកភ្លៀង បានធ្វើ​ឲ្យ​ទំនប់​អាង​បាសាក់ ដែល​ស្ថិតក្នុង​ឃុំ​បាសាក់​ហក់​ឡើង​កម្ពស់​ទឹក​ប្រមាណ​ជិត​៦​ម៉ែត្រ កាលពី​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០២០ និង​បង្ក​ឲ្យ​ទ្វារ​ទឹក​ចំនួន​៣​ទ្វារ បាន​គ្រលាស់​ហូរ​ទឹក​ទម្លាក់​ចុះមក​ស្ទឹង​មោង ហើយ​នៅ​ផ្នែក​ខ្លះ​ក្នុង​តំបន់​ទំនាប​មុខទឹក​ហូរ​ឆ្លងកាត់ មានការ​លិចលង់​ភូមិដ្ឋាន​ផ្ទះសម្បែង ទឹក​ហូរ​កាត់​ផ្លូវ​ក្នុងភូមិ​នៅ​កន្លែង​មួយចំនួន និង​ដំណាំ​ចម្ការ​មួយចំនួន ក្នុងភូមិ​ឈូក​ក្នុង​ឃុំ​បាសាក់ និង​នៅ​ភូមិ​បឹង​អំពិល​ក្នុង​ឃុំ​ព្រែកជីក​។​

​លោក ផេង ផល អភិបាលរង​ស្រុក​រុក្ខ​គិរី ទទួលបន្ទុក​គ្រោះមហន្តរាយ បាន​មានប្រសាសន៍ប្រាប់​ឲ្យ​ដឹង កាលពី​ថ្ងៃទី​២០​ខែកញ្ញា​ឆ្នាំ​២០២០​ថា ទឹកជំនន់​នេះ កើតឡើង​ព្រោះតែ​ទំនប់​អាង​បាសាក់ ជា​ប្រភពទឹក​ខាងលើ​របស់​ក្បាល​ស្ទឹង​មោង ឡើង​រហូតដល់​ជិត​៦​ម៉ែត្រ ដោយសារ​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់ ធ្វើ​ឲ្យ​ទ្វារ​ទឹក​អាង​បាន​គ្រលាស់ (​បើកចំហរ​ខ្លួនឯង​) ចំនួន​៣​ទ្វារ ក្នុងចំណោម​៧​ទ្វារ ហើយ​ទឹក​ហូរ​ធ្លាក់​មកដល់​ទំនប់​ព្រែកជីក ធ្លាក់​បន្ត​មកកាន់​ស្រុក​មោងឫស្សី​។ ទឹកជំនន់​នេះ បាន​ហូរ​កាត់​លិច​ផ្លូវលំ​ដុបៗ​នៅ​ភូមិ​មួយចំនួន ក្នុង​ឃុំ​បាសាក់​ស្រុក​រុក្ខ​គិរី ហើយ​ផលប៉ះពាល់​លិច​ដំណាំ​របស់​ពលរដ្ឋ​នៅ​មិនទាន់មាន​នោះទេ ព្រោះ​ទឹកជំនន់​នៅ​រយៈពេល​ខ្លី​នៅឡើយ និង​ក៏​មិនមាន​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ផងដែរ ។ ទឹកជំនន់​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់ ចាប់តាំងពី​ថ្ងៃទី​១៧ រហូតមកដល់​ថ្ងៃទី​១៩​ខែកញ្ញា​ហើយ​។ បើទោះបី មាន​ទឹកជំនន់​នេះ បាន​ហូរ​កាត់​លិច​ផ្លូវលំ​ដុបៗ នៅក្នុង​ភូមិ​មួយចំនួន នៅក្នុង​ឃុំ​បាសាក់​។ តែ​ផលប៉ះពាល់ លិច​ដំណាំ នៅ​មិនទាន់មាន​នោះទេ ព្រោះ​ជំនន់​ទឹកភ្លៀង​បែបនេះ​វា​មាន​រយៈពេល​ខ្លី​។ ថ្មីៗ​នេះ​អាជ្ញាធរ​ស្រុក​បានធ្វើ​ការណែនាំ​ដល់​រដ្ឋបាល​មូលដ្ឋាន​គ្រប់​ថ្នាក់​ក្នុងស្រុក ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន មានការ​ប្រុងប្រយ័ត្ន​ពី​ជំនន់​ទឹកភ្លៀង​ក្នុង​តំបន់​ប្រឈម​។ នៅ​ថ្ងៃទី​២០​ខែកញ្ញា​នេះ កម្ពស់​ទឹក​នៅក្នុង​អាង​បាសាក់ បាន​ថមថយ កម្ពស់​ទឹក​នៅត្រឹម ៥​ម៉ែត្រ​ប៉ុណ្ណោះ​។​

​លោក អ៊ុយ សុធាវី អភិបាលរង​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា បញ្ហា​ទឹកជំនន់​នេះ​រដ្ឋបាល​ខេត្តបាត់ដំបង ប្រាប់​ឲ្យ​អាជ្ញាធរ​តាម​ស្រុក​នៅជាប់​នឹង​ស្ទឹង​មោង ធ្វើ​ការបើក​ប្រឡាយ​នានា ឲ្យ​ទឹក​ហូរ​ចែកចាយ ដើម្បី​កុំ​ឲ្យ​មានការ​លិចលង់​នៅ​ផ្នែក​ខាងក្រោម ។ សម្រាប់​ស្ថានភាព​ទឹកជំនន់​នេះ ក៏​មិនទាន់​បង្កបញ្ហា​ធ្ងន់ធ្ងរ​នោះដែរ ខណៈ​ជំនន់​នៅតាម​ដងស្ទឹង​ផ្សេងៗ​ទៀត នៅក្នុង​ខេត្តបាត់ដំបង ក៏​មិនទាន់​មានការ​ជន់​ឡើង ដែល​បង្ក​ឲ្យ​មានការ​លិច​ខូចខាត​ផលដំណាំ ដូច​ឆ្នាំ​កន្លងទៅ​នោះដែរ តែ​យ៉ាងណា​អាជ្ញាធរ​ក៏​នៅតែ​ត្រៀម​វិធានការ​ទប់ស្កាត់ ខណៈ​ប្រភព​ទឹកស្ទឹង​សង្កែ ក៏មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ នា​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ។​

​អាជ្ញាធរខេត្ត​បាត់ដំបង បាន​ត្រៀម​រួចរាល់​ផងដែរ នូវ​ទីទួល​សុវត្ថិភាព នៅ​ទូទាំង​ខេត្ត​សរុប​ជាង ២០០​កន្លែង ដើម្បី​ឲ្យ​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​លិច​ផ្ទះសម្បែង​ពួកគាត់ ខណៈ​នៅ​តំបន់​មាន​ទឹកជំនន់​ឡើង ក្នុងស្រុក​រុក្ខ​គិរី ក៏​អាជ្ញាធរ​បានរៀបចំ​ទីទួល​សុវត្ថិភាព​ចំនួន ២​កន្លែង បម្រុង​ទុក​ផងដែរ គឺ​នៅក្នុង​វត្ត​អង្គ​កែវ និង​សាលាបឋមសិក្សា​ឈូក ស្ថិតក្នុង​ឃុំ​បាសាក់ ៕ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×