Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបី​ជាមាន​បញ្ហា​ជំងឺ​កូវីដ១៩ ក៏​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​អាមេរិក ក្នុង​រយៈពេល ៨ ខែ ឆ្នាំនេះ កើនឡើង ប្រមាណ​ជិត ១៧ ភាគរយ​

spot_img

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន តាម​ប្រព័ន្ធ​វីដេអូ សម្តេច​បាន​ថ្លែងថា ជំងឺ​កូ​វីដ​-១៩ បាន​នាំមក​នូវ​បញ្ហា​ប្រឈម​ដ៏​ស្រួចស្រាល់​មួយចំនួន ជាអាទិ៍ នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌ​, វិស័យ​ទេសចរណ៍​, វិស័យ​អាកាសចរណ៍ និង វិស័យ សេវា​ខ្លះទៀត ។ ស្ថិតក្នុង​សភាពការណ៍​នេះ​, រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​ចំនួន ៥ ជុំ​រួចមកហើយ​, ទាំង​វិធាន​ការជួយ​ដល់​វិស័យសេដ្ឋកិច្ច និង វិស័យ​សង្គមកិច្ច​, សំដៅ​ជួយ​រក្សា លំនឹង​ផលិតកម្ម និង អាជីវកម្ម ក៏ដូចជា​ធានា​លំនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​ទទួល រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ។

​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ ២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួន​ពិភាក្សា​ការងារ​ជាមួយនឹង​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន​តាម​ប្រព័ន្ធ​វីដេអូ​។

​ខាងក្រោម​នេះ​គឺជា​ចំណុច​សំខាន់ៗ​ក្នុងជំនួប​រវាង សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន​តាម​ប្រព័ន្ធ​វីដេអូ​នា​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា​ឆ្នាំ​២០២០​នេះ​។​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ជា​កិច្ច​ចាប់ផ្តើម​, ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក អា​ឡិច​សាន់​ដឺ ហ្វ​ល​ម៉េ​ន (Alexander Feldman) ប្រធាន និង ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន ព្រមទាំង​សមាជិក គណៈប្រតិភូ​ទាំងអស់ ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​តាម​ប្រព័ន្ធ​វីដេអូ ។

​ទោះជា​មិនអាច​រៀបចំ​ជំនួប​ដោយផ្ទាល់​នៅ​ប្រទេស​កម្ពុជា​ក្ដី , តែ​ខ្ញុំ​ជឿថា យើង​នឹង​អាច​ទាញយក​លទ្ធផល​ជាក់ស្តែង​ចេញពី​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ នៅពេលដែល​យើង​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​បណ្តាលមកពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ពង្រីក​កាលានុវត្តភាព សហប្រតិបត្តិការ​, ជំរុញ​កំណើន និង ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​យើង​មាន​ភាពរឹងមាំ​ឡើងវិញ បន្ទាប់ពី​ជំងឺ​កូ​វីដ​១៩ មានការ​ថមថយ ។

​អស់​រយៈពេល​ជាង​ប្រាំបួន​ខែ​មកហើយ ពិភពលោក​បាន និង​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ – ១៩ ដែល​បាន​បង្ក​ជា​វិបត្តិ​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន​ពីមុនមក លើ​សង្គម និង សេដ្ឋកិច្ច ។ សម្រាប់​កម្ពុជា​, រាជរដ្ឋាភិបាល​បាន​គ្រប់គ្រង​សភាពការណ៍​កូ​វីដ -១៩​ប្រកបដោយ​ប្រសិទ្ធភាព​, ដោយ​មកដល់ ពេលនេះ កម្ពុជា​មិនមាន​ការឆ្លង​ជា​សហគមន៍ ហើយក៏​មិនបាន​ឈានដល់​ការបិទជា​តំបន់ ឬ បិទ ប្រទេស​ទាំងមូល​នោះទេ ។ ជាការ​ពិត​, ជំងឺ​កូ​វីដ​-១៩ បាន​នាំមក​នូវ​បញ្ហា​ប្រឈម​ដ៏​ស្រួចស្រាល់​មួយចំនួន ជាអាទិ៍ នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌ​, វិស័យ​ទេសចរណ៍​, វិស័យ​អាកាសចរណ៍ និង វិស័យ សេវា​ខ្លះទៀត ។ ស្ថិតក្នុង​សភាពការណ៍​នេះ​, រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​ចំនួន ៥ ជុំ​រួចមកហើយ​, ទាំង​វិធាន​ការជួយ​ដល់​វិស័យសេដ្ឋកិច្ច និង វិស័យ​សង្គមកិច្ច​, សំដៅ​ជួយ​រក្សា លំនឹង​ផលិតកម្ម និង អាជីវកម្ម ក៏ដូចជា​ធានា​លំនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​ទទួល រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ។ ខ្ញុំ​ជឿជាក់ថា ធុរកិច្ច​អាមេរិក​មួយចំនួន ដែលមាន​វត្ត​មាននៅ​កម្ពុជា ក៏បាន​ទទួល​នូវ​ផលប្រយោជន៍​ពី​វិធានការ​ទាំងនេះ ។​

​ទន្ទឹមនេះ​, ទោះបី​ជាមាន​បញ្ហា​ជំងឺ​កូវីដ១៩ ក៏ដោយ , ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ដែល​នៅក្នុង​រយៈពេល ៨ ខែ ឆ្នាំ ២០២០ នេះ បាន​កើនឡើង ប្រមាណ​ជិត ១៧ ភាគរយ​, ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​កន្លងទៅ ។​

​ខ្ញុំ​ក៏​សូម​ឆ្លៀតឱកាស​នេះ ជម្រាបជូន​សមាជិក​គ​ណៈ​ប្រតិភូ​ទាំងអស់​ថា ទោះបីជា​ជំងឺ​រាតត្បាត​កូ​វីដ ១៩ បាន និង កំពុង​បង្ក​ការលំបាក​ជាច្រើន​ដល់​កិច្ចដំណើរការ​នៃ​ជីវិត​សង្គម និង សេដ្ឋកិច្ច . ក៏ប៉ុន្តែ រាជរដ្ឋាភិបាល​កម្ពុជា​មិន​បន្ថយល្បឿន​នៃ​ការងារ​កំណែទម្រង់​នៅក្នុង​គ្រប់​វិស័យ​របស់ខ្លួន​នោះទេ ។ ដើម្បី​ទាក់ទាញ​វិនិយោគិន​បន្ថែម​, ជាពិសេស​នៅពេល​ជំងឺ​កូ​វីដ​-១៩ មាន​ភាព​ធូរស្រាល , កម្ពុជា​កំពុង រៀបចំ​កែលម្អ​ច្បាប់​វិនិយោគ និង ប្រព័ន្ធ​លើកទឹកចិត្ត​ថ្មី ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង មាន ភាព​ទាក់ទាញ​សម្រាប់​ឧស្សាហកម្ម​ប្រភេទ​អេឡិចត្រូនិក​, បង្គុំ​, ក​សិ​-​ឧស្សាហកម្ម​, គ្រឿងបន្លាស់​, ឧស្សាហកម្ម​គាំទ្រ និង ឧស្សាហកម្ម​ផ្សេងទៀត ។ ទន្ទឹមនេះដែរ , កម្ពុជា​នឹង​ចុះ​កិច្ចព្រមព្រៀង​ពា​ណិ ជ្ជ​កម្ម​សេរី​កម្ពុជា​-​ចិន ក្នុងពេល​ឆាប់ៗ​នេះ ។ ខ្ញុំ​សង្ឃឹមថា ច្បាប់ និង កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា -​ចិន នឹង​ដើរតួ​ជា​កត្តា​ដ៏​សំខាន់​មួយ ជួយ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​សម្រាប់​ក្រុមហ៊ុន​អាមេរិក ដែល កំពុង​រក​ទីតាំង​ផលិតកម្ម​ថ្មី នៅ​តំបន់​អាស៊ីអាគ្នេយ៍ ។​

​បន្ថែម​លើ​នេះ​, រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​ជា​បន្តបន្ទាប់​នូវ​វិធានការ​កែទម្រង់​មុត​ស្រួច​នានា សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ ដែល​បណ្ដា​វិនិយោគិន និង ធុរជន កំពុង​ជួបប្រទះ ក្នុង គោលបំណង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា តាមរយៈ​ការបង្ក​ភាពងាយស្រួល និង ការបង្កើត បរិយាកាស​អំណោយផល​ដល់​ការធ្វើ​អាជីវកម្ម និង ការវិនិយោគ​នៅក្នុង​ប្រទេស ។ ជា​ទិសដៅ​ទៅមុខ​, កម្ពុជា​នឹងដាក់​ឲ្យ​អនុវត្ត​នូវ​វិធានការ​អន្តរាគមន៍​ស​ម​ស្រប និង ទាន់ពេល គួបផ្សំ​នឹង​ការគិតគូរ​ជា យុទ្ធសាស្ត្រ​
​តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​, គោលនយោបាយ រូបិយវត្ថុ និង​វិធានការ​កែទម្រង់​រចនា​សម្ព័ន្ធ សំដៅ​សម្រេច​ឲ្យ​បាន​នូវ​គោលបំណង​ជា​អាទិភាព​ចំនួន ២ គឺ ៖ ទី​១.​ការរក្សា​លំនឹង​សេដ្ឋកិច្ច និង សង្គម និង ទី​២.​ការជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ ។​

​សម្តេច សូម​អគុណ​ចំពោះ​វត្តមាន​របស់លោក អា​ឡិច​សាន់​ដឺ ហ្វ​ល​ម៉េ​ន (Alexander Feldman) និង តំណាង​ក្រុមហ៊ុន​ទាំងអស់ ដែល​បានមក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ព្រឹក​នេះ​របស់​យើង ។ នេះ គឺជា​ការ បង្ហាញ​អំពី​ការយកចិត្តទុកដាក់​ពី​សំណាក់​ក្រុមហ៊ុន​អាមេរិក មកលើ​កម្ពុជា ក៏ដូចជា​បង្ហាញ​អំពី​ឆន្ទៈ នៃ​ការចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ និង លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​ទាំងមូល ។ ខ្ញុំ​សូម​ស្មើ ឲ្យ​លោក និង តំណាង​ក្រុមហ៊ុន​ទាំងអស់ មេត្តា​ផ្សព្វផ្សាយ​បន្ត​អំពី​កិច្ច​ខំប្រឹងប្រែង​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​លើកកម្ពស់​ភា​ព​ប្រកួតប្រជែង​របស់​កម្ពុជា និង សូមជួយ​ទាក់ទាញ​វិនិយោគិន​អាមេរិក មក​ធ្វើ ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា ។​

“​ខ្ញុំ​សូម​ជូនពរ​ឲ្យ​បេសកកម្ម​របស់​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន ទទួលបាន​លទ្ធ ផល​ជា​ផ្លែផ្កា​ល្អប្រសើរ ដើម្បី​លើកស្ទួយ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​ចូលរួម ចំណែក​លើកស្ទួយ​ទំនាក់ទំនង​សហប្រតិបត្តិការ US- ASEAN ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត “​។​សម្តេចនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×