Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ូ យ៉ា​ទី ថា គ្រូ​ចាំទី​មួយរូប​រួមចំណែក​ធំ​ក្នុង​អាជីព​បាល់ទាត់​ខ្លួន​

spot_img

​ភ្នំពេញ​៖​អ្នកចាំទី ស៊ូ យ៉ា​ទី រំលឹកថា ផ្លែផ្កា​ពី​អាជីព​បាល់ទាត់​កន្លងមក​បានការ​រួមចំណែក​សំខាន់​ពី​គ្រូបង្វឹក​ចាំទី លោក សួង ភី​រម្យ ដែល​ធ្លាប់​បណ្ដុះបណ្ដាល​រូបគេ​កាល​នៅ​ក្លិប​ក្រសួងការពារជាតិ (​បច្ចុប្បន្ន​សមាគម​បាល់ទាត់​កងយោធពល​ខេមរភូមិន្ទ​) ពី​ចន្លោះ​ឆ្នាំ​២០០៧​ដល់​២០១៣​។

​កីឡាករ​មានកំណើត​នៅ​រាជធានី​ភ្នំពេញ​បង្ហើប​ថា ដំបូង​ឡើយ​គេ​បាន​ចូលរួម​ជាមួយ​ការពារជាតិ​តាម​ការជួយ​ណែនាំ​ពី​លោក ភា សុ​ភ័​ក្ត្រា និង​ត្រូវបាន​បង្ហាត់​ដោយផ្ទាល់​ពី​លោក សួង ភី​រម្យ រហូតដល់​កើន​សមត្ថ​ភាពជា​លំដាប់​។

​អ្នកចាំទី​ក្លិប​ណាហ្គា​វើ​លដ៍​បច្ចុប្បន្ន​បញ្ជាក់​បែប​នេះ “៖​ខ្ញុំ​ចេះ​ចាប់​បាល់ និង​ទទួលបាន​បទពិសោធ​ច្រើន​ពី​គាត់ (​លោក សួង ភី​រម្យ​)​។ គាត់​ដូចជា​ឪពុក​ទី​ពីរ​របស់ខ្ញុំ បង្ហាត់​ខ្ញុំ​ឲ្យ​ចេះ​លេង​បាល់ ចាប់​បាល់​។ គាត់​ហាត់​ខ្លាំងណាស់ អ្នក​ល្មមៗ​នៅ​ជាមួយ​គាត់​បានតែ​មួយអាទិត្យ​អី​រត់ចោល​ហើយ តែបើ​ទ្រាំ​បាន ចេញមក​ដឹង​តែ​ល្អ​។ ពីមុនមក​ខ្ញុំ​មាន​ចេះ​អី​! គាត់​អ្នក​បង្ហាត់ ផ្ដល់​ចំណេះដឹង និង​បំពេញ​ចំណុច​ខ្វះខាត​ទាំងអស់​។​”

​អតីត​សិស្ស​វិទ្យាល័យ​វត្ត​កោះ​ដដែល​ទម្លាយ​ថា ពេលខ្លះ​អន់ចិត្ត​នឹង​លោក សួង ភី​រម្យ ដែរ ដោយសារ​ការហ្វឹកហាត់​ខ្លាំងពេក រហូត​ចង់​បោះបង់ ប៉ុន្តែ​ត្រូវ​គ្រូ​ចាំទី​រូបនេះ​ហៅ​ត្រឡប់​ទៅ​ហាត់​វិញ​។ ជាក់ស្ដែង មាន​ថ្ងៃមួយ គេ​ថែមទាំង​បាន​ធ្លាក់ខ្លួន​ឈឺ​ទៀតផង​។​

​យ៉ា​ទី​សង្កត់​បន្ថែម “៖​រឿង​ហាត់​ជាមួយ​គាត់​ចាំ​មិន​ភ្លេច​សោះ គឺ​ហាត់​ខ្លាំង ដូច​ពេល​មាន​ភ្លៀង អ៊ីចឹង គាត់​ដាក់​បាល់​ពីរ​កញ្ច្រែង បី​កញ្ច្រែង ទាត់​ឲ្យ​លោត​ពេញ​បែក​ភក់​ពេញ​ហ្នឹង ដល់​ព្រឹកស្អែក​ឲ្យ​រត់​១៥​ជុំ ២០​ជុំ ដល់​ស្អែក​ឡើង ឈឺ​ព្យួរសេរ៉ូម គ្រុនពោះវៀន​។​”

​ដោយឡែក ស៊ូ យ៉ា​ទី ក៏​មិន​ភ្លេច​ការរួមចំណែក​ជួយ​ជ្រោមជ្រែង​ពី​បុគ្គល​សំខាន់​ផ្សេងៗ​ទៀត​ដែរ គឺ​លោក ប្រាក់ វ​ណ្ណី កាល​លេង​នៅ​ភ្នំពេញ​ក្រោ​ន រដូវ​កាល​២០១៤, លោក ថៃ ស៊ី​នេ​ត ពេល​នៅ​បឹងកេត ពី​ឆ្នាំ​២០១៥ ដល់​ចប់​ជុំទីមួយ​២០១៨ និង​មិត្ត​រួម​ក្រុម​ណ​ហ្គា​វើ​លដ៍ សំរិត សីហា ដែលជា​អ្នកចាំទី និង​រ៉ាប់រង​ធ្វើ​គ្រូ​ចាំទី​ផង​។​

​គួរ​ដឹង​ដែរ​ថា ស៊ូ យ៉ា​ទី បច្ចុប្បន្ន​មាន​ប្រពន្ធ​ដ៏​ស្រស់ស្អាត​ម្នាក់​ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ និង​មានកូន​ប្រុស​ម្នាក់​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ថែម​ទៀតផង​។ គាត់​មាន​ស្នាដៃ​ច្រើន​នៅ​កម្រិត​ក្លិប​និង​បាន​ជាប់​ជម្រើសជាតិ​កម្ពុជា តាំងពី​ឆ្នាំ​២០០៩​ដល់​បច្ចុប្បន្ន​។​

​គួរ​បញ្ជាក់ថា លោក សួង ភី​រម្យ សព្វថ្ងៃ​កំពុង​បង្ហាត់​អ្នកចាំទី​នៅ​ក្រុម​ធំ​វិសាខា​៕​ដោយ ៖ វិឆ្ឆិកា​

 

spot_img
×