Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម​រដ្ឋមន្ត្រី​ទេសចរណ៍ ឧទ្ទេសនាម​ប្រាប់​ក្រុមហ៊ុន​ជប៉ុន​ថា ខេត្តសៀមរាប និង​កំពង់ធំ មាន​សក្ដានុពល​ខ្ពស់ ក្នុងការ​វិនិយោគ​ក​សិ​ទេសចរណ៍ និង​ទេសចរណ៍​ជនបទ​

spot_img

​ភ្នំពេញ ៖ ក្នុង​បទឧទ្ទេសនាម​ជូន​ក្រុមហ៊ុន​ជប៉ុន យ៉ាម៉ា​តុ ហ្គ្រី​ន ខូ​អិ​ល​ធី​ឌី ដែល​ល្បីល្បាញ​ខាង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នោះ ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានលើកឡើង​ពី​សក្ដានុពល​ដ៏​សម្បូរបែប ដែល​អំណោយផល​ដល់​ការវិនិយោគ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ពិសេស​គឺ​វិស័យ​អេកូ​ទេសចរណ៍ ក​សិ​ទេសចរណ៍ ក៏ដូចជា​ទេសចរណ៍​ជនបទ​។ កម្ពុជា គឺជា​មិត្ត​ជិតស្និទ្ធ​របស់​ជប៉ុន និង​ស្វាគមន៍​ជានិច្ច​រាល់​ការវិនិយោគ​របស់​ជប៉ុន ពិសេស​គឺ​វិស័យ​ទេសចរណ៍​នេះ​តែម្ដង ពីព្រោះ​កម្ពុ​ជាមាន​សក្ដានុពល​យ៉ាងច្រើន​សម្បូរបែប ដែល​អំណោយ​សម្រាប់​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍ ពិសេស​គឺ​វិស័យ​អេកូ​ទេសចរណ៍ វិស័យ​ក​សិ​ទេសចរណ៍ ក៏ដូចជា​ទេសចរណ៍​ជនបទ​ជាដើម​។​

​ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​នាឱកាស​ដែល​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន ទទួល​ជួបពិភាក្សា​ជាមួយ​គណៈប្រតិភូ​ជប៉ុន ដែល​ដឹកនាំ​ដោយ​លោក ណា​បិ​ស្ស៉ី​ម៉ា កាត់​ស៊ូ​ហ៉ី​តុ (Nabeshima Katsuhito) អគ្គនាយក​ក្រុមហ៊ុន យ៉ាម៉ា​តុ ហ្គ្រី​ន ខូ​អ៉ិ​ល​ធី​ឌី (Yamato Green Co.,Ltd) នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០​។​

​គោលបំណង​របស់​ក្រុមហ៊ុន យ៉ាម៉ា​តុ ហ្គ្រី​ន ក្នុងជំនួប​ពិភាក្សា​ជាមួយ​ក្រសួងទេសចរណ៍​នេះ គឺ​ដើម្បី​ស្នើសុំ​កិច្ចសហការ​គាំទ្រ​ពី​ក្រសួងទេសចរណ៍ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ខ្សែក្រវាត់​បៃតង (Green Belt) នៅ​ប្រទេស​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ផ្នែក​ទេសចរណ៍ ផ្នែក​សង្គម និង​ផ្នែក​សេដ្ឋកិច្ច​។​

​លោក ណា​បិ​ស្ស៉ី​ម៉ា កាត់​ស៊ូ​ហ៉ី​តុ បាន​លើកឡើងថា តាមរយៈ​គម្រោង​អភិវឌ្ឍ​ខ្សែក្រវាត់​បៃតង ដែល​ពាក់ព័ន្ធ​នឹង​ផ្នែក​ទេសចរណ៍​ខាងលើនេះ ក្រុមហ៊ុន យ៉ាម៉ា​តុ ហ្គ្រី​ន នឹងធ្វើ​ឱ្យ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​ក្លាយទៅជា «​ក​សិ​ទេសចរណ៍​» ហើយ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​អាច​ទទួលទាន​អាហារ ដែលមាន​ស្រាប់​នៅតាម​តំបន់​ទេសចរណ៍​នីមួយៗ ប្រកបដោយ​សុវត្ថិភាព​។ ជាងនេះទៅទៀត ភ្ញៀវទេសចរ​ក៏​អាច​ចូលរួម​ទស្សនា​បច្ចេកទេស​នៃ​ការដាំដុះ និង​ថែទាំ​បាន​ដោយផ្ទាល់​ផងដែរ​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន យ៉ាម៉ា​តុ ហ្គ្រី​ន ក៏​បាននិងកំពុង​ទទួល​បាន​ភាពជោគជ័យ និង​មាន​ភាពល្បីល្បាញ​ណាស់ដែរ នៅក្នុង​ការអភិវឌ្ឍ​វិស័យ​ក​សិ​ទេសចរណ៍ និង​វិស័យ​អេកូ​ទេសចរណ៍ នៅ​ខេត្តបាត់ដំបង និង​ខេត្តមណ្ឌលគិរី​។ ដោយសារ​កត្តា​នេះហើយ ទើប​ជំរុញ​ឱ្យ​ក្រុមហ៊ុន​មាន​គម្រោង​អភិវឌ្ឍន៍​ថ្មី​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ខ្សែ​ក្រវាត់បៃតង​ខាងលើ​នេះឯង​។​

​បន្ទាប់ពី​ការលើកឡើង​នូវ​បទ​បង្ហាញ​របស់លោក ណា​បិ​ស្ស៉ី​ម៉ា កាត់​ស៊ូ​ហ៉ី​តុ ជាច្រើន​រួចមក ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញ​ទឹកមុខ​រីករាយ​ពេញចិត្ត​យ៉ាងខ្លាំង និង​បានបង្ហាញ​នូវ​ការស្វាគមន៍ ការឯកភាព និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​របស់​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​។​

​ឯកឧត្ដម​បណ្ឌិត ថោង ខុន ក៏បាន​ឧទ្ទេសនាម​ជូន​លោក ណា​បិ​ស្ស៉ី​ម៉ា និង​គណៈប្រតិភូ​ជប៉ុន​បន្ថែមទៀតថា កម្ពុជា គឺជា​មិត្ត​ជិតស្និទ្ធ​របស់​ជប៉ុន និង​ស្វាគមន៍​ជានិច្ច​រាល់​ការវិនិយោគ​របស់​ជប៉ុន ពិសេស​គឺ​វិស័យ​ទេសចរណ៍​នេះ​តែម្ដង ពីព្រោះ​កម្ពុ​ជាមាន​សក្ដានុពល​យ៉ាងច្រើន​សម្បូរបែប ដែល​អំណោយ​សម្រាប់​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍ ពិសេស​គឺ​វិស័យ​អេកូ​ទេសចរណ៍ វិស័យ​ក​សិ​ទេសចរណ៍ ក៏ដូចជា​ទេសចរណ៍​ជនបទ​ជាដើម​។​
​ប្រសិនបើ​និយាយ​អំពី​ការអភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍​ទាំង ៣ ប្រភេទ​ខាងលើនេះ ខេត្តសៀមរាប និង​ខេត្តកំពង់ធំ គឺ​ពិតជា​អំណោយផល​ច្រើន​បំផុត​សម្រាប់​ការវិនិយោគ​លើ​វិស័យ​ក​សិ​ទេសចរណ៍ និង​ទេសចរណ៍​ជនបទ ពិសេស​ការកសាង​ខ្សែក្រវាត់​បៃតង ដោយ​លោក ថោង ខុន ចង់ឱ្យ​ក្រុមហ៊ុន​ពិចារណា​លើ​ការវិនិយោគ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​ទាំងនេះ បន្ទាប់ពី​បាន​វិនិយោគ​នៅ​បាត់ដំបង និង​ខេត្ត​មណ្ឌល​គី​រី​។ ម្យ៉ាងទៀត ក្រុមហ៊ុន​គប្បី​កសាង​ឱ្យបាន​គំរូ​មួយ​ក្នុង​ខេត្ត​នីមួយៗ​មុននឹង​ពង្រីក​ទៅ​ខេត្ត​ដទៃ​។​
​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ក្នុង​បរិបទ​កូ​វីដ​-១៩​នេះ វិស័យ​អេកូ​ទេសចរណ៍ ក​សិ​ទេសចរណ៍ និង​ទេសចរណ៍​ជនបទ កំពុង​ត្រូវបាន​សកលលោក​យកចិត្តទុកដាក់ និង​ជំរុញ​លើកទឹកចិត្ត​យ៉ាងខ្លាំង​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន និង​លោក ណា​បិ​ស្ស៉ី​ម៉ា បាន​ឯកភាពគ្នា​ថា​នឹង​រៀបចំ​ឱ្យ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ រវាង​ក្រសួងទេសចរណ៍​ជាមួយ​ក្រុមហ៊ុន យ៉ាម៉ា​តុ ហ្គ្រី​ន ខូ​អ៉ិ​ល​ធី​ឌី និង​រៀបចំ​ឱ្យមាន​ក្រុមការងារ​រួម មួយ​ដើម្បីឱ្យ​កិច្ចសហការ​នេះ​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពរលូន​ជោគជ័យ នាំ​ផលចំណេញ​ដល់​ប្រជាជន​កម្ពុជា​ផង និង​ដល់​ក្រុមហ៊ុន​ដែល​ខំ​ចំណាយ​ទុនវិនិយោគ​ផង​៕
​ដោយ​៖​កូ​ឡាប​

spot_img
×