Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម កែវ រ៉េមី​៖ «​ឲ្យ​តែ​បើកផ្លូវ​ឲ្យ​តេ​ក្វាន់​ដូ ITF កម្ពុជា​ចូល ស៊ី​ហ្គេម យើង​មិន​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង CAMSOC ខកចិត្ត​ឡើយ​»

spot_img

​ភ្នំពេញ​៖ ឯកឧត្តម កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ អាយ​.​ធី​.​អែ​ហ្វ (ITF) កម្ពុជា មានប្រសាសន៍ថា «​ក្នុងការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ឲ្យ​តែ​បើកផ្លូវ​ឲ្យ​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ITF ចូលរួម​ប្រកួត​ក្នុង​ស៊ី​ហ្គេម​នោះ យើង​មិន​ធ្វើ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ជាពិសេស​គឺ​មិន​ធ្វើ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ខកចិត្ត​ជាដាច់ខាត​»​។​

​នេះ​ជាការ​ប្តេជ្ញាចិត្ត​ខ្ពស់​របស់​ឯកឧត្តម​ប្រធាន កែវ រ៉េមី នៅក្នុង​ឱកាស​បើក​វគ្គ​បណ្តុះបណ្តាល​ចៅក្រម និង​អាជ្ញាកណ្តាល​កម្រិត «​ក​» កីឡា​តេ​ក្វាន់​ដូ IFT កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ ដើម្បី​ត្រៀមខ្លួន​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។ ការប្តេជ្ញា​បែបនេះ គឺ​ដោយសារ​ឯកឧត្តម​បានដាក់​ការជឿជាក់​ទៅលើ​ចៅក្រម អាជ្ញាកណ្តាល ក៏ដូចជា​កីឡាករ កីឡាការិនី​តេ​ក្វាន់​ដូ ITF កម្ពុជា ក្នុងការ​សម្រួច​គោលដៅ​ដ៏​ធំចម្បង​របស់ខ្លួន ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង​របស់​កម្ពុជា​។​

​ឯកឧត្តម កែវ រ៉េមី ដែលជា​អនុប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF អន្តរជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF អាស៊ីអាគ្នេយ៍​ផង​នោះ បាន​ក្រើនរំឭក​ជូន​ដល់​សិក្ខាកាម ដែលជា​ចៅក្រម អាជ្ញាកណ្តាល​កីឡា​តេ​ក្វាន់​ដូ ITF ទាំងអស់​គប្បី​ត្រូវ​ផ្តល់​ភាពយុត្តិធម៌ ក្នុងការ​កាត់សេចក្តី ផ្តល់​ពិន្ទុ​សម្រាប់​ការប្រកួត​របស់​កីឡាករ កីឡាការិនី ដោយ​ផ្តល់នូវ​ភាពយុត្តិធម៌ ដែល​ទទួលយកបាន និង​មិន​ប្រកាន់​បក្ខពួក​។ ដើម្បី​ធ្វើ​ឲ្យ​សម្រេចបាន​នូវ​ភាពយុត្តិធម៌​នេះ សហព័ន្ធ​បានធ្វើ​កំណែទម្រង់​ផ្ទៃក្នុង ដោយ​កំពុង​ជំរុញ​ប្រភេទ​កីឡា​ជំនាញ​មួយ​នេះ ឲ្យ​ចូលក្នុង​ភាព​ភ្ញាក់ផ្អើល និង​ទទួលបាន​ការគាំទ្រ រហូតដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ដាក់​ប​ញ្ជូ​ល​តេ​ក្វាន់​ដូ ITF នៅក្នុង​ការប្រកួត​កីឡា​ជាតិ និង​ដាក់​ឲ្យ​ត្រៀមខ្លួន សម្រាប់​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ទៀតផង​។ ដើម្បី​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត គឺ​ត្រូវ ពឹងផ្អែក​ទៅលើ​ការដាក់​ពិន្ទុ​របស់​ចៅក្រម អាជ្ញាកណ្តាល ដើម្បី​ផ្តល់​ភាពយុត្តិធម៌​ជូន​កីឡាករ កីឡាការិនី ដោយ​ឈ្នះ ដោយ​សមត្ថភាព​ពិតប្រាកដ ក្នុងការ​ប្រកួត​នានា​។ «​ប្រសិនបើ​ឈ្នះ​ក្នុង​ភាពលម្អៀង ប្រកាន់​បក្ខពួក តើ​ការ​ឈ្នះ​នោះ មាន​ប្រយោជន៍​អ្វី មានន័យថា ប្រសិនបើ​ឈ្នះ គឺ​ចេញទៅ​ឲ្យ​គេ​ស្ញប់ស្ញែង ដើម្បី​ឲ្យ​គេ​ទទួលស្គាល់ថា ពិតជា​ពូកែ​ប្រកបដោយ​សមត្ថភាព​ពិតប្រាកដ​តែម្តង​។ យើង​ចង់​បានការ​ឈ្នះ​ដោយ​របៀបនេះ​»​។​

​ជាមួយនឹង​ភាពជឿជាក់​នេះ ត្រូវបាន​ឯកឧត្តម​បើកចំហរ​រហូតដល់​ឲ្យ​ស្ត្រី​ម៉ាឡេស៊ី​ម្នាក់ ជា​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​៧​ដាន់​ទទួលខុសត្រូវ​លើ​ចៅក្រម អាជ្ញាកណ្តាល ក្នុងពេល​ទទួល​ធ្វើ ស៊ី​ហ្គេម ឆ្នាំ​២០២៣​នោះ ដោយ​ផ្តល់​ឲ្យ​ជនជាតិ​គេ ធ្វើជា​ប្រធាន​ចៅក្រម អាជ្ញាកណ្តាល ដោយសារតែ​ឯកឧត្តម​ជឿជាក់​លើ​ចៅក្រម អាជ្ញាកណ្តាល និង​កីឡាករ កីឡាការិនី​កម្ពុជា ដែល​ត្រូវតែ​ខិតខំ​ដុះខាត់​សមត្ថភាព​ឲ្យ​កាន់តែ​ខ្លាំងក្លា ដើម្បី​អភិវឌ្ឍ​ខ្លួន​ចូលក្នុង​កម្រិត​តំបន់ ទ្វីប និង​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។​

​សូមបញ្ជាក់ថា សិក្ខាកាម​ដែលជា​ចៅក្រម អាជ្ញាកណ្តាល ក្នុង​វគ្គ​បណ្តុះបណ្តាល​កម្រិត «​ក​» នេះ​មាន​ចំនួន ៣០​នាក់ មកពី​រាជធានី​-​ខេត្ត​ចំនួន​១១ ក្រោម​ការបង្រៀន​ពី​លោក Master ឬ ឆុ​ល​ណាំ ជា​គ្រូ​អន្តរជាតិ​កម្រិត​ខ្សែក្រវ៉ាត់​ខ្មៅ ៨​ដាន់ និង​ជា​ប្រធាន​បច្ចេកទេស​កីឡា​តេ​ក្វាន់​ដូ ប្រចាំ​ទ្វីបអាស៊ី រួមជាមួយ​លោក បួន ហ៊ីង​សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ជា​គ្រូឧទ្ទេស​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×