Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​១៨០​គ្រួសារ​នៅក្នុង​ខេត្តពោធិ៍សាត់ ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ដោយសារ​ទឹកជំនន់​ដែល​បណ្ដាលមកពី​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​

spot_img

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​១៨០​គ្រួសារ​នៅក្នុង​ខេត្តពោធិ៍សាត់ ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ហើយ​ផលដំណាំ​ជាង​៦០០​ហិកតា ត្រូវ​លិចលង់​នៅក្នុង​ទឹកជំនន់​ដែល​បណ្ដាលមកពី​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នៅក្នុង​ខេត្ត​នេះ​។ នៅ​ព្រឹក​ថ្ងៃទី​២២​កញ្ញា​នេះ អភិបាលខេត្ត​ពោធិ៍សាត់ បន្ត​ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ និង​នាំយក​ស្បៀង ចែកជូន​ពលរដ្ឋ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ក្រុង​ពោធិ៍សាត់​។​

​របាយការណ៍​របស់រ​ដ្ឋ​បាល​ខេត្តពោធិ៍សាត់ បង្ហាញថា ផ្ទះសម្បែង​ប្រជាពលរដ្ឋ​១ ៦៣៥​គ្រួសារ​នៅ​ក្រុង​ពោធិ៍សាត់ ស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ និង​ស្រុក​កណ្ដៀង ត្រូវ​ទឹក​ជន់​លិច​បន្ទាប់ពី​ទទួលរង​ទឹកភ្លៀង​ធ្លាក់​២​ថ្ងៃ​ជាប់ៗ​គ្នា ដែល​បង្ក​ឱ្យ​កម្ពស់​ទឹកស្ទឹង​ពោធិ៍សាត់​ហក់​ឡើងដល់​កម្រិត​ប្រកាសអាសន្ន​។​

​បើតាម​របាយការណ៍ ប្រជាពលរដ្ឋ​១៨០​គ្រួសារ ស្ថិតនៅ​ក្នុងស្រុក​ភ្នំក្រវាញ ភាគខាងត្បូង​ក្រុង​ពោធិ៍សាត់ ត្រូវបាន​អាជ្ញាធរ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ខណៈ​ទឹកជំនន់​ហក់​ឡើង​លឿន​នៅ​ស្ទឹង​ពោធិ៍សាត់ បាន​ជន់​លិច​ផលដំណាំ​ប្រជាពលរដ្ឋ​៦០១​ហិកតា​នៅក្នុង​ឃុំ​-​សង្កាត់​ចំនួន​១៩​។​

​ទន្ទឹមគ្នានេះ ទឹកជំនន់​ក៏បាន​បំផ្លាញ​ស្ពាន​ចំនួន​៤​និង​ផ្លូវ​ចំនួន​២០​ខ្សែ នៅក្នុង​ក្រុង​និង​ស្រុក​ចំនួន​៤​របស់​ខេត្ត​នេះ ប៉ុន្តែ​គ្មាន​តួលេខ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​បានកើត​ឡើង​នោះឡើយ​។​

​នា​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០​នេះ អភិបាលខេត្ត​ពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បាននិងកំពុង​ដឹកនាំ​កម្លាំងចម្រុះ ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ និង​នាំយក​ស្បៀង​ចែកជូន​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ខណៈដែល​ពេលនេះ​ទឹក​កំពុង​ដាក់​សម្ពាធ​មកលើ​ក្រុង​ពោធិ៍សាត់ ក៏ប៉ុន្តែ​ស្ថានភាព​ទឹកស្ទឹង​ពោធិ៍សាត់ នៅ​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ បាន​ស្រក​ចុះ​ជា​បន្តបន្ទាប់​ហើយ​។​

​បើតាម​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់ បានបញ្ជាក់​ឱ្យដឹង នា​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា ស្ថានភាព​ទឹកស្ទឹង​ពោធិ៍សាត់ មាន​កម្ពស់ ៥.៤៥​ម៉ែត្រ (​កម្ពស់​ប្រកាសអាសន្ន ៥​ម៉ែត្រ​), ស្ទឹង​ក្រវាញ មាន​កម្ពស់ ៤.៧២ (​កម្ពស់​ប្រកាសអាសន្ន ៦​ម៉ែត្រ​) និង​ស្ទឹង​វាលវែង មាន​កម្ពស់ ១.៧២​ម៉ែត្រ (​កម្ពស់​ប្រកាសអាសន្ន ១០​ម៉ែត្រ​)​។ ចំពោះ​ស្ថានភាព​ទឹកស្ទឹង​ពោធិ៍សាត់ នៅ​ស្ទឹង​ក្រវាញ ចាប់ផ្តើម​ស្រក ១.៤​ម៉ែត្រ ដោយឡែក​ស្ទឹង​ក្រុង​ពោធិ៍សាត់ នៅ​នឹង​ដដែល គឺ​៥.៤៥​ម៉ែត្រ​។ លោក​ប្រធាន​មន្ទីរ​បន្តថា ប្រសិនបើ​ផ្នែក​ខាងលើ នៃ​ស្រុក​វាលវែង និង​ភ្នំក្រវាញ មិនមាន​ភ្លៀង​ធ្លាក់​ទៀត​ទេ កម្ពស់​ទឹកស្ទឹង​ក្នុង​ក្រុង​ពោធិ៍សាត់ នឹង​បន្ត​ស្រក​ចុះ​ជា​បន្តបន្ទាប់​។ បច្ចុប្បន្ន​ជំនន់​ទឹកភ្លៀង បាន​នឹង​កំពុង​ដាក់​សម្ពាធ​មកលើ​ក្រុង​ពោធិ៍សាត់ និង​ផ្នែក​ខ្លះ​នៅ​ស្រុក​ភ្នំក្រវាញ និង​ស្រុក​កណ្តៀង​។​

​សូមបញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ ម្សិលមិញ មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តពោធិ៍សាត់ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ទឹកស្ទឹង​ពោធិ៍សាត់ មាន​កម្ពស់​ទឹក​កើនឡើង​ក្នុង​កម្រិត​ប្រកាសអាសន្ន ក្រោយពី​ទទួល​ឥទ្ធិពល​ព្យុះ​ថ្មី​មួយទៀត ដែលមាន​ឈ្មោះ នូ​ល (NOUL) បង្កឱ្យមាន​ជំនន់​ទឹកភ្លៀង ធ្លាក់​ជា​បន្ត​បន្ទាប់ពី​តំបន់​ជួរ​ភ្នំក្រវាញ ស្ទឹង​អា​រ៉ៃ និង​ស្ទឹងធំ មាន​កម្រិត​ខ្ពស់​មកលើ​ដងស្ទឹង​ពោធិ៍សាត់​។​

​ក្នុង​សេចក្តីជូនដំណឹង​នោះ បានឱ្យដឹង​ទៀតថា ដើម្បី​ត្រៀមលក្ខណៈ​ការពារ​គ្រោះធម្មជាតិ​ទឹកជំនន់​តាម​ដងស្ទឹង ដែល​អាច​កើតមាន​ក្នុង​ខេត្តពោធិ៍សាត់ សូម​អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តពោធិ៍សាត់ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ស្ទឹង​ពោធិ៍សាត់ និង​ស្ទឹង​ពាក់ព័ន្ធ សូម​បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ដោយ​យថាហេតុ និង​ត្រៀម​រក​ទីទួល​សុវត្ថិភាព​សម្រាប់​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×