Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្ដល់​កម្ចី ២៩​លាន​ដុល្លារ ដើម្បី​គាំទ្រ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការផ្តល់​សេវាសាធារណៈ​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​ហិរញ្ញប្បទាន​ជាង ២៩ លាន​ដុល្លារ​អាម៉េរិក ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការផ្តល់សេវា​តាមរយៈ​កំណែទម្រង់ សំខាន់ៗ​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​វិមជ្ឈការ​ជាពិសេស​នៅតាម​តំបន់​ជនបទ​ដែល​ភាគច្រើន​ពលរដ្ឋ​ក្រីក្រ​រស់នៅ​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០២០​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​បានលើកឡើង​ថា សម្រាប់​កម្មវិធី​ទី​២ នៃ​ការអភិវឌ្ឍ​ផ្នែក​សេវា​និង​ការគ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​ដែល​បានធ្វើ​វិមជ្ឈការ​រួមមាន​ប្រាក់កម្ចី​ផ្តោតលើ​គោលនយោបាយ​ចំនួន​២០​លាន​ដុល្លារ ដែល​នឹង​គាំទ្រ​ដល់​វិធីសាស្ត្រ​ដើម្បី​ពង្រឹង​ផែនការ​និង​ការគ្រប់គ្រង​សារពើពន្ធ​នៃ​រដ្ឋបាល​មូលដ្ឋាន​ក៏ដូចជា​រដ្ឋបាល​សាធារណៈ​។ ទន្ទឹមនេះ ក៏​រួមបញ្ចូល​ប្រាក់កម្ចី​អនុវត្តន៍​គម្រោង​ចំនួន ៩,៣៥​លាន​ដុល្លារ ដើម្បី​ជួយ​កសាង​សាលា​រដ្ឋបាល​មូលដ្ឋាន​ជាតិ​ដែលជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សម្រាប់​មន្ត្រី​រាជរដ្ឋាភិបាល​ក្នុង​តំបន់​។ លើសពីនេះ​ទៀត រាជរដ្ឋាភិបាល​កម្ពុជា​នឹង ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​នេះ​ចំនួន ១,៧ លាន​ដុល្លារ​ផងដែរ​។​

​លោកស្រី Jhelum Thomas អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​វិស័យ​សាធារណៈ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​បាន​គូសបញ្ជាក់ថា គម្រោង​នេះ​មាន​គោលបំណង​ជួយ​ដល់ រដ្ឋបាល​មូលដ្ឋាន​នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុងការ​ផ្តល់នូវ​សេវាសាធារណៈ​មូលដ្ឋាន​ប្រកបដោយ​និរន្តរភាព និង​ប្រសិទ្ធភាព​ហើយក៏​នឹង​បង្រួម​គម្លាត​តំបន់​ជនបទនិង​ទីប្រជុំជន ផងដែរ​។ លោកស្រី​បាន​បន្ថែមថា “​គម្រោង​នេះ​ចាំបាច់​ណាស់​ខណៈដែល​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ផ្លាស់​ទី ពី​ទីក្រុង​ទៅ​ជនបទ​។ ប្រការនេះ នឹង​នាំ ដល់​សម្ពាធ​បន្ថែម​ដល់ រដ្ឋបាល​មូលដ្ឋាន​ក្នុងការ​ផ្តល់ជំនួយ​សង្គម និង​សេវាកម្ម​ចំ​បាច់​ដូចជា​ផ្លូវថ្នល់​ការផ្គត់ផ្គង់​ទឹក​និង​អនាម័យ ដើម្បី​គាំទ្រ​ដល់​ការរីកចម្រើន ប្រកបដោយ​បរិ​យា​ប័ន្ន និង​សមធម៌​”​។​

​យោងតាម​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​បានឱ្យដឹងថា ផលិតផល​ក្នុងស្រុក​សរុប​(GDP) របស់​ប្រទេស​កម្ពុជា​បាន​កើនឡើង ៨,០​ភាគរយ ជា​រៀងរាល់ឆ្នាំ​ចាប់ពី​ឆ្នាំ ១៩៩៩ ដល់​ឆ្នាំ ២០១៩ កាត់បន្ថយ​ភាពក្រីក្រ​មក​នៅត្រឹម ១៣,៥​ភាគរយ ក្នុង​ឆ្នាំ ២០១៤ ពី​៤៧,៨​ភាគរយ ក្នុង​ឆ្នាំ ២០០៧​។ ប៉ុន្តែ​ពលរដ្ឋ​កម្ពុ​ជាជាង ៧០​ភាគរយ រស់នៅ​ជាមួយ​ចំណូល​តិចជាង ៣ ដុល្លារ ក្នុង​មួយថ្ងៃ​ហើយ​ការទទួលបាន​សេវា​មូលដ្ឋាន​ក៏​មិនទាន់​ស្មើគ្នា​។ ចំពោះ​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ប្រឈម​ហានិភ័យ​ធ្ងន់ធ្ងរ​ខណៈពេល​ដែលមាន​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ដែល​បាន​នាំឱ្យមាន​ការធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​នៃ​វិស័យ សំខាន់ៗ ក្នុង​សេដ្ឋកិច្ចកម្ពុជា និង​ការលំបាក​នៃ​ជីវភាព​រស់នៅ​។​

​លោកស្រី Jhelum Thomas បាន​អះអាងថា កម្មវិធី​របស់​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី​នេះ​នឹង​បំពេញ បន្ថែម​លើ​កម្មវិធី​ទី​១​នៃ​ការអភិវឌ្ឍ​ផ្នែក​សេវា​និង​ការគ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ បានធ្វើ​វិមជ្ឈការ​ដែល​កំពុង​តែមាន​ដំណើរការ​។ លោកស្រី​បាន​បន្ដថា កម្មវិធី​នេះ វា​នឹង​ជួយ​ពង្រឹង​ការសម្របសម្រួល​ការងា​រ​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ដើម្បី​ទទួលបាន​ការផ្តល់សេវា​កម្ម​ដែល​ឆ្លើយតប​នឹង​តម្រូវការ​ប្រកបដោយ​ការទទួលខុសត្រូវ​ដែល​រួមបញ្ចូល​នូវ​ការពង្រឹង​ផែនការ​ថវិកា​សវនកម្ម​និង​មុខងារ​អ្នកស៊ើប​អង្កេត​ជា​យុទ្ធសាស្ត្រ ។ ជាមួយគ្នានេះ វា​ក៏​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​ចំណូល​និង​ចំណាយ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុង​មូលដ្ឋាន​និង​ដោះស្រាយ​កង្វះខាត​នៃ​ជំនាញ​សម្រាប់​រយៈពេល​វែង​រប​ស់​មន្ត្រីរដ្ឋបាល​មូលដ្ឋាន​។
​លោកស្រី​បាន​បន្ថែមទៀតថា គម្រោង​នេះ នឹង​គាំទ្រ​ដល់​ការសាងសង់ និង​ដំណើរការ​នៃ​សាលា រដ្ឋបាល​មូលដ្ឋាន​ជាតិ​ថ្មី ដែល​នឹង​ផ្តល់នូវ​ការអភិវឌ្ឍ​ជំនាញ​តាម​រចនាសម្ព័ន្ធ​សម្រាប់​មន្ត្រីរដ្ឋបាល​មូលដ្ឋាន​។​

​បើតាម​ធនាគារអភិវឌ្ឍន៍អាស៊ី​បានបញ្ជាក់​ឱ្យដឹងថា រាជរដ្ឋាភិបាល​បានធ្វើ​កំណែទម្រង់​វិមជ្ឈការ​ក្នុង​ឆ្នាំ ២០០១​។ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បន្ត​ប្រឈមមុខ​នឹង​បញ្ហា​នៃ​ភាព​ខ្សោយ​ក្នុង​ការធ្វើផែនការ​ថ្នាក់ក្រោម​ជាតិ​ការ​គ្រប់ គ្រង​ចំណូល​និង​ចំណាយ​មិនសូវមាន​ប្រសិទ្ធភាព និង​ការអភិវឌ្ឍ​ជំនាញ​មន្ត្រី​សាធារណៈ​។ ធនាគារអភិវឌ្ឍន៍អាស៊ី​បានផ្តល់​ការគាំទ្រ​យ៉ាង​ទូលំទូលាយ​ដល់​កំណែទម្រង់​វិមជ្ឈការ​របស់​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ២០០២ ដូចជា​ការគាំទ្រ​ដល់​កំណែទម្រង់​ច្បាប់​គោល នយោបាយ​និង​ស្ថាប័ន​។ នៅក្នុង​ចន្លោះ​ឆ្នាំ ២០០២ និង​ឆ្នាំ ២០១២ ការចូលរួម​របស់​ធ​នាគារ អភិវឌ្ឍន៍អាស៊ី​ផ្តោតលើ​ការពង្រឹង​ក្រុមប្រឹក្សាឃុំ សង្កាត់​និង​ការពង្រីក​សេវាកម្ម​នៅតាម តំបន់​ជនបទ​។ ចាប់តាំងពី​ឆ្នាំ ២០១២ មក ការគាំទ្រ​របស់​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី​បាន ផ្តោតលើ​ការពង្រឹង​ការសម្របសម្រួល​ការងា​រ​របស់​រាជរដ្ឋាភិបាល ក្របខ័ណ្ឌ​ច្បាប់ ស្ថាប័ន និង​ការកំណត់​តួនាទី និង​ភារ កិច្ច​ក្នុង​ការផ្តល់សេវា​។​

​តែ​ទោះបី​យ៉ាងណាក្ដី គម្រោង​ថ្មី​នេះ​គឺ​ស្របទៅនឹង​អាទិភាព​ដែល​បានដាក់​ក្នុង​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ របស់ ADB សម្រាប់​ប្រទេស​កម្ពុជា ២០១៩-២០២៣៕​ដោយ​៖​កូ​ឡាប​

spot_img
×