Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​អប់រំ វាយតម្លៃ​ខ្ពស់​ចំពោះ​គ្រូបង្រៀន​អប់រំ​កាយ និង​កីឡា​ជាង​២០០​នាក់​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ឯកទេស​អប់រំ​កាយ និង​កីឡា ជំនា​ន់ទី​២៧ និង​ជំនា​ន់ទី​២៨ នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​ចំនួន​២៥១​នាក់ ដែល​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ កាលពី​ឆ្នាំ​សិក្សា​២០១៨-២០១៩ និង​ឆ្នាំ​សិក្សា​២០១៩-២០២០ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ហើយ​ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ថ្មីៗ របស់​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ព្រមទាំង​លោកគ្រូ អ្នកគ្រូ ដែល​បាន​ខិតខំ​ឲ្យ​ក្លាយជា​ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​មានប្រសាសន៍ថា លទ្ធផល​នេះ បាន​ដើរ​ស្របគ្នា​ជាមួយនឹង​គោលនយោបាយ​ជាតិ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា និង​កំណែទម្រង់​ស៊ីជម្រៅ​ការងារ​អប់រំ​កាយ និង​កីឡា​។ វិស័យ​កីឡា​ត្រូវបាន​ប្រែក្លាយ​ទៅជា​វិស័យ​ឈានមុខ និង​ទទួល​ការ​សាទរ​ពី​មហាជន ដោយសារ​កំណែទម្រង់​វិស័យ​កីឡា ការសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ និង​បាន​ផ្ទេរ​ថវិកា​គាំទ្រ​ជូន​ដល់​សហព័ន្ធ​កីឡា​ជាតិ​។ កំណែទម្រង់​នៃ​ការប្រកួត និង​ជាការ​សាកល្បង ដើម្បី​វាស់​ស្ទង់​គុណ​ផល​កីឡា​ជាតិ និង​ហ្វឹកហ្វឺន​មន្ត្រី​ជំនាញ​ឲ្យ​មានចំណេះដឹង បទពិសោធន៍​គ្រប់គ្រាន់ ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បន្ថែមទៀតថា ទោះជា​យ៉ាងណា ការអប់រំ​កាយ និង​កីឡា នៅ​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​នៅមានកម្រិត សមត្ថភាព​មន្ត្រី​អប់រំ​កាយ និង​កីឡា កីឡាករ គ្រូបង្វឹក និង​អាជ្ញាកណ្តាល​នៅមានកម្រិត កង្វះ​ធនធាន​សម្រាប់​អនុវត្ត​ផែនការ​គោល ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣​។ នៅពេល​ខាងមុខ ក្រសួង​មាន​ទិសដៅ​បន្ត​លើកកម្ពស់​វិស័យ​កីឡា និង​កិត្យានុភាព​កម្ពុជា​លើ​ឆាក​ជាតិ និង​អន្តរជាតិ ដោយ​ត្រូវ​បន្ត​អនុវត្ត​កំណែទម្រង់​វិស័យ​កីឡា និង​ពង្រឹង​យន្តការ​ដែលមាន​ស្រាប់ ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា ដោយ​ផ្តោត​សំខាន់​លើ​៧​ចំណុច​សំខាន់ៗ រួមមាន​៖ ១-​ការពង្រឹង​សហព័ន្ធ​កីឡា ការបណ្តុះបណ្តាល កីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និង​ពង្រឹង​ការ​គ្រប់​គ្រង់​សហព័ន្ធ​។ ២-​រៀបចំ​ទីលានកីឡា​តាម​ស្តង់ដា ក្នុង​គ្រឹះស្ថានសិក្សា​ដោយ​ចាប់ពី​១​វិទ្យាល័យ ក្នុង​១​រាជធានី​-​ខេត្ត​។ ៣-​ពង្រឹង និង​ពង្រីក​សកម្មភាព​អប់រំ​កាយ ក្នុង​ម៉ោង​សិក្សា និង​ការងារ​កីឡា ក្រៅ​ម៉ោង​សិក្សា​។ ៤-​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​គ្រូ​អប់រំ​កាយ និង​កីឡា​ឲ្យ​ដល់​កម្រិត​បរិញ្ញាបត្រ​។ ៥-​ជំរុញ​មហាជន​ឲ្យ​ហាត់ប្រាណ​ជាប្រចាំ និង​ផ្សារភ្ជាប់ សកម្មភាព​អប់រំ​កាយ និង​កីឡា ទៅនឹង​កិច្ចការ​សង្គម វប្បធម៌ និង​លុបបំបាត់​បាតុភាព​រំលោភ​បំពាន និង​អំពើហិង្សា​គ្រប់​ប្រភេទ និង​ចាក​ផុតពី​ការប្រើប្រាស់​គ្រឿងញៀន​។ ៦-​អភិវឌ្ឍ​សមត្ថភាព​គ្រូបង្វឹក អនុរក្ស និង​កីឡាករ កីឡាការិនី ជម្រើសជាតិ​ថ្នាល និង​ទី​៧ រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជាតិ រៀងរាល់​២​ឆ្នាំ​ម្តង សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ​។​

​ជាមួយគ្នា​នោះ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ វត្តមាន​ចូលរួម​របស់​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូត​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា តំណាង​អង្គការ JICA និង​អង្គការ​បេះដូង​មាស ដែល​បាន​អញ្ជើញ​ចូលរួម​អបអរសាទរ និង​លើកទឹកចិត្ត​ជូន​ដល់​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន ឯកទេស​អប់រំ​កាយ និង​កីឡា ដែលជា​ជ័យលាភី​ទាំងអស់ នាពេលនេះ​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×