Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) បាន​ដំឡើង តួលេខ​នៃ​ការ​ព្យាករ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​រង្វង់ -៤.០% សម្រាប់​ឆ្នាំ ២០២០

spot_img

​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) បាន​ដំឡើង តួលេខ​នៃ​ការ​ព្យាករ​សេដ្ឋកិច្ចកម្ពុជា​សម្រាប់​ឆ្នាំ ២០២០ ដោយ​ផ្អែកលើ​ភាពប្រសើរ​ជាង​មុន នៃ​ផលិតកម្ម វិស័យ​កសិកម្ម និង​ការកើនឡើង នៃ​ការនាំចេញ​ផលិតផល​មិនមែន​សំលៀកបំពាក់ ដូចជា​កង់ និង គ្រឿង​អេ​ឡិច​ត្រូ​និ​ច​។​

​បច្ចុប្បន្នភាព​នៃ ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី (Asian Development Outlook Update)​សម្រាប់ ឆ្នាំ​២០២០ ដែលជា​របាយការណ៍​សេដ្ឋកិច្ច​ពិសេស ប្រចាំឆ្នាំ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករ​ពី​ការធ្លាក់ចុះ នៃ​ផលិតផល​ក្នុងស្រុក​សរុប របស់​កម្ពុជា​ក្នុង​ឆ្នាំ ២០២០ ក្នុង​រង្វង់ -៤.០% បើ​ធៀប​ទៅនឹង -៥.៥% នៃ​ការ​ព្យាករ​កាលពី​ខែមិថុនា​កន្លងទៅ ។​

​លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​មានប្រសាសន៍ថា ជំងឺ​រាតត្បាត​បណ្តា​លពី​វីរុស​កូ​រ៉ូ​ណា ជា​បញ្ហា​ប្រឈម​ពិភពលោក ដែល​មិន​ធ្លាប់មាន​ពីមុនមក ប៉ុន្តែ​ជា​សំណាងល្អ ប្រទេស​កម្ពុជា​មិនបាន​មាន​វិបត្តិ​ផ្នែក​សុខាភិបាល​នោះទេ​។ យើង​រំពឹងថា​កំណើនសេដ្ឋកិច្ច​នឹង​ស្ទុះ​ងើបឡើង​វិញ​ដល់ ៥,៩% នៅក្នុង​ឆ្នាំ ២០២១ ដោយសារ​កម្លាំង​ជំរុញ នៃ​គោលនយោបាយ​គាំទ្រ របស់​រាជរដ្ឋាភិបាល ដើម្បី​ជួយ​ដល់​ជនក្រីក្រ និង​ការគាំទ្រ​ផ្នែក​ហិរញ្ញប្បទាន ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​។
​វិធានការណ៍​ទាំងនេះ រួមជាមួយ​នឹង​ការកែទម្រង់​រចនាសម្ព័ន្ធ ដែល​ចាំបាច់ នឹង​កាត់បន្ថយ​ផលប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល នៃ​កូ​វីដ​១៩ ទៅលើ​គ្រួសារ និង អាជីវកម្ម​នានា ហើយនឹង​ជួយ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​ងើបឡើង​ខ្លាំង​ជាង​មុន​ក្រោម​កូ​វីដ​១៩”​។​

​ការធ្លាក់ចុះ​យ៉ាងខ្លាំង នៃ​ការបញ្ជាទិញ​ពី​អឺរ៉ុប និង​អាមេរិក​ខាងជើង បាន​នាំ​ដល់​ការបិទទ្វារ​នៃ រោងចក្រ​សម្លៀកបំពាក់ ទំនិញ​ធ្វើដំណើរ និង​ស្បែកជើង​(GTF) ប្រហែល ១​ភាគ​៣ ក្នុង​ឆមាស ទី​១ នៃ​ឆ្នាំ ២០២០ ។ ប៉ុន្តែ កំណើន​នៃ​ការផលិត​កង់ និង​គ្រឿង​អេឡិចត្រូនិក បាន​ជំរុញ​ឱ្យ​ការនាំចេញ​ផលិតផល ក្រៅពី​ទំនិញ​កាត់ដេរ​របស់​កម្ពុជា​កើនឡើង ៣០,៣% ឆ្នាំ​លើ​ឆ្នាំ ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០២០​។ កំណើន​សរុប​នៃ​ផលិតផល​ឧស្សាហកម្ម ត្រូវបាន​ព្យាករណ៍​ថា​នឹង​កើន ៥,១% ក្នុង​ឆ្នាំ ២០២០ ប្រសិនបើ​ការនាំចេញ​នៃ​សម្លៀកបំពាក់ ទំនិញ​ធ្វើដំណើរ និង​ស្បែកជើង បន្ត​ងើបឡើង​។​
​កូ​វីដ​១៩ ជះឥទ្ធិពល​យ៉ាងខ្លាំង​លើ​វិស័យ​ទេសចរណ៍ នៅ​កម្ពុជា​។ វា​ត្រូវបាន​រំពឹងថា នឹងមាន​ការបើក ដំណើរការ​ជា​បណ្តើរៗ​ឡើងវិញ នៅ​ឆមាស​ទី ២ នៃ​ឆ្នាំ ២០២០ ប៉ុន្តែ​វិស័យ​សេវាកម្ម​ត្រូវបាន ព្យាករណ៍​ថា​នឹង​ធ្លាក់ចុះ ១៥,១% ក្នុង​ឆ្នាំ ២០២០ ។ ការមកដល់​នៃ​ទេសចរ​អន្តរជាតិ បាន​ធ្លាក់ចុះ ៩៨,១% ឆ្នាំ​លើ​ឆ្នាំ នៅក្នុង​ត្រីមាស​ទី ២ ដែល​បាន​បង្ខំ​ឱ្យ​អាជីវកម្ម​ជាង ៣.០០០ ត្រូវ​បិទទ្វារ ហើយ​កម្មករ​ប្រមាណ ៤៥.០០០ នាក់​បាត់បង់​ការងារ​។​
​ហានិភ័យ​នៅតែមាន ដូចជា​ការបន្ត​ធ្លាក់ចុះ នៃ​ឧស្សាហកម្ម​កាត់ដេរ និង​សំណង់ និង​ការថយចុះ​នៃ​កសិផល ដោយសារ​មាន​ភ្លៀង​ធ្លាក់​តិច ក្នុង​ខែមិថុនា​និង​ខែកក្កដា​។ តម្រូវការ​អ្នកប្រើប្រាស់ ក៏​អាច​បន្ត ធ្លាក់ចុះ​ដោយសារ​ជំងឺ​រាតត្បាត​នេះ​។ ធនាគារអភិវឌ្ឍន៍អាស៊ី កំពុង​គាំទ្រ​ដល់​ការឆ្លើយតប របស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅនឹង​ជំងឺ​រាតត្បាត​នេះ និង​បានផ្តល់​ហិរញ្ញប្បទាន​សម្បទាន​ចំនួន ២៥០ លាន​ដុល្លារ ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល ពង្រីក​ការ​គាំពារ​សង្គម និង​គាំទ្រ​ដល់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។​

​ក្រោម​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ ប្រចាំ​ប្រទេស​សម្រាប់​ឆ្នាំ ២០១៩-២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី​នឹង​ផ្តល់​ជា​ប្រាក់កម្ចី ជំនួយឥតសំណង និង​ជំនួយ​បច្ចេកទេស​ចំនួន ១,៤៥ ពាន់​លាន​ដុល្លារ ដល់​ប្រទេស​កម្ពុជា ដើម្បី​គាំទ្រ​ការគ្រប់គ្រង​វិស័យ​កសិកម្ម​និង​ធនធានធម្មជាតិ ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព រស់នៅ​ទីក្រុង​និង​ជនបទ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​កកើត​ឡើងវិញ ព្រមទាំង​លើកកម្ពស់​ការអប់រំ និង​ការអភិវឌ្ឍ​ជំនាញ​។ គំនិត​ផ្តួចផ្តើម​ទាំងនេះ មាន​គោលបំណង​ពង្រីក​វិសាលភាព​នៃ​ការទទួលបាន​សេវាសាធារណៈ ក្នុងចំណោម​ប្រជាពលរដ្ឋ​កម្ពុជា និង​លើកកម្ពស់​គុណភាព​សេវាកម្ម ក៏ដូចជា​ការធ្វើឱ្យ ប្រសើរឡើង​នូវ​បរិយាកាស​ធុរកិច្ច និង​ការវិនិយោគ​ក្នុងប្រទេស​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញា​ថា​នឹង​សម្រេច​ឱ្យបាន​នូវ​វិបុលភាព បរិ​យា​ប័ន្ន ភាព​ធន់​និង​និរន្តរភាព ក្នុង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ស្រប​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង ដើម្បី​លុបបំបាត់​ភាពក្រីក្រ​ខ្លាំង​។ បង្កើតឡើង​នៅ​ឆ្នាំ ១៩៦៦ ធនាគារ​នេះ​គ្រប់គ្រង​ដោយ​សមាជិក​ចំនួន ៦៨ ប្រទេស ដែល​ក្នុងនោះ​មាន ៤៩ ប្រទេស មកពី​តំបន់​ខាងលើនេះ​៕
ដោយ​៖CEN


spot_img
×