Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​លើកដំបូង នៃ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​៣៨​ខ្សែ​ប្រវែង​សរុប ១០០​គីឡូម៉ែត្រ នៅ​ទីក្រុង​សៀមរាប​

spot_img

​សៀមរាប​៖ កិច្ចប្រជុំ​លើកដំបូង នៃ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​៣៨​ខ្សែ នៅ​ទីក្រុង​សៀមរាប បាន​ប្រព្រឹត្ត​ទៅលើ​ទឹកដី​អង្គរ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ មាន​សមាសភាព​ចូលរួម​សរុប ១១១​នាក់​។​

​នៅ​ថ្ងៃ​ពុធ ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​និង​៣០​នាទី នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា​និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប បានរៀបចំ​កិច្ចប្រជុំ​ដំបូង​របស់ខ្លួន​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង និង​មានការ​អញ្ជើញ​ចូលរួម​របស់​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​អន្តរក្រសួង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​សមាជិក​គណៈកម្មការ​អន្តរក្រសួង ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​សមាជិក​គណៈកម្មការ​អន្តរក្រសួង ឯកឧត្តម អ៊ឹង ហឿង ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​ឯកឧត្តម​ជា​សមាជិក​គណៈកម្មការ​អន្តរក្រសួង ព្រមទាំង​ថ្នាក់ដឹកនាំ​និង​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួងការពារជាតិ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ព្រមទាំង​មន្ត្រី​តំណាង​អង្គភាព​ពាក់ព័ន្ធ​នៃ​រដ្ឋបាល​ខេត្តសៀមរាប សរុប ១១១​នាក់​។​

​កិច្ច​ប្រជុំបាន​សម្តែង​នូវ​កតញ្ញុតាធម៌​ដ៏​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានសម្រេច​ផ្តល់​ថវិកា​សម្រាប់​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ក្នុង​បំណង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង បង្កើត​ការងារ​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ សម្រួល​ចរាចរណ៍ បង្កើន​សោភ័ណភាព ជំរុញ​កំណើន​ភ្ញៀវទេសចរ និង​កំណើន​សេដ្ឋកិច្ចជាតិ​។​

​ក្រោយពី​ស្តាប់​របាយការណ៍​ស្តីពី​ផែនការមេ​នៃ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប របស់​ក្រុមការងារ​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​បទ​បង្ហាញ​ស្តីពី​នគរូបនីយកម្ម និង​ស្ថាបត្យកម្ម​ផ្លូវ​ក្រុង របស់​ក្រុមការងារ​បច្ចេកទេស​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កិច្ច​ប្រជុំបាន​ពិភាក្សា​និង​សម្រេច​ជ្រើសរើស​ខ្សែ​ផ្លូវ​សរុប​ចំនួន​៣៨​ខ្សែ ប្រវែង​សរុប ១០០​គីឡូម៉ែត្រ ដោយ​អនុលោម​តាម​ផែនការមេ និង​តាម​ប្លង់គោល​ប្រើប្រាស់​ដី​ក្រុង​សៀមរាប​ចក្ខុវិស័យ​ឆ្នាំ​២០៣៥ ដែល​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ដោយ​សេចក្តីសម្រេច​លេខ​០០៤ សសរ ចុះ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​រៀបចំ​ដែនដី​និង​នគរូបនីយកម្ម​ថ្នាក់ជាតិ និង​ផែនការមេ​នៃ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ក្នុង​គោលដៅ​លើកកម្ពស់​ការបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​និង​អ្នកទេសចរ​នៅក្នុង​ក្រុង​សៀមរាប និង​ធ្វើឱ្យ​ក្រុង​សៀមរាប​ក្លាយទៅជា​ទីក្រុង​ទេសចរណ៍​កម្រិត​ពិភពលោក ខ្សែ​ផ្លូវ​ដែល​ត្រូវធ្វើ​ការស្ថាបនា​និង​កែលម្អ​ឡើងវិញ​ទាំងអស់ នឹងត្រូវ​ធ្វើឱ្យ​ក្លាយទៅជា​ផ្លូវ​ដែលមាន​មេត្រីភាព​ជាមួយ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ទេសចរណ៍ និង​ស្របតាម​រូបសាស្ត្រ​ទីក្រុង និង​ត្រូវមាន​ការគិតគូរ​ជា​ប្រព័ន្ធ​និង​លើ​គ្រប់​ទិដ្ឋភាព មាន​ជាអាទិ៍ ប្រព័ន្ធ​លូទឹកកខ្វក់ លូទឹក​ភ្លៀង ចិញ្ចើមផ្លូវ ផ្លូវ​ថ្មើរជើង ផ្លូវ​សម្រាប់​ជន​មាន​ពិការភាព ផ្លូវ​ជិះ​កង់ ចំណតរថយន្ត ប្រព័ន្ធ​បំភ្លឺ​ផ្លូវ​សាធារណៈ ផ្លាកសញ្ញា​និង​គំនូស​ចរាចរណ៍ ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព អាង​ចម្រោះ​ទឹក​កខ្វក់ និង​ការធ្វើ​សួន​និង​ដាំ​ដើមឈើ ។​

​គណៈកម្មការ​អន្តរក្រសួង អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប​ទាំងអស់ ចូលរួម​សហការ​ប្រកប​ដោយ​ការយោគយល់​ជាមួយ​គណៈកម្មការ​អន្តរក្រសួង ក្រុមការងារ​បច្ចេកទេស និង​អង្គភាព​និង​ក្រុមហ៊ុន​សាងសង់ ដើម្បីឱ្យ​ការសិក្សា​និង​ការអនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ប្រព្រឹត្តទៅបាន​ដោយ​រលូន​និង​ទទួលបាន​ផ្លែផ្កា​តាម​ការរំពឹងទុក​៕ ដោយ​៖​កូ​ឡាប​


spot_img
×