Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​មាន​លទ្ធភាព​ផលិត​ស៊ីម៉ងត៍​បាន​ប្រមាណ ៧​លាន​តោន​ក្នុង​មួយ​ឆ្នាំ​

spot_img

​ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បច្ចុប្បន្ន​កម្ពុជា​មាន​លទ្ធភាព​ផលិត​ស៊ីម៉ង់ត៍​បាន​ប្រមាណ ៧​លាន​តោន​ក្នុង​មួយ​ឆ្នាំ ជាមួយ​រោងចក្រ​ចំនួន​៤ ដែល​បាន​ដើរ​តួនាទី​សំខាន់​សម្រាប់​បំពេញ​តម្រូវការ​លើ​វិស័យ​សំណង់ និង​ផ្លូវ​មួយចំនួន​ផង​ដែរ​។​

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​រោងចក្រ​ផលិត​ស៊ីម៉ង់​ត៍របស់​ក្រុមហ៊ុន ជីប​ម៉ុង អ៊ី​ន​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន (Chip Mong Insee-CMIC) ដែល​មាន​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣១ ក្នុង​ភូមិ​ព្រៃ​តា​ព្រិត ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត ចម្ងាយ​ប្រមាណ ១២៥​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា ដែល​បាន បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ផ្ទាល់ខ្លួន​នៅ​ទីនេះ ហើយ​ការបង្កើត​រោងចក្រ​នេះ គឺជា​ការបង្កើត​ឧស្សាហកម្ម​ធុន​ធ្ងន់​មួយ​របស់​ប្រទេស​កម្ពុជា ក្នុង​ការចូលរួម​ចំណែក​នៃ​វិស័យ​សំណង់ ជាពិសេស​ការសាងសង់​សំណង់​អាគារ​ផ្សេងៗ​ដែល​ជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​គ្រប់​វិស័យ​នានា ។ ស៊ីម៉ងត៍ គឺជា​តម្រូវការ​ដ៏​ចាំបាច់​នៅលើ​ពិភពលោក ពីព្រោះ​បច្ចុប្បន្ន​នេះ គ្រប់​សំណង់​ទាំងអស់​សុទ្ធតែ​ត្រូវ ការប្រើប្រាស់​ស៊ីម៉ងត៍ ដូចជា​អគារ​បុរី​លំនៅដ្ឋាន សាលារៀន វត្ត​អារាម និង​ផ្លូវ​បេតុង​ជាដើម​។ រោងចក្រ​ផលិត​ស៊ីម៉ងត៍​ដ៏​ធំ​មួយ​នេះ​គឺ​បាន​វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ ២៦២​លាន​ដុល្លារ​អាមេរិក ដែល​ជា​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន ជីប​ម៉ុង​គ្រុប របស់​កម្ពុជា​ចំនួន​ទឹកប្រាក់​៦០% និង​ក្រុមហ៊ុនស្យ៉ា​ម​ស៊ីធី​ស៊ីមេន​របស់​ប្រទេស​ថៃ​ចំនួន​ទឹកប្រាក់​៤០% ដែល​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន ៥.០០០​តោន​ក្នុង​មួយថ្ងៃ ឬ ១,៧​លាន​តោន​ក្នុង​មួយ​ឆ្នាំ ។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា ខេត្ត​កំពត គឺជា​ខេត្ត ដែល​បាន​បញ្ចប់​សង្គ្រាម​ក្នុង​ឆ្នាំ​១៩៩៦ តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ហើយ​ពេលនេះ​ខេត្ត​កំពត​បាន​ប្រែ​ក្លាយទៅជា​ខេត្ត​ដែល​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​ស្ទើរលើ​គ្រប់​វិស័យ ជាពិសេស​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ទេសចរណ៍ ព្រោះ​ជា​ខេត្ត​ជាប់​តំបន់​សមុទ្រ ។ កំពត​ក៏​ជា​ខេត្ត​ដែល​មាន​ផលិត​អំបិល​ផ្ទាល់ខ្លួន និង​ចែកចាយ​អំបិល​ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទៀតផង​។​

​តាមរយៈ​ការបង្កើត​រោងចក្រ​នេះ​ក៏​ជា​ការផ្តល់​ការងារ​មួយចំនួន​ដល់​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង​៤០០​នាក់ ផងដែរ ជា​ពិសេស​អ្នក​ដែល​នៅ​ខេត្ត​កំពត​នេះ​តែម្តង​។ កម្ពុជា​ក៏​ត្រូវ​ការផលិត​ស៊ីម៉ងត៍ ដើម្បី​ធ្វើ​ការនាំចេញ​ផងដែរ ដូច​ច្នេះ​កម្ពុជា​ត្រូវ​បង្កើន​សមត្ថភាព​បន្ថែមទៀត​ក្នុង​វិស័យ​ឧស្សាហកម្ម​មួយ​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ទូទាំ​ង​ខេត្ត​កំពត ដែល​កន្លងមក​តែងតែ​ជឿជាក់​គាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​សម្តេច​តេជោ សូមអោយ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​គាំទ្រ​ជា​បន្ត​ទៀត​។ សម្តេច​តេជោ សន្យាថា​នឹង​នៅ​រួម​ដំណើរ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការដឹកនាំ​ប្រទេស​មិនតិច​ជាង​១០​ឆ្នាំ​ទៅ​មុខ​ទៀត​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ប្រឆាំង​ចំពោះ​នយោបាយ​គាំពារ​និយម​របស់​ប្រទេស​មួយចំនួន​លើ​វិស័យ​ពាណិជ្ជកម្ម ហើយ​ការប្រកាន់​នយោបាយ​គាំពារ​និយម នឹង​ធ្វើឲ្យ​ប្រទេស​នោះ​ក្លាយទៅជា​ឯកោ​។ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បាន​គូសបញ្ជាក់ថា តម្រូវការ​ស៊ីម៉ងត៍​នាពេល​បច្ចុប្បន្ន គឺ​កាន់តែ​ខ្ពស់ ព្រោះតែ​ការសាងសង់​កំពុង​តែ​កើនឡើង​ខ្ពស់​។​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ខេត្ត​កំពត​មាន​ធនធាន​ពី​ធម្មជាតិ​ច្រើន​សម្រាប់​ផលិត​ចេញ​នូវ​ផលិតផល​នានា ដូច​ជា​ការ​ការផលិត​អំបិល និង​មាន​ថ្ម មាន​ដី​សម្រាប់​ផលិត ស៊ីម៉ងត៍​ជាដើម​។ សម្តេច​តេជោក៏បាន​មើល​ឃើញថា សេដ្ឋកិច្ច​ក្នុង​ខេត្ត​កំពត​មាន​ការរីកចម្រើន​ច្រើន តែ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ដែល​ទាមទារ​ឲ្យមាន​ការប្រឹងប្រែង​រួម​គ្នា​បន្ថែមទៀត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×