Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ពោធិ៍សាត់ ណែ​នាំឱ្យ​អាជ្ញាធរ​ក្រុង និង​ក្រុមហ៊ុន​សាងសង់​ផ្លូវ​វាង​ក្រុង ត្រូវ​ចុះ​ពិនិត្យ និង​ដោះស្រាយ​បើកមុខ​ទឹកជា​បន្ទាន់ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង ចេញពី​ក្រុង​ពោធិ៍សាត់​

spot_img

​ពោធិ៍សាត់​៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នា​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ក្រុង​ពោធិ៍សាត់ និង​ក្រុមហ៊ុន​សាងសង់​ផ្លូវ​វាង​ក្រុង ត្រូវ​ចុះ​ពិនិត្យ​ជាក់ស្តែង នៅ​ទីតាំង​ដែល​ត្រូវ​បើកមុខ​ទឹក ធ្វើយ៉ាងណា​ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង ដែល​កំពុង​ជន​លិច ឱ្យបាន​ឆាប់រហ័ស​។ ជាមួយគ្នា​នោះ​ត្រូវ​រាយការណ៍​បន្ទាន់ នូវ​ស្ថានភាព​ជាក់ស្តែង​មក​រដ្ឋបាលខេត្ត ដើម្បី​ពិនិត្យ​ឆ្លើយតប និង​ដោះស្រាយបាន​ទាន់ពេលវេលា​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជា​បែបនេះ នៅ​វេទិកា​សាលាខេត្ត​ពោធិ៍សាត់ ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ជំនន់​ទឹកភ្លៀង ដែល​កំពុង​ជន​លិច នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ពោធិ៍សាត់ ដោយបាន​ការចូលរួម​ពី អភិបាលរង​ខេត្ត មន្ទីរជំនាញ​ពាក់ព័ន្ធ ក្រុមហ៊ុន​សាងសង់​ផ្លូវ​វាង​ក្រុង និង​ក្រុមហ៊ុន​សាងសង់​អាង​ប្រ​ពឹ​ត្តិ​កម្ម​ទឹក រួមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ផ្សេងទៀត​។​

​ឯកឧត្តម ម៉ៅ ធនិន បាន​ថ្លែងថា បន្ទាប់ពី​ទទួលរង​ឥទ្ធិពល​ព្យុះភ្លៀង​ជា​បន្តបន្ទាប់ រយៈពេល​២​ថ្ងៃ​ជាប់ៗ​គ្នា ធ្វើឱ្យ​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់​ជួប​នូវ​បញ្ហា​ទឹកជំនន់ និង​ជំនន់​ទឹកភ្លៀង​នៅតាម​ដងស្ទឹង​ពោធិ៍សាត់ ដែល​ហូរ​កាត់​ក្រុង​-​ស្រុក​ចំនួន ៤ (​ក្នុងនោះ​មាន ១៨ ឃុំ​-​សង្កាត់​) បណ្តាលឱ្យ​ប៉ះពាល់​ដល់​លំនៅដ្ឋាន ដំណាំ​ស្រូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​។ ឯកឧត្តម​បាន​បន្តថា អ្វី​ដែលជា​ចំណុច​សំខាន់​នៅ​ចំពោះមុខ​នេះ គឺ​យើង​ត្រូវធ្វើ​យ៉ាងណា រំដោះ​ទឹក​ដែល​កំពុង​ជន់​លិច នៅក្នុង​ពោះ​ស្ទឹង និង​ទឹក​ដែល​បាន​បែក​សាច​ទៅតាម​វាលទំនាប នៃ​សង្កាត់​នីមួយៗ ក្នុង​ក្រុង​ពោធិ៍សាត់​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់ថា ផ្លូវ​វាង​ក្រុង​ដែលមាន​ប្រវែង​១១​គីឡូម៉ែត្រ ទទឹង​៦០​ម៉ែត្រ និង​មាន​ស្ពាន​អាកាស​ឆ្លងកាត់​ស្ទឹង​ពោធិ៍សាត់ គឺជា​ផ្លូវ​សេដ្ឋកិច្ច​ថ្មី​មួយ ដែល​សម្រួល​ដល់​ការដឹកជញ្ជូន និង​ធ្វើដំណើរ ជៀសវាង​កកស្ទះ​ពេល​ចូល​ទីប្រជុំជន​ក្រុង​។ ឯកឧត្តម បានបញ្ជាក់​បន្ថែមថា ដើម្បី​ជា​សោ​ភណ្ឌ​ភាព និង​ដើម្បី​លើកមុខ​មាត់​របស់​ខេត្ត​យើង រដ្ឋបាលខេត្ត​តម្រូវឱ្យ​ទុក​សង្ខាង​ផ្លូវ​១០​ម៉ែត្រ និង​ទ្រូងផ្លូវ​២​ម៉ែត្រ ដើម្បី​ដាំ​ផ្កា ឬ​រុក្ខជាតិ​ណា ដែល​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ខេត្តពោធិ៍សាត់​។ ឯកឧត្តម ម៉ៅ ធនិន បាន​លើកឡើងថា យើង​បាន​ដោះស្រាយ​ផលប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​រួចរាល់​អស់ហើយ ក៏ប៉ុន្តែ​នៅសល់​២​គ្រួសារ​ទៀត ដែល​រឹងទទឹង​មិន​ព្រម​ទទួល​សំណង ដូច្នេះ​សូមឱ្យ​អាជ្ញាធរ​ក្រុង​ចាត់វិធានការ​ផ្លូវច្បាប់ ដើម្បី​កុំឱ្យ​កកស្ទះ​ដល់​ការអនុវត្តន៍​គម្រោង​ខាងលើនេះ​។

​ជាមួយគ្នា​នោះ ឯកឧត្តម​ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុន​ស៊ី​ល​ស៊ុ​ង​ស៊ីន​កូ​វ័ន ដែលជា​ក្រុមហ៊ុន​សាង់សង់​ផ្លូវ​វាង​ក្រុង ត្រូវ​ព​ន្លឿ​ន​ការស្ថាបនា​ស្ពាន​អាកាស​ឱ្យបាន​ឆាប់​រួចរាល់ ក្រោយពី​ជំនន់​ទឹកភ្លៀង​បាន​ធូរស្បើយ និង​ត្រូវ​ធ្វើយ៉ាងណា​ដោះស្រាយ​ការបើក​មុខទឹក ដើម្បី​រំដោះ ទឹក ដែល​កំពុង​ជន​លិច​ក្រុង​ពោធិ៍សាត់ ឱ្យបាន​ឆាប់រហ័ស​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម ម៉ៅ ធនិន ក៏បាន​ប្រគល់​លិខិត​ថ្លែងអំណរគុណ ជូន​ដល់​សប្បុរសជន ដែល​បាន​ជួយឧបត្ថម្ភ​អង្ករ សម្ភារ និង​ថវិកា ជូន​ដល់​រដ្ឋបាលខេត្ត សម្រាប់​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​នៅ​ចំពោះមុខ ក្នុង​កាលៈទេសៈ​ខេត្តពោធិ៍សាត់​កំពុង​ជួប​នូវ​បញ្ហា​ជំនន់​ទឹកភ្លៀង​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ​ស្ថានភាព​ទឹកស្ទឹង​ក្រុង​ពោធិ៍សាត់ បានចាប់ផ្តើម​ស្រក​ចុះបណ្តើរៗ​ហើយ នេះ​ដោយសារតែ​ការដាក់​សម្ពាធ​នៅ​ផ្នែក​ខាងលើ នៃ​ស្ទឹង​ពោធិ៍សាត់ គឺ​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ បាន​ស្រុតចុះ និង​ពុំមាន​ភ្លៀង​ធ្លាក់​កម្រិត​មធ្យម​នោះទេ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី ក្រសួង​ធនធានទឹក និង​ឧតុនិយម នាពេល​ថ្មីៗ​នេះ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ទី​ទំនាប ក្បែរ​តំបន់ភ្នំ និង​ជាប់​ផ្លូវទឹក ត្រូវ​បង្កើន​ការ​ប្រុង​ប្រ​យ័​ត្ត​ខ្ពស់ ចំពោះ​ជំនន់​ទឹកភ្លៀង ដែល​អាច​កើតមាន ចាប់ពី​ថ្ងៃទី​២៤-២៧ ខែកញ្ញា ឆ្នាំ​២០២០ ដោយសារតែ​ប្រព័ន្ធ​សម្ពាធ​ទាប បាន​រំកិល​អូស បន្លាយ​ឆ្លងកាត់​លើ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត ពី​បង្គួរ​ទៅ​ច្រើន​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×