Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​រស់​តាម​ដង​ទន្លេបាសាក់ ក្នុង​សង្កាត់​សិត្បូ សម្តែង​កង្វល់​ពី​ការ​បូម​ខ្សាច់​លើស​ម៉ោង​កំណត់ បូម​ខុស​ទីតាំង​ដែល​បានកំណត់ និង​ការដឹកជញ្ជូន​ខ្សាច់​ខុស​បទដ្ឋាន​បច្ចេកទេស បង្ក​ការរំខាន​

spot_img

​ខេត្តកណ្តាល​៖ អាជ្ញាធរ​ខេត្តកណ្ដាល​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់​តាម​ដង​ទន្លេបាសាក់ ក្នុង​សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្ដាល សូម​រាយការណ៍​មក​អាជ្ញាធរខេត្ត និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ពី​ការ​បូម​ខ្សាច់ លើស​ម៉ោង​កំណត់ បូម​ខុស​ទីតាំង​ដែល​បានកំណត់ និង​ការដឹកជញ្ជូន​ខ្សាច់​ខុស​បទដ្ឋាន​បច្ចេកទេស ដើម្បីឱ្យ​អាជ្ញាធរខេត្ត និង​មន្ទីរជំនាញ​ចាត់វិធានការ​លើ​ក្រុមហ៊ុន​បាន​ទាន់ពេលវេលា​។​

នេះ​ជាការ​អំពាវនាវ​របស់​ឯកឧត្ដម នៃ ចារី អភិបាលរង​ខេត្តកណ្ដាល ក្នុងឱកាស​ឯកឧត្ដម អញ្ជើញ​ចូលរួម​ក្នុង​វេទិកាសាធារណៈ ដើម្បី​ពិគ្រោះ​យោបល់ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​ដល់​ការ​បូម​ខ្សាច់​សម្រួល​ចរន្តទឹក និង​នាវាចរ ស្ថិតនៅតាម​ដង​ទន្លេបាសាក់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​

ឯកឧត្ដម​បន្តថា ការ​បូម​ស្ដារ​ទន្លេ​នៅពេលនេះ មាន​គោលបំណង ដើម្បី​សម្រួល​ចរន្តទឹក​ហូរ និង​ធានា​ការធ្វើ​ចរាចរ​ទៅមក​បាន​រលូន ទាំង​រដូវប្រាំង និង​រដូវវស្សា និង​អាច​ជៀសវាង​បាន​នូវ​ហានិភ័យ​ដែល​ប៉ះពាល់​ដល់​ការបាក់​ច្រាំងទន្លេ​ផងដែរ ហើយ​វេទិកា​ផ្សព្វផ្សាយ​នៅពេលនេះ គឺ​ឱ្យ​ប្រជាពលរដ្ឋ បាន​យល់ច្បាស់​ពី​ទីតាំង​ដែល​ត្រូវ​បូម​ស្ដារ និង​ពេល​វេ​ល​។ ដោយ​ការ​បូម​ស្ដារ គឺ​បូម​ចាប់ពី​ម៉ោង ៦​ព្រឹក ទៅដល់​ម៉ោង​៦​ល្ងាច គឺ​មិន​អនុញ្ញាតឱ្យ​ធ្វើការ​បូម​លើស​ម៉ោង​ដែល​បានកំណត់​ឡើយ ហើយ​ការ​បូម​មិន​អនុញ្ញាតឱ្យ​បូម​នៅ​ថេរ​មួយកន្លែង​លើសពី​៧​ថ្ងៃ​ឡើយ​។ ក្នុងករណី​មានការ​បូម​ខុសច្បាប់ ឯកឧត្ដម​អភិបាលរង​ខេត្ត បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​រាយការណ៍​ភ្លាមៗ​មក​អាជ្ញាធរខេត្ត និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ដើម្បី​មាន​វិធានការ​បាន​ទាន់ពេលវេលា ហើយ​រាល់​ការប្ដឹង​របស់​បងប្អូន​ប្រជាពលរដ្ឋ គឺ​ត្រូវបាន​រក្សា​ការសំងាត់​។​

​ឯកឧត្ដម​អភិបាលរង​ខេត្ត ក៏បាន​សំ​ណូ​ពរ​ដល់​ក្រុមហ៊ុន និង​ម្ចាស់​ដេប៉ូ​ដឹក​ខ្សាច់​ទាំងអស់ ត្រូវគោរព​អោយបាន​នូវ​លក្ខណៈ​បច្ចេកទេស ត្រូវ​បោះ​ពោង​សម្គាល់​ទីតាំង​ឱ្យបាន​ត្រឹមត្រូវ សា​ឡង់​បូម​ខ្សាច់​ត្រូវមាន​ផ្លាកលេខ​សម្គាល់ និង​មាន​ស្លាក​សញ្ញា​LOGO របស់​ក្រុមហ៊ុន ហើយ​រាល់​ការដឹកជញ្ជូន​ខ្សាច់​តាម​រថយន្ត ត្រូវ​គ្រប​ឱ្យបាន​ជិត​ជាប់​គត់មត់ និង​ត្រឹមត្រូវ​ស្របតាម​សារាច​លេខ ០៣១០ ចុះ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ របស់​ក្រសួង​រ៉ែ និង​ថាមពល ស្ដីពី​វិធានការ​ដឹកជញ្ជូន​រ៉ែ​សំណង់​គ្រប់​ប្រភេទ​។​

ក្នុង​វេទិកា​នេះដែរ មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត បាន​ជម្រាបជូន​ប្រជាពលរដ្ឋ​ជ្រាប​កាន់តែច្បាស់​អំពី​ការធ្វើ​អាជីវកម្ម​ខ្សាច់​សំណង់ និង​ដីល្បាយខ្សាច់ ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម និង​កង្វល់​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន និង​បាន​ទទួលយក​សំណូមពរ​ពី​ផលប៉ះពាល់​មួយចំនួន​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នានេះ​ផងដែរ បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អាជ្ញាធរ​ក្នុង​សង្កាត់​សិត្បូ ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ​។​

​បន្ទាប់ពី​បញ្ចប់​វេទិកា​នេះ ឯកឧត្ដម នៃ ចារី អភិបាលរង​ខេត្តកណ្ដាល ក៏បាន​ចុះទៅពិនិត្យ​ដល់ទី​តាំង​ផ្ទាល់ ដែល​បងប្អូន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​សង្កាត់ បានលើកឡើង​ពី​បញ្ហា​ប្រឈម ដូចជា​កា​រត​ទុយោ​ខ្សាច់ តាម​ព្រែក ធ្វើឱ្យ​មានការ​គោក​រាក់​ព្រែក មិនមាន​ចរន្តទឹក​ឆ្លងកាត់ និង​ការដាក់​បូម​ខ្សាច់​ហួស​ម៉ោង​កំណត់ របស់​ដេប៉ូ​មួយកន្លែង​ផងដែរ​។ ក្នុងនោះ​ឯកឧត្តម ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ​ក្រុង​ត្រូវធ្វើ​ការអញ្ជើញ​ក្រុមហ៊ុន ដើម្បី​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​បូ​ង​ហួស​ម៉ោង​កំណត់ និង​ត្រូវធ្វើ​ការស្ដារ​ព្រែក​ឱ្យមាន​ចរន្តទឹក​ដូចដើម​វិញ​ផងដែរ​៕ ដោយ​៖​កូ​ឡាប​


spot_img
×