Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​រដ្ឋាភិបាល អបអរសាទរ​ខួប ២៧​ឆ្នាំ នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា នៅ​ថ្ងៃទី​២៤​កញ្ញា ២០២០​នេះ គឺជា​ខួប​ទី ២៧​ឆ្នាំ ដែល​កម្ពុជា​បានប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ឡើងវិញ​នូវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​តេ​ជោ បាន​សម្តែង​ការអបអរសាទរ​ការ​ប្រកាស​ឱ្យប្រើ​ប្រាស់​ឡើងវិញ​នូវ​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​របស់​កម្ពុជា​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ផ្តើមចេញពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តីពី​ដំណោះស្រាយ​រួម​បញ្ចប់​នូវ​វិបត្តិ​កម្ពុជា ដែល​ប្រព្រឹត្តទៅ​នៅ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ គឺ​កម្ពុជា​បាន​ផ្លាស់ប្តូរ​ចូលទៅក្នុង​របត់​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ដោយមាន​ការឯកភាព​ផ្ទៃក្នុង​ការដោះស្រាយ​បញ្ហានយោបាយ​។ កម្ពុជា​បាន​ឯកភាពគ្នា​រៀបចំ​ការបោះឆ្នោត នៅក្នុង​ខែឧសភា ឆ្នាំ​១៩៩៣ ដែលមាន​ការគាំទ្រ​ពី​អង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)​។ បន្ទាប់មក​រដ្ឋធម្មនុញ្ញ​ជាតិ ក៏​ត្រូវបាន​បង្កើតឡើង​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ឆ្នាំ​១៩៩៣​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹកថា នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ នៅក្នុង​មហា​ប្រាសាទ​ទេវាវិនិច្ឆ័យ នៅក្នុង​ព្រះបរមរាជវាំង ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ អតីត​មហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះអង្គ​បាន​ឡាយ​ព្រះ​ហត្ថលេខា​លើ​ព្រះរាជក្រម ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ផ្លូវការ​។ នៅ​ថ្ងៃទី​២៤ ខែកញ្ញា គឺជា​ថ្ងៃកំណើត​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ដែល​មកដល់​ឆ្នាំ​២០២០ គឺ​រដ្ឋធម្មនុញ្ញ​កម្ពុជា មាន​អាយុកាល​២៧​ឆ្នាំ​ហើយ​។​

​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល បាន​គូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញ គឺជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ច្បាប់ និងសេចក្តីសម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវ​ស្របទៅនឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត​។ ចំណុច​សំខាន់ៗ​បំផុត​មួយចំនួន​ដែល​បានចែង​ច្បាស់​នៅក្នុង​រដ្ឋធម្មនុញ្ញ​មានដូចជា​កម្ពុជា​ត្រូវគោរព​ដាច់ខាត​នូវ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា រដ្ឋធម្មនុញ្ញ​កម្ពុជា បានចែង​អំពី​គោលការណ៍​នៃ​ការបែងចែក​អំណាច​ដាច់ដោយឡែក​ពីគ្នា គឺ​អំណាចនីតិប្បញ្ញត្តិ​, នីតិប្រតិបត្តិ និង តុលាការ​ហើយក៏​បានអនុម័ត​នូវ​សិទ្ធិ​ជា មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​គោលការណ៍​នីតិរដ្ឋ​ជាដើម​។​

​សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣ គឺជា​រដ្ឋធម្មនុញ្ញ​ទី​៦ ចាប់តាំងពី​ប្រទេស​កម្ពុជា បាន​ទទួលយក​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​បែប​ទំនើប​តាមបែប​បស្ចិម​លោក ដោយបាន​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ទំនើប​លើកដំបូង​ក្នុង​ឆ្នាំ​១៩៤៧ ដែល​មានគុណ​តម្លៃ​គ្រឹះ​នៃ​ធម្មនុញ្ញ​និយម រួមមាន (១) ប្រជាធិបតេយ្យ (២) សិទ្ធិមនុស្ស (៣) ការបែងចែក​អំណាច និង (៤) នីតិរដ្ឋ ត្រូវបាន​យកមក​ផ្សាំ​ជាមួយ​សង្គម​ខ្មែរ​ចាប់តាំងពី​ពេល​នោះមក​។ ប៉ុន្តែ​ការអនុវត្ត​គុណ​តម្លៃ​ទាំងនោះ ពុំមាន​ស្ថិរភាព​ជាប់​បានយូរ​អង្វែង​ទេ អាស្រ័យ​ដោយ​ប្រទេស​កម្ពុជា​ពើបប្រទះ​នឹង​វិបត្តិ​នៃ​ការដូរ​របប​នយោបាយ​ជាច្រើនលើក​ច្រើនគ្រា​។​

​ក្រោយ​ការដួលរលំ​ទៅ​នៃ​គ្រឹះ​ធម្មនុញ្ញ​និយម​ទំនើប​ឆ្នាំ​១៩៤៧ ដោយ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ កម្ពុជា បាន​ឆ្លងកាត់​បទពិសោធន៍​នៃ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​ដែល​កំណត់​របប​នយោបាយ​ខុសៗ​គ្នា​។ ប៉ុន្តែ​ពុំបាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួលបាន​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​នោះទេ ពិសេស​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៧០ បាន​នាំ​កម្ពុជា​ឱ្យ​ធ្លាក់ខ្លួន​ដ៏​សែន​រន្ធត់ ឆ្លងកាត់​ទុក្ខសោក​វិនាស​អន្តរាយ​ទ្រុឌទ្រោម ឱនថយ ដូច​មានការ​ចារឹក​ខ្លឹមសារ​ក្នុង​បុព្វកថា​នៃ​រដ្ន​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣​។ រហូតមកដល់​ការសម្រេចបាន​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួមមួយ​នៃ​ជម្លោះ​កម្ពុជា ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ទើប​ប្រទេស​កម្ពុជា​កសាងបាន​រដ្ឋ​ធម្មនុញ្ញ​មួយ​ដោយ​ផ្អែកលើ​គោលការណ៍​ធំៗ​ជា​មូលដ្ឋាន ដែល​មានចែង​ក្នុង​ឧបសម្ព័ន្ធ​ទី​៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។​

​គោលការណ៍​ដែល​មានចែង​ក្នុង​ឧបសម្ព័ន្ធ​ទី​៥ ជាគោលការណ៍​សារវន្ត​មាន​លក្ខណៈ​ទំនើប​ជា​គុណ​តម្លៃ​ស្នូល​។ ក្រៅពី​គោលការណ៍​ជា​សារវន្ត​ទាំងនោះ រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ក៏បាន​ចារឹក​នូវ​គុណ​តម្លៃ​របស់​សង្គម​ខ្មែរ ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​កត្តា​ប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​សាសនា របស់​ខ្មែរ​ផងដែរ​។ រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ គឺជា​រដ្ឋធម្មនុញ្ញ​ពហុ​និយម​ដែលមាន​សារធាតុ​ល្បាយ រវាង​គុណ​តម្លៃ​ទំនើប និង​គុណ​តម្លៃ​ប្រពៃណី​របស់​សង្គម​ខ្មែរ​ផ្ទាល់ ដែល​ពុំ​អាច​កាត់ផ្តាច់​បាន​ពី​កត្តា​ប្រវត្តិសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់ ក្នុង​អតីតកាល​ដ៏​យូរលង់​របស់​កម្ពុជា​បានឡើយ​។​

​ការដាក់បញ្ចូល​គ្នា​នូវ​គុណ​តម្លៃ​និង​ទស្សនទាន​ធម្មនុញ្ញ​បែប​ទំនើប និង​គុណ​តម្លៃ​ខ្មែរ​និយម ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ បង្កើតឡើង​នូវ​ពហុ​សណ្ឋាន​ជា​ទស្សនៈ​ពហុ​និយម​បែបនេះ ក្នុងការ​អនុវត្ត​រមែង​ជួបប្រទះ​នូវ​ការរអាក់រអួល និង​បញ្ហា​ប្រឈម ជាក់ស្តែង​មួយចំនួន​ជាពុំខាន ឧ​ទារ​ហណ៍ ដូចជា​ការកើតឡើង​នូវ​វិបត្តិ​នយោបាយ ក្រោយ​ការបោះឆ្នោត​ជាច្រើនលើក​ច្រើនសា​ដែល​ស្តែងឡើង​ឱ្យឃើញ​ទាំង​ចំណោទ បញ្ហា ចំណោទ​ច្បាប់ ទាំង​ដំណោះស្រាយ​សមស្រប និង​ចាំបាច់​នានា ដើម្បី​ធានា​ដល់​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យសេរី និង​គោលការណ៍​នៃ​ការបោះឆ្នោត​ពហុបក្ស ក្នុង​ដំណើរ​អនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល​២៧​ឆ្នាំ​កន្លងមកនេះ ជា​រយៈពេល​មួយ​វែង​ជាង​រយៈពេល​អនុវត្តរ​ដ្ឋ​ធម្មនុញ្ញ​មុនៗ​គ្រប់​ជំនាន់​។​

​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​១៦​ជំពូក និង​១៥៨​មាត្រា​។ នៅក្នុង​បុព្វកថា​របស់​រដ្ឋធម្មនុញ្ញ ក៏បាន​រំលេច​សារ​ដាស់តឿន និង​រំលឹក​ដល់​កូន​ខ្មែរ​ផងដែរ​ថា សង្គ្រាម​បាន​នាំ​កម្ពុជា​ឲ្យ​អន្តរាយ ខ្ទេចខ្ទាំ ហើយ​ការបង្កើត​រដ្ឋធម្មនុញ្ញ​ជាថ្មី ដើម្បី​ពង្រឹង​នូវ​ការរួបរួម​ជាតិ​ជាថ្មី​ឡើងវិញ​។ «​យើង​ជា​ប្រជារាស្ត្រ​ខែ្មរ ដែល​ធ្លាប់មាន​អារ្យធម៌​ឧ​ត្តុ​ង​ឧ​ត្ត​ម ប្រទេសជាតិ​ស្តុកស្តម្ភ ធំ​ទូលាយ​ថ្កុំថ្កើង​រុងរឿង កិត្យានុភាព​ខ្ពង់ខ្ពស់ ភ្លឺ​ចែងចាំង​ដូច​ពេជ្រ ពណ្ណរាយ បាន​ធ្លាក់ខ្លួន ដ៏​សែន​រន្ធត់ ក្នុង​អំ​ទ្បុ​ង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ឆ្លងកាត់​ទុក្ខសោក វិនាស​អន្តរាយ​ទ្រុឌទ្រោម​ឱនថយ​មហា​សោកស្តាយ បានភ្ញាក់រលឹក​ក្រោកឈរ​ទ្បើង ចងបាច់​ឆន្ទៈ​មោះមុត ប្តូរផ្តាច់ រួបរួមគ្នា​ពង្រឹង ឯកភាព​ជាតិ រក្សា​ការពារ​ទឹកដី​កម្ពុជា អធិបតេយ្យ ថ្លៃថ្លា និង​អារ្យធម៌​អង្គរ ដ៏​បវរ កសាង​ប្រទេសជាតិ​ឱ្យទៅជា «​កោះសន្តិភាព​» ទ្បើង​វិញ​៕​ដោយ​៖​កូ​ឡាប​

spot_img
×