Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អ្នកស្រាវជ្រាវ ប្រទះឃើញ​សត្វ​រមាំង​បួន​ក្បាល នៅ​ដែនជម្រកសត្វព្រៃ​សំបូរ តាមរយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​

spot_img

​ក្រចេះ​៖ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​វត្តមាន​សត្វ​រមាំង (Rucervus eldii) ចំនួន​៤​ក្បាល ដែលជា​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ នៅក្នុង​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ​នៃ​ដែនជម្រកសត្វព្រៃ​សំបូរ ខេត្តក្រចេះ​។

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បានបង្ហាញ​រូបភាព​សត្វ​រមាំង (Rucervus eldii) ចំនួន​បួន​ក្បាល ដែល​គេ​ថត​បានជា​លើកដំបូង​ក្នុងអំឡុងពេល​ប្រាំ​ឆ្នាំ តាមរយៈ​ការប្រើ​ម៉ាស៊ីន​ថត​ស្វ័យ​ប្រ​វិត្ត នៅក្នុង​ដែនជម្រកសត្វព្រៃ​សំបូរ ដែលជា​តំបន់ការពារធម្មជាតិ​មួយ​ស្ថិតក្រោម​ការគាំទ្រ​ដោយ​អង្គការ WWF មាន​ទីតាំង​ស្ថិតក្នុង​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ​នៃ​ខេត្តក្រចេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ ហៅ​កាត់​ថា WWF នៅ​ថ្ងៃទី​២៤ ខែកញ្ញា​នេះ បាន​លើកឡើងថា អ្នកវិទ្យាសាស្ត្រ​បានបង្ហាញ​រូបភាព​សត្វ​រមាំង​ចំនួន​៤​ក្បាល ដែល​គេ​ថត​បានជា​លើកដំបូង​ក្នុងអំឡុងពេល​ប្រាំ​ឆ្នាំ តាមរយៈ​ការប្រើ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ នៅក្នុង​ដែនជម្រកសត្វព្រៃ​សំបូរ​ដែលជា​តំបន់ការពារធម្មជាតិ​មួយ​ស្ថិតក្រោម​ការគាំទ្រ​ដោយ​អង្គការ WWF​។

WWF បន្តថា សត្វ​រមាំង​ដែល​បាន​ថត​ឃើញ​នោះ រួមមាន សត្វ​រមាំង​ញី​ពេញវ័យ​ចំនួន​៣​ក្បាល​និង​រមាំង​ជំទង់​១​ក្បាល កំពុង​រស់នៅក្នុង​ដែនជម្រកសត្វព្រៃ​សំបូរ ត្រូវបាន​ថត​ក្នុង​ចន្លោះ​ខែសីហា​ដល់​ខែកញ្ញា​នេះ ដោយ​ការពង្រាយ​ម៉ាស៊ីនថតរូប​ស្វ័យប្រវត្តិ​នៅតាម​ទីតាំង​ផ្សេងៗ​គ្នា​ក្នុង​ដែន​ជម្រក នៅលើ​ផ្ទៃដី​សរុប​ចំនួន​៥០,០៩៣​ហិកតា​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ អង្គការ WWF បាន​បញ្ជាក់ថា ក្រុម​អ្នក​អភិរក្ស​បានបង្ហាញ​ក្តីរំភើប​រីករាយ ខណៈ​ពួកគេ​កំពុង​ពិនិត្យមើល​រូបភាព​ដ៏​កម្រ​នៃ​វត្តមាន​របស់​សត្វ​រមាំង​ញី​ពេញវ័យ​ចំនួន​បី​ក្បាល និង​រមាំង​ជំទង់​មួយ​ក្បាល កំពុង​រស់នៅក្នុង​ដែនជម្រកសត្វព្រៃ​សំបូរ ក្នុងចំណោម​រូបថត​សរុប​ចំនួន ១.៧១០ សន្លឹក ថត​បាន​ក្នុង​ចន្លោះ​ខែសីហា​ដល់​ខែកញ្ញា​នេះ ដោយ​ការពង្រាយ​ម៉ាស៊ីនថតរូប​ស្វ័យប្រវត្តិ​នៅតាម​ទីតាំង​ផ្សេងៗ​គ្នា​ក្នុង​ដែន​ជម្រក ដែលមាន​ផ្ទៃដី​សរុប​ចំនួន ៥០.០៩៣ ហិកតា​។​

​លោក អៀម សំ​អ៊​ន់ អ្នកទទួលបន្ទុក​ផ្នែក​ស្រាវជ្រាវ​និង​តាមដាន​ជីវៈចម្រុះ​ប្រចាំ​តំបន់​មេគង្គ​នៃ​អង្គការ​WWF បាន​ថ្លែង​ដោយ​ស្នាមញញឹម​ថា​៖ “​យើងទាំងអស់គ្នា​ពិតជា​រំភើប​រីករាយ​ខ្លាំងណាស់​ដែល​បាន​កត់ត្រា​ទុក​នូវ​វត្តមាន​របស់​សត្វ​រមាំង​ទាំងនេះ​។​”

​ការស្រាវជ្រាវ​និង​តាមដាន​សត្វព្រៃ ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ក្នុង​ដែនជម្រកសត្វព្រៃ នេះ​ជា​កិច្ចសហការ​រួមគ្នា​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​និង​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ សហគមន៍​ព្រៃឈើ បុគ្គលិក​អង្គការ​WWF និង​សមាជិក​ក្រុម​ល្បាត​សហគមន៍ ក្រោម​ការឧបត្ថម្ភ​ថវិកា​ដោយ​អង្គការ WWF-​ប៊ែ​ល​ហ្សិ​ក និង​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ​និង​កិច្ចសហប្រតិបត្តិការ (SDC)​។​

​អ្នកវិទ្យាសាស្ត្រ​នៃ​អង្គការ​WWF បាន​ពិពណ៌នា​ការ​ផ្តិត​រូបភាព​របស់​សត្វរ​មាំ​ង​បាន​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​នេះ​ថា ជា​របកគំហើញ​ដ៏​សំខាន់​មួយ​សម្រាប់​ការអភិរក្ស​ក្នុង​តំបន់​ទេសភាព​មេគង្គ​។​

លោក សេង ទៀក នាយក​អង្គការ WWF-​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​រូបភាព​ដ៏​កម្រ​នៃ​សត្វ​រមាំង​ទាំងនេះ​ជា​ភ័ស្តុតាង​បញ្ជាក់​អំពី​ប្រសិទ្ធភាព និង​ផល​នៃ​កិច្ចការ​គ្រប់គ្រង​តំបន់​ការពារ និង​ការងារ​អភិរក្ស​របស់​យើង ហើយ​ដែល​នាំមក​នូវ​ក្តីសង្ឃឹម​ក្នុងការ​ការពារ​ប្រភេទ​សត្វ​នេះ​ទាំង​ក្នុងប្រទេស​កម្ពុជា និង​ក្នុង​តំបន់​។​”

​ក្រៅពី​សត្វ​រមាំង ម៉ាស៊ីន​ថត​ស្វ័យ​ប្រ​វិត្ត​ក៏​ផ្តិត​បាន​នូវ​រូបភាព​សត្វ​ឈ្លូស ជ្រូកព្រៃ សំពោច​វ​ល្លិ៍ សំពោចក្រអូប ព្រមទាំង​ប្រភេទ​សត្វ​បក្សី​មាឌធំ​សំខាន់ៗ​មួយចំនួនទៀត ដូចជា​សត្វ​ក្ងោក​បៃតង និង​ត្រដក់​តូច​ជាដើម​។​

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថា ក្រសួងបរិស្ថាន​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ខ្លាង​ចំពោះ​ការរកឃើញ​វត្តមាន​សត្វ​រមាំង (Rucervus eldii) ចំនួន​បួន​ក្បាល ដែល​គេ​ថត​បានជា​លើកដំបូង​ក្នុងអំឡុងពេល​ប្រាំ​ឆ្នាំ​តាមរយៈ​ការប្រើ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​នៅក្នុង​ដែនជម្រកសត្វព្រៃ​សំបូរ​។​

​សត្វ​រមាំង​ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ ទាំង​នៅក្នុង​ច្បាប់​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា និង​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN​។ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងបរិស្ថាន​សូម​ថ្លែងអំណរគុណ ចំពោះ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ សត្វព្រៃ​នៅក្នុង​ប្រទេស​កម្ពុជា​។ វត្តមាន​នៃ​សត្វ​រមាំង​ដែលជា ប្រភេទ​សត្វ​កម្រ​នៅលើ​ពិភពលោក​នេះ ក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា បានបញ្ជាក់​ថា​ពី​ប្រសិទ្ធភាព​នៃ​ការ ការពារ​និង​អភិរក្ស និង​ការទប់ស្កាត់​បទល្មើស​ធ​ន​ធាន​ធម្មជាតិ ជាពិសេស​ការ​បទល្មើស​នៃ​ការ​បរបាញ់​សត្វ និង​ការដាក់​អន្ទាក់​សត្វព្រៃ​។​

​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​ដោយ​សហការ​ជាមួយ​សហគមន៍​តំបន់​ការពារ​ធម្ម ជាតិ​រួម​នឹង​អង្គការ​ដៃគូ​បាន​ខិតខំ​ក្នុង​ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​ជំរុញឱ្យមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ចូលរួម ក្នុង​កិច្ចការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​សត្វព្រៃ​ឱ្យបាន​គង់វង្ស​។ ក្រសួងបរិស្ថាន​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ការពារ​និង​អភិរក្ស​សត្វ​រមាំង​ទាំងនេះ​ដែល​កំពុងតែ​រស់​នៅក្នុង​តំបន់ការពារធម្មជាតិ របស់​ប្រទេស​កម្ពុជា​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ត​ទៅមុខទៀត​។​

​ក្រសួងបរិស្ថាន​រួម​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតែ​បន្ត​អនុវត្ត​វិធាន​ការពារ​និង​អភិរក្ស​តំបន់ការពារធម្មជាតិ​ដែល​ខ្លួន​គ្រប់គ្រង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ចាត់វិធានការ​លើ​រាល់​បទល្មើស​ធនធានធម្មជាតិ​ដែល​បាន​កើតឡើង​។ នៅក្នុង​រយៈពេល ៦ ខែ​ឆ្នាំ ២០២០ ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ ២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​បាន​ចុះ​ល្បាត​ចំនួន ១៣ ៨០៤ លើក និង​បាន​បង្ក្រាប​បទល្មើស​បាន ៣ ៦៨៩ ហើយ​ក្នុងនោះ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​បាន​ចំនួន ៣២៩ ករណី រឹបអូស​រណា​យន្ត​បាន​ចំនួន ២៥៧៨ គ្រឿង ព្រមទាំង​ធ្វើការ​ផាកពិន័យ​អន្តរកាល​ចំនួន ៤៣៣ ករណី​។​

​ក្រសួងបរិស្ថាន​ទទួលស្គាល់ថា ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ទាំងយប់​ថ្ងៃ ប៉ុន្តែ​បទល្មើស​ធនធានធម្មជាតិ​ទ្រុងទ្រាយ​តូចៗ​នៅតែ​កើតមាន​ដែល សមត្ថកិច្ច​ក្រសួងបរិស្ថាន​នឹង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​បង្ក្រាប​និង​ទប់ស្កាត់​បន្តទៀត​។​

​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​ជីវៈចម្រុះ និង​មាន​ប្រភេទ​រុក្ខជាតិ សត្វ ជិត​ពូជ ឬ​មាន​ដោយ​កម្រ​នៅក្នុង​ពិភពលោក​។ ស​ន្ទ​ស្សន៍​ជីវៈចម្រុះ (Biodiversity Index) ក្នុងប្រទេស​កម្ពុជា គឺ​ទទួលបាន​ពិន្ទុ​៧.៥ (MacKinnon, ១៩៩៧) ទោះបីជា​យ៉ាងណាក៏ដោយ ពិន្ទុ​អាច​បាន​ខ្ពស់ជាង​នេះ អាស្រ័យទៅលើ​ការសិក្សា​ស្រាវជ្រាវ​។​

​ប្រទេស​កម្ពុជា ជា​ប្រទេស​សម្បូរ​ទៅដោយ​ជីវចម្រុះ​ដែល​បានបង្ហាញ​វត្តមាន​ប្រភេទ​ថនិកសត្វ​១២៣​ប្រភេទ សត្វ​ស្លាប​៥៤៥​ប្រភេទ ឧរង្គសត្វ​៨៨​ប្រភេទ រុក្ខជាតិ​តូចៗ (vascular plants) ២៣០៨​ប្រភេទ ត្រី​៨៧៤​ប្រភេទ ផ្កាថ្ម​រឹង​២៤​ប្រភេទ ផ្កាថ្ម​ទន់​១៤​ប្រភេទ ស្មៅ​សមុទ្រ​១០​ប្រភេទ និង​ថលជលិក​៦៣​ប្រភេទ​។ នៅមាន​វត្តមាន​ប្រភេទ​រុក្ខជាតិ និង​សត្វ​មួយចំនួនទៀត​ដែល​មិនទាន់​សិក្សា​ស្រាវជ្រាវ និង​កំណត់​អត្តសញ្ញាណ​នៅ​ទ្បើ​យ​។ មាន​ប្រភេទ​រុក្ខជាតិ និង​សត្វ​ដែល​បានកំណត់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN) ក្នុង​តារាង​១ ដូចជា​៖ ថនឹក​សត្វ​៣៩​ប្រភេទ សត្វ​ស្លាប​៣៦​ប្រភេទ ឧរង្គសត្វ​១៣​ប្រភេទ រុក្ខជាតិ​តូចៗ (vascular plants) ៣៨​ប្រភេទ និង ថលជលិក​១២​ប្រភេទ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×