Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ស ខេង ៖ កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​រៀបចំ ទាំង​លើ​ទិដ្ឋភាព​គោលនយោបាយ​ច្បាប់ បទដ្ឋាន​គតិយុត្ត ដើម្បី​ធ្វើយ៉ាងណា​ធានា​ឱ្យបាន​នូវ​កត្តា​សន្តិសុខ សម្រាប់​ការទាក់ទាញ​ការវិនិយោគ​

spot_img

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងមហាផ្ទៃ បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​រៀបចំ​ទាំង​លើ​ទិដ្ឋភាព​គោលនយោបាយ​ច្បាប់ បទដ្ឋាន​គតិយុត្ត ក៏ដូចជា​ការដាក់ចេញ​យន្តការ​អនុវត្ត​ជាក់ស្ដែង ជាពិសេស​យន្តការ​ពង្រឹង​ការអនុវត្ត​ច្បាប់ ដើម្បី​ធ្វើយ៉ាងណា​ធានា​ឱ្យបាន​នូវ​កត្តា​សន្តិសុខ ដែលជា​កត្តា​គន្លឹះ​ក្នុង​ការបង្ក​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការទាក់ទាញ​ការវិនិយោគ មកពី​ក្រៅប្រទេស រួមទាំង​សហរដ្ឋអាមេរិក​ឱ្យ​កាន់តែ​ខ្លាំងក្លា រួមចំណែក​រក្សា​លំនឹង​សេដ្ឋកិច្ច​នៅក្នុង​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​ទទួល​ជួប ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក អាស៊ាន តាម​ប្រព័ន្ធ​សន្និសីទ​វីដេអូ ពី​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ជា​កិច្ច​ចាប់ផ្ដើម​នៃ​កិច្ចប្រជុំ​លើក​ទី​១​នេះ សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​គណៈប្រតិភូ​អំពី​អាណត្តិ​ការងារ តួនាទី និង​ភារកិច្ច​សំខាន់ៗ​របស់​ក្រសួងមហាផ្ទៃ ដើម្បី​ជ្រាប​ជា​ព័ត៌មាន និង​ជា​ជំនួយស្មារតី​សម្រាប់​កិច្ចពិភាក្សា​នា​ថ្ងៃនេះ ដោយ​សម្ដេច​បាន​គូសបញ្ជាក់​នូវ​តួនាទី​ធំៗ​២ គឺ​ទី​១​ក្រសួង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​សម្របសម្រួលរ​វាង​ថ្នាក់ជាតិ និង​រដ្ឋបាល​ដែនដី សំដៅ​សម្រួល​ដល់​ដំណើរការ​ភារកិច្ច​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឱ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​ប្រសិទ្ធភាព ជាពិសេស​ការពង្រឹង​សមត្ថភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​តាមរយៈ​ការធ្វើកំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០០២​មក​។​

​សម្ដេច​បាន​មានប្រសាសន៍ថា តួនាទី​ភារកិច្ច​ធំ​ទី​២​របស់​ក្រសួងមហាផ្ទៃ គឺ​ការថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ដែលជា​កិច្ចការ​ស្នូល​ក្នុងការ​ថែរក្សា​សន្តិសុខ ទូទៅ​នៅក្នុង​ប្រទេស ក៏ដូចជា​សម្រាប់​អ្នក​វិនិយោគិន​ដែល​អញ្ជើញ​មក​វិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​បាន​បន្ថែមថា ក្រៅពី​ការងារ​នេះ ក្រសួង​ក៏មាន​តួនាទី សំខាន់​ស្នូល​មួយចំនួនទៀត រួមមាន​ការងារ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ ការងារ​សញ្ជាតិ អន្តោប្រវេសន៍ ជនភៀសខ្លួន ការចុះបញ្ជី​គណបក្សនយោបាយ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ការគ្រប់គ្រង​ពន្ធនាគារ ទូទាំងប្រទេស និង​សិក្សា​ស្រាវជ្រាវ​កែសម្រួល​លិខិតបទដ្ឋាន​ក្រោម​ច្បាប់​នៅក្រោម​សមត្ថកិច្ច​របស់​ក្រសួង​។​

​នៅក្នុង​ជំនួប​នោះដែរ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ក៏បាន​មានប្រសាសន៍​អំពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ក្នុង​ក្របខ័ណ្ឌ​នៃ​វិស័យ​សន្តិសុខ​រវាង​កងក​ម្លាំ​ង​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំងពីរ កម្ពុជា សហរដ្ឋអាមេរិក ក្នុងនោះ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ស្ថាប័ន អេ​ហ្វ​ប៊ី​អាយ (FBI) ស្ថាប័នគយ និង​អន្តោប្រវេសន៍​អាមេរិក ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក ការិយាល័យ​សន្តិសុខ​ប្រចាំ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​ជាមួយគ្នានេះ​ប្រទេស​ទាំងពីរ ក៏មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុង​ការងារ​ប្រឆាំង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ពិសេស​អំពើ​ភេ​វរ​កម្ម ការជួញដូរ​មនុស្ស គ្រឿងញៀន និង​ជួញដូរ​ផ្លូវភេទ​ជាដើម​។​

​សម្ដេច​ក្រឡាហោម​ក៏បាន​ថ្លែងអំណរគុណ​ស្ថាប័ន​FBI​របស់​សហរដ្ឋអាមេរិក ដែល​បាន​ជួយ​គាំទ្រ​ផ្ដល់​ជា​អាហារូបករណ៍​ដល់​កម្លាំង​នគរបាល​កម្ពុជា​ដែលជា​ផ្នែក​មួយ នៃ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​កងកម្លាំង​របស់​កម្ពុ​ជា​ផងដែរ​។​

​សូមបញ្ជាក់ថា នៅក្នុង​កិច្ចពិភាក្សា​រវាង​សម្ដេច​ក្រឡាហោម និង​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក អាស៊ាន នា​ព្រឹក​មិញ​នេះ មានការ​ចូលរួម​ពី​តំណាង​ក្រុមហ៊ុន​ធំៗ​ចំនួន​៦​របស់​សហរដ្ឋអាមេរិក​រួមមាន​ក្រុមហ៊ុន​Conoco Phillips ក្រុមហ៊ុន​Amazon ក្រុមហ៊ុន​Ford ក្រុមហ៊ុន​Bell Textron ក្រុមហ៊ុន​Visa និង​ក្រុមហ៊ុន​Pernod Ricard ដោយ​តំណាង​ទាំងនោះ បាន​សម្ដែង​នូវ​ការចង់​ពង្រីក​វិសាលភាព នៃ​ការវិនិយោគ​របស់ខ្លួន​នៅ​កម្ពុជា ឱ្យបាន​ខ្លាំងក្លា​ថែមទៀត​ទាំង​លើ​វិស័យ​ឧស្សាហកម្ម បច្ចេកវិទ្យា គ្រឿងយន្ត និង​សេវាកម្ម​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ផលិត​នូវ​ផលិតផល ប្រើប្រាស់​ប្រចាំថ្ងៃ​។​

​ជាការ​ឆ្លើយតប​ទៅនឹង​គោលបំណង​ដ៏​ល្អ​នេះ សម្ដេច​ក្រឡាហោម ស ខេង បាន​សម្ដែង​ការគាំទ្រ​ចំពោះ​វត្តមាន និង​ការចង់​ពង្រីក​វិសាលភាព​របស់​ក្រុមហ៊ុន ដោយ​សម្ដេច បាន​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងមហាផ្ទៃ បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​រៀបចំ​ទាំង​លើ​ទិដ្ឋភាព​គោលនយោបាយ​ច្បាប់ បទដ្ឋាន​គតិយុត្ត ក៏ដូចជា​ការដាក់ចេញ​យន្តការ​អនុវត្ត​ជាក់ស្ដែង ជាពិសេស​យន្តការ​ពង្រឹង​ការអនុវត្ត​ច្បាប់ ដើម្បី​ធ្វើយ៉ាងណា​ធានា​ឱ្យបាន​នូវ​កត្តា​សន្តិសុខ​ដែលជា​កត្តា​គន្លឹះ​ក្នុង​ការបង្ក​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការទាក់ទាញ​ការវិនិយោគ មកពី​ក្រៅប្រទេស រួមទាំង​សហរដ្ឋអាមេរិក​ឱ្យ​កាន់តែ​ខ្លាំងក្លា រួមចំណែក​រក្សា​លំនឹង​សេដ្ឋកិច្ច​នៅក្នុង​ស្ថានភាព នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ធំៗ របស់​សហរដ្ឋអាមេរិក ដែលមាន​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ​កម្ពុជា ក្នុងការ​ពង្រឹង​ការងារ​មួយចំនួន រួមមាន​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការងារ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដោយ​សម្ដេច​បាន​លើកទឹកចិត្ត​ឱ្យ​បន្ត កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​នេះ​បន្ថែមទៀត ជា​ប្រយោជន៍​សម្រាប់​ជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​មុននឹង​បញ្ចប់ សម្ដេច​ក៏បាន​សម្ដែង​ការ​ជូនពរ​គណៈប្រតិភូ ក្នុង​វិស័យ​ធុរកិច្ច​សហរដ្ឋអាមេរិក អាស៊ាន សូមឱ្យ​បេសកកម្ម​របស់​គណៈប្រតិភូ ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា ដើម្បី​ជំរុញ​កាន់តែ​ខ្លាំងក្លា​ថែមទាំង ដល់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា និង​អាមេរិក និង​រវាង​អាមេរិក និង​អាស៊ាន ដោយ​សម្ដេច​បានបញ្ជាក់​ថា ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​ក្ដី ប៉ុន្តែ​វា​ពិតជា​មាន ភាពចាំបាច់​ណាស់ដែ​លក​ម្ពុ​ជា អាមេរិក និង​កម្ពុជា អាស៊ាន ត្រូវតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយគ្នា លើ​វិស័យ​សំខាន់ៗ ដូចជា​សន្តិសុខ ពាណិជ្ជកម្ម សុខាភិបាល ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​ជាដើម​៕​ដោយ​៖​កូ​ឡាប​

spot_img
×