Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ ហ៊ុន សែន ចេញ​សារលិខិត​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក ក្រោម​ប្រធានបទ​៖ ទេសចរណ៍ និង​ការអភិវឌ្ឍ​ជនបទ​

spot_img

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានចេញ​សារលិខិត​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក ក្រោម​ប្រធានបទ​៖ ទេសចរណ៍ និង​ការអភិវឌ្ឍ​ជនបទ (Tourism and Rural Development)​។​

​ក្នុង​សារលិខិត​ខាងលើ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អបអរ​សាជាថ្មី ដែល​ឆ្នាំ​២០១៩ កន្លងទៅ ពិភពលោក​បានទទួល​ទេសចរ​អន្តរជាតិ​រហូត​ដល់ ១,៥០០ លាន​នាក់ ក្នុង​អត្រាកំណើន ៤% ចូលរួម​បង្កើត​ការងារ​ប្រមាណ ៣៣០ លាន​នាក់ ត្រូវជា ១០% នៃ​ការងារ​សរុប បង្កើត​ចំណូល​ចូល​សេដ្ឋកិច្ច​ប្រមាណ ១០.៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក (World GDP) តំណាង​ឲ្យ ៧% នៃ​ការនាំចេញ​សរុប​របស់​ពិភពលោក និង​ប្រមាណ ២៩% នៃ​ការនាំចេញ​សរុប​ផ្នែក​សេវាកម្ម​។ នេះ​បង្ហាញថា វិស័យ​ទេសចរណ៍​នៅតែ​បន្ត​ស្ថិតក្នុង​លំដាប់​លេខ​៣ នៃ​ការនាំចេញ ពិភពលោក បន្ទាប់ពី​ការនាំចេញ​ប្រេងឥន្ធនៈ និង​ការនាំចេញ​ផលិតផល​គីមី នាំមុខ​ការនាំចេញ​រថ​យន្ត និង​ផលិតផល​ចំណីអាហារ ។ ដោយឡែក រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ពោល គឺ​បន្ទាប់ពី​កម្ពុជា​បានទទួល​សុខសន្តិភាព ស្ថិរភាព នយោបាយ សុវត្ថិភាព​ពេញ​ផ្ទៃ​ប្រទេស និង​ការរួបរួម​ជាតិ​ពី​គ្រប់ភាគី ក្រោម​នយោបាយ ឈ្នះ​-​ឈ្នះ ដោយ​ការធ្វើ សមាហរណកម្ម​អតីត​កងកម្លាំង​ខ្មែរក្រហម​ក្នុង​មហា​គ្រួសារ​ខ្មែរ នា​ឆ្នាំ​១៩៩៨ វិស័យ​ទេសចរណ៍​កម្ពុ​ជាមាន​កំណើន​គួរ ជាទី​មោទនៈ ដោយ​កើន​ពី​ការទទួល​ទេសចរ​អន្តរជាតិ​ចំនួន​តែ​ជាង ២៨​ម៉ឺន​នាក់ ឆ្នាំ​១៩៩៨ រហូតដល់ ៦,៦​លាន​នាក់ នៅ​ឆ្នាំ​២០១៩ និង​បាន​បង្កើត​ការងារ​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​ជាង ៦៣​ម៉ឺន​នាក់ និង​ការងារ​មិនផ្ទាល់​រាប់សិប​ម៉ឺន​នាក់ ថែមទៀត​។ ចាប់ពី​ដើមឆ្នាំ​២០២០ រហូតដល់​ពេលបច្ចុប្បន្ន កម្ពុជា​ក៏ដូចជា​ប្រទេស​នានា​ក្នុង​ពិភពលោក​បាន​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។​

​ស្ថិតនៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បាន​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ គ្មាន​ការឆ្លង​រីក​រាលដាល​នៅក្នុង​សហគមន៍ គ្មាន​ករណី​ស្លាប់ មានតែ​ករណី​វិជ្ជមាន​នាំចូល​តិចតួច​ដែល​បានទទួល​ការត្រួតពិនិត្យ ព្យាបាល ថែទាំ​ដោយ​គ្រូពេទ្យ​ជំនាញ​កម្ពុជា គ្រូពេទ្យ​ស្ម័គ្រចិត្ត ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រកបដោយ​ភាព​ហ្មត់ចត់​។​
​លើសពីនេះ​ទៀត រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ដាក់ចុះ​នូវ​វិធាន​នានា ដើម្បី​ជួយសង្គ្រោះ​អាជីវកម្ម បុគ្គលិក​បម្រើ​ការងារ ព្រមទាំង​ប្រជាពលរដ្ឋ​ក្រីក្រ​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។ ក្នុងករណីនេះ សម្តេច​តេ​ជោ បាន​ថ្លែងថា​” ខ្ញុំ​ពិតជា​មាន​សោកស្តាយ​ក្រៃលែង​ចំពោះ ការខាតបង់​នានា​របស់​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក ដែល​បង្កឡើង​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ខ្ញុំព្រះករុណា​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ កោតសរសើរ និង​សូម​សម្តែង​ការគាំទ្រ​ដល់​អ្នកជំនាញ​វេជ្ជសាស្ត្រ បុគ្គលិក​សុខាភិបាល ក៏ដូចជា​បុគ្គលិក​ជួរមុខ​ដទៃទៀត រួមទាំង​បណ្ដា​អ្នកស្ម័គ្រចិត្ត​ទាំងអស់ សហគមន៍ជាតិ អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​នានា​សម្រាប់​ការចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ​”​។

​ឆ្លៀត​ក្នុងឱកាស​នេះ សម្តេច បាន​កោតសរសើរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន សហការ​ចូលរួម​អនុវត្ត​ដោយ​យកចិត្តទុកដាក់​អនុវត្តតាម​វិធាន​សុវត្ថិភាព និង​សុខភាព​ដែល​បាន​ដាក់ចេញ​ដោយ ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍ នា​អំឡុង​ថ្ងៃ​ឈប់សម្រាក​សង​ចូលឆ្នាំ​ខ្មែរ​កន្លងទៅ ហើយ​ដែល​ប្រជា ពលរដ្ឋ​ក្នុងប្រទេស​ប្រមាណ ១,៥​លាន​នាក់ បាន​ដើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា និង​ចូលរួម​បង្កើត ចំណូល​ដល់​មូលដ្ឋាន​យ៉ាងតិច ១០០​លាន​ដុល្លា​អាមេរិក​។ ការបើក​ទេសចរណ៍​ក្នុងស្រុក​ប្រកបដោយ​ការទទួល ខុសត្រូវ​នេះ ទទួលបាន​ការកោតសរសើ​រ​ពី​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO)​ផងដែរ​។ ដោយឡែក នា​ថ្ងៃ ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​កន្លងទៅ ប្រជាពលរដ្ឋ​កម្ពុជា​ក៏បាន​ធ្វើដំណើរ​កម្សាន្ត​ដោយ​ប្រកាន់​ភ្ជាប់​នូវ​វិធាន​អនាម័យ និង​សុខភាព​គួរ​ជាទី​ពេញចិត្ត​។ យើង​សង្កេតឃើញថា វិបត្តិ​កូ​វីដ​-១៩ ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​ចំណង់​ចំណូលចិត្ត​របស់​ទេសច​រ​ឱ្យ​ងាក​ទៅរក​ការ ដើរ​កំសាន្ត​តាម​តំបន់​ជនបទ សហគមន៍​ទេសចរណ៍ តំបន់​អេកូ​ទេសចរណ៍ និង​តំបន់​ធម្មជាតិ​នានា កាន់តែខ្លាំង​ឡើង​។​

​ខណៈពេលដែល​ពិភពលោក​កំពុង​ជួប​បញ្ហា​ប្រឈម​នៃ​ការចាកចេញ​ពី​តំបន់​ជនបទ​មក​រស់នៅ​ទីប្រជុំជន និង​ទីក្រុង ដែល​ធ្វើឱ្យ​មូលដ្ឋាន​ទ្រទ្រង់​នៃ​វិស័យ​កសិកម្ម និង​វិស័យសេដ្ឋកិច្ច​មូលដ្ឋាន​ផ្សេងៗ​ទៀត ជួប​កង្វះខាត​កម្លាំង​ពលកម្ម និង​ជំនាញ វិស័យ​ទេសចរណ៍​ជនបទ បាន​ចូលរួម​ទប់ស្កាត់​ចំណាកស្រុក តាមរយៈ​ការបង្កើត​ការងារ ការអភិរក្ស និង​លើកកម្ពស់​វប្បធម៌ បេតិកភណ្ឌ និង​ទំនៀមទម្លាប់​ប្រពៃណី ការពារ​និង​ថែរក្សា​ធនធានធម្មជាតិ ព្រមទាំង នាំមក នូវ​នវានុវត្តន៍ និង​គំនិត​ច្នៃប្រឌិត​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។ រាជរដ្ឋាភិបាល​កម្ពុជា សូម​អរគុណ​ដល់​គ្រប់ភាគី ពាក់ព័ន្ធ​ទាំងអស់​ដែល​សហការ​គាំទ្រ​ដល់​ក្រសួងទេសចរណ៍ ក្នុង​ការធ្វើ​យុទ្ធនា​ការជំរុញ​ចលនា​ទេសចរណ៍​ក្នុង ស្រុក​កន្លងមក​។​

​ដើម្បី​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​ក្លាយជា​ចលករ​មួយ​កាន់​តែមាន​ប្រសិទ្ធភាព ចូលរួម​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ជា​ក្បាល ម៉ាស៊ីន​បង្កើត​ការងារ​ដ៏​ចម្បង និង​មាន​ឥទ្ធិពល​មេគុណ​ខ្ពស់​ជួយ​ទ្រទ្រង់​វិស័យ​ផ្សេងៗ​ទៀត​នៅ​តំបន់​ជនបទ សម្តេច សូម​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ​ដូចតទៅ​៖

១. បច្ចុប្បន្ន​វិស័យ​ទេសចរណ៍​កម្ពុជា​បាន​រង​ផលប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​កូ​វីដ -១៩ ហើយ​បាននិងកំពុង​ប៉ះពាល់ ដល់​វិស័យសេដ្ឋកិច្ច និង​សង្គម​ផ្សេងៗ​ទៀត​។ ការចាប់ផ្តើម​ឡើងវិញ​នៃ​ការធ្វើដំណើរ​កំសាន្ត​ក្នុងស្រុក​តាម បណ្តា​គោលដៅ​ទេសចរណ៍​នានា​ពេញ​ផ្ទៃ​ប្រទេស ដោយ​តម្កល់​សុវត្ថិភាព និង​សុខភាព​សាធារណៈ​ជា​អាទិភាព ត្រូវបាន​មើលឃើញថា​ជា​ឱកាស​នៃ​ការស្តារ​វិស័យសេដ្ឋកិច្ច​ជាតិ​ឡើងវិញ​។ ដូចនេះ អាជ្ញាធរ​ពាក់ព័ន្ធ​នានា ត្រូវ​កំណត់​យក​វិស័យ​ទេសចរណ៍​ជា​សសរស្តម្ភ​យុទ្ធសាស្ត្រ​មួយ ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ជនបទ ដែល ត្រូវមាន​ផែនការអភិវឌ្ឍន៍​ជាក់លាក់​ស្របតាម​សក្តានុពល​ទេសចរណ៍​នៃ​តំបន់​នីមួយៗ ដោយមាន​ការចូល រួម​ពី​សហគមន៍​មូលដ្ឋាន​ក្នុង​ទម្រង់​ភាពជា​ដៃគូ​រដ្ឋ​-​ឯកជន​-​ប្រជាជន (4P.Putic-Private Peope Partnership)​។​

២. ការអភិវឌ្ឍ​ជំនាញ និង​ការអប់រំ​គឺជា​គន្លឹះ​នៃ​ការអភិវឌ្ឍ​ទេសចរណ៍​ជនបទ​។ ក្នុងន័យនេះ រដ្ឋ ឯកជន ដៃគូ អភិវឌ្ឍន៍ និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍​សហគ្រិនភាព ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន ដែលជា​អ្នកបម្រើ​សេវាកម្ម​ទេសច​រណ៍​ដោយ​ផ្តោត​ជាពិសេស​លើ ការបង្កើត និង​ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍​ថ្មីៗ ស្របតាម​បរិបទ​នៃ​វិស័យ​ទេសចរណ៍​ឌីជីថល និង និន្នាការ​ទីផ្សារ​ទេសចរណ៍​។​

៣. ការដើរ​កម្សាន្ត ជាការ​ស្វែងរក​បទពិសោធ​ន៍​ដែល​មិន​ធ្លាប់​ជួប​។ ក្នុងន័យនេះ ការយកចិត្តទុកដាក់​បន្ថែម​លើ ការអភិវឌ្ឍ​ទេសចរណ៍​ជនបទ ក៏​ជា​ឱកាស​នៃ​ការស្រាវជ្រាវ​ចងក្រង​នូវ​គុណ​តម្លៃ​វប្បធម៌ ប្រពៃណី​ទំនៀម ទម្លាប់​ថែមទៀត​ក្នុង​តំបន់ ដើម្បី​បង្ហាញ​និង​ផ្តល់​បទពិសោធន៍​ល្អ​ឯក​របស់​តំបន់​នីមួយៗ ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ​ផងដែរ ហើយ​ដែល​នឹង​អាចជួយ​ជំរុញ​បន្ថែមទៀត នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ច្នៃប្រឌិត (Creative Economy) លើសពី​ផលិតផល​ទេសចរណ៍​ដែល​តំបន់​ជនបទ​តែងតែ​ផ្តល់ជូន​ដូចជា​៖ ទេសចរណ៍វប្បធម៌ បេតិកភណ្ឌ ទេសចរណ៍​ម្ហូបអាហារ ទេសចរណ៍​សុខភាព – ផាសុកភាព ទេសចរណ៍​កីឡា និង​ទេសចរណ៍ ធម្មជាតិ​។ ដូចនេះ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ បង្កើន​ការយកចិត្តទុកដាក់​លើ​ការ រៀបចំ​អភិវឌ្ឍ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ទេសចរណ៍​តំបន់​ជនបទ ក៏ដូចជា​កញ្ចប់​ទស្សន​កិច្ច​នានា ប្រកបដោយ​ភាព ទាក់ទាញ និង​មានការ​ចងចាំ​ល្អ​។​

​ក្នុងដំណាក់កាល​ចំពោះមុខ ការធានាបាន​នូវ​ការមិន​ឆ្លង​ក្នុង​សហគមន៍ ការទប់ស្កាត់​ករណី​នាំចូល រួមផ្សំ​នឹង ការប្រតិបត្តិ​តាម​វិធាន​សុវត្ថិភាព និង​អនាម័យ ជា​មូលដ្ឋាន​ស្នូល​នៃ​ការកសាង ទំនុកចិត្ត និង​ភាពជឿជាក់ ដល់​ភ្ញៀវ ទេសចរ​ជាតិ និង​អន្តរជាតិ ដែលជា​កត្តា​មិនអាច​ខ្វះ​បាន​ក្នុង​ដំណើរការ​នៃ​ការចាប់ផ្តើម​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍ ក្នុងស្រុក និង​អន្តរជាតិ ។​

​សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន អំពាវនាវ​ផងដែរ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ក្រសួង​ស្ថាប័ន អាជ្ញាធរ ពាក់ព័ន្ធ ផ្នែក​ឯកជន និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ សូម​បន្ត​ចូលរួម​គាំទ្រ និង​រួមចំណែក​ឱ្យ កាន់តែ​សកម្ម​ក្នុងការ​អភិវឌ្ឍ​ទេសចរណ៍​កម្ពុជា តាមរយៈ​ការថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ រក្សា​សម្បត្តិ​វប្បធម៌ ប្រពៃណី ការពារ​បរិស្ថាន លើកកម្ពស់​គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ រក្សា​សន្តិសុខ និង​សុវត្ថិភាព​ជូន ភ្ញៀវទេសចរ ។​

​ជាទី​បញ្ចប់ សម្តេច​តេ​ជោ សូម​ជូនពរ​ឱ្យ​ការរៀបចំ ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០២០ ជា​ផ្លូវការ​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន ប្រេ​ស៊ី​ល ប៉ា​រ៉ា​ហ្គា​យ អ៊ុយ​រូ​ហ្គា​យ ដោយមាន​ប្រទេស​ស៊ី​លី (Chile) ជា​ប្រទេស​សង្កេតការណ៍ ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពជោគជ័យ​៕ ដោយ​៖​កូ​ឡាប​

spot_img
×