Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​និង​អាមេរិក បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​ទប់ស្កាត់​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន

spot_img

​ភ្នំពេញ​៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បានទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Benjamin Wohlauer អនុប្រធាន​បេសកកម្ម​ការទូត ប្រចាំ​ស្ថានទូត​សហរដ្ឋ​មេ​រិ​ក ដែល​ទើបត្រូវ​បានតែងតាំង​ថ្មី និង​លោក Russell Bash សេនានុព័ន្ធ តំណាង​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក នៅ​រសៀល​ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ​២០២០​។

​ខ្លឹមសារ​សំខាន់​នៃ​ជំនួប​ពិភាក្សា​នេះ គឺ​ផ្តោត​សំខាន់ ទី​១. លើ​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ក្នុង​អាណត្តិ​ការងារ​ថ្មី​របស់លោក Benjamin Wohlauer ជា​អនុប្រធាន​បេសកកម្ម​ការទូត ដោយមាន​មូលដ្ឋាន​ផ្អែកលើ​អនុស្សរណ​នៃ​ការយោគយល់​គ្នា ដែលមាន​ស្រាប់ និង​ទី​២. មានបំណង​ស្វែងយល់​អំពី​តម្រូវ​ការចាំបាច់ របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​ភាគី​សហរដ្ឋអាមេរិក​អាច​ផ្តល់ជូន សំដៅ​ជួយ​គ្នា​ទៅវិញទៅមក លើ​ការងារ​អនុវត្ត​ច្បាប់ ដើម្បី​បង្ការ និង​ទប់ស្កាត់​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​បទល្មើស​អន្តោប្រវេសន៍ រវាង​ប្រទេស​ទាំងពីរ​។​

​ជាការ​ឆ្លើយតប ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បានបញ្ជាក់​ជូន​ថា​: ក្នុង​អាណត្តិ​ការងារ​ថ្មី​របស់លោក Benjamin Wohlauer អនុប្រធាន​បេសកកម្ម​ការទូត កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ រវាង​ប្រទេស​ទាំងពីរ លើ​វិស័យ​អន្តោប្រវេសន៍ នឹង​កាន់តែ​ល្អប្រសើរ​ថែមទៀត តាមរយៈ​ការផ្លាស់ប្តូរ​ព័ត៌មាន និង​ការផ្តល់​វគ្គ​បណ្តុះបណ្តាល​ជំនាញ និង​ជំនួយ​បច្ចេកទេស​ផ្សេងៗ ដែលជា​តម្រូវ​ចាំបាច់​សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់​កម្ពុជា​។
​ឆ្លៀត​ក្នុងឱកាស​នៃ​ជំនួប​ពិភាក្សា​នេះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក តែងតែ​យកចិត្តទុកដាក់ ជួយ​ដល់​កម្ពុជា​លើ​វិស័យ​អនុវត្ត​ច្បាប់ តាមរយ​:​ការផ្តល់​ជា​ជំនួយ​បច្ចេកទេស និង​ការផ្តល់​វគ្គ​សិក្សា​ជំនាញ និង​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ពាក់ព័ន្ធ ដល់​មន្ត្រី​អនុវត្ត​ច្បាប់​កម្ពុជា នាពេល​កន្លងមក​៕
​ដោយ​៖​កូ​ឡាប​

spot_img
×