Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​រាជរដ្ឋាភិបាល​ថ្លែងប្រាប់​មហាសន្និបាត​UN​ថា សហភាព​អឺរ៉ុប​ដកហូត EBA មួយផ្នែក​ពី​កម្ពុជា ខណៈ​កម្ពុជា​កំពុង​ប្រឹងប្រែង​តស៊ូ​ជម្នះ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ គឺជា​រឿង​ច្រំ​ដែល​នៃ​ប្រវត្តិសាស្ត្រ​(វីដែអូ)

spot_img

​ភ្នំពេញ​៖​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ធ្វើឡើង ក្នុងឱកាស​អញ្ជើញ​ចូលរួម​កិច្ចពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៥​កាលពីពេល​ថ្មីៗ​នេះ​តាម​ប្រព័ន្ធ​វីដេអូ​,​ដោយ​បញ្ជាក់ថា​ទោះបីជា​យ៉ាងណា​, កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​យ៉ាង​ពេញទំហឹង​, ដូចដែល​ខ្លួន​ធ្លាប់​បានធ្វើ​អស់​រយៈពេល ៤០​ឆ្នាំ​កន្លងមកនេះ ,​ក្នុងការ​ការពារ​នូវ​អ្វីដែល​ខ្លួន​ជឿជាក់ថា​ជា​មាគ៌ា​ដ៏​ត្រឹមត្រូវ នោះ​គឺ​ការការពារ​អធិបតេយ្យភាព​និង ថែរក្សា​សន្តិភាព ដែល​កសាងបាន​យ៉ាង​លំបាកលំបិន និង ទទួលបាន​នូវ​ការ​សាទរ​ពេញទំហឹង​ដោយ​ប្រជាជាតិ​កម្ពុជា​ទាំងមូល ដែល​បាន​ឆ្លងកាត់​សោកនាដកម្ម​ដ៏​ខ្លោចផ្សា​បំផុត​និង កំពុងតែ​ងើបឈរ​ឡើងជា​ប្រជាជាតិ​មួយ​ស្មើ​មុខមាត់​,​ស្មើភាព និង ស្មើ​សិទ្ធ ជាមួយ​បណ្តា​ប្រជាជាតិ​ដទៃ​នៅក្នុង​តំបន់ និង សកលលោក ។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែកញ្ញា​បញ្ជាក់ថា​សម្តេច​តេ​ជោ​បាន​លើក​ថា ជាការ​ពិត​,​ពិភពលោក​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ខ្ពស់​មិន​ធ្លាប់​ជួបប្រទះ ក្នុង​រយៈពេល​៣០ ឆ្នាំ​ចុង​ក្រោយនេះ​, បង្កឡើង​ដោយ​ឥទ្ធិពល​រួមបញ្ចូល​គ្នា​នៃ​បញ្ហា​ជាច្រើន រួមមាន លទ្ធភាព​ឈានទៅរក​សង្គ្រាមត្រជាក់​បែ​ប​ថ្មី​ដែល​អាច​នាំឱ្យមាន​ការផ្លាស់​ប្តូរ​យ៉ាង​ស៊ីជម្រៅ​ក្នុង​ទិដ្ឋភាព​ភូមិសាស្ត្រ​នយោបាយ​ជាស​កល​;​ការបន្ត​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩; ការប្រែប្រួល​អាកាសធាតុ​និង​បរិស្ថាន​;​បញ្ហា​ភេរវកម្ម​មិនមែន​រដ្ឋ​;​និង ភាពអត់ឃ្លាន​, ទុក្ខវេទនា និង ការកេងប្រវ័ញ្ច ដែល​ធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​រងគ្រោះ ផងដែរ​។​

​សម្តេច​តេ​ជោ​បន្តថា ជំងឺ​រាតត្បាត​កូ​វីដ​-១៩,​ការស្ដា​សេដ្ឋកិច្ច​និង​សង្គម​ឡើងវិញ​ក្នុង​ប្រវត្តិសាស្ត្រ​, យើង​ពុំ​ធ្លាប់​ជួប​វិបត្តិ​សុខាភិបាល​ណា​ដែល​បង្ក​ផលប៉ះពាល់ និង ផ្ដល់​ផលវិបាក ក្នុង​កម្រិត​ធ្ងន់ធ្ងរ​បែបនេះ ទេ​។​ទោះបីជា​យើង​ពុំទាន់​អាច​វាយតម្លៃ​បាន​ពេញលេញ​នៅឡើយ អំពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅលើ​សេដ្ឋកិច្ចពិភពលោក​,​យើង​អាច​ប្រមើល​ឃើញ​បាន​អំពី​យថាភាព​ដ៏​អាក្រក់​នៃ​ការ​ក្ស័យ​-​ធន ផ្នែក​ធុរកិច្ច និង ការបាត់បង់​ការងារ​ដែល​បាន​កំពុង​បង្ក​ផលប៉ះពាល់​ដល់​ជីវភាព​មនុស្ស​រាប់លាន​នាក់ ។​

​សម្តេច​តេ​ជោ​ក៏បាន​លើក​ពី​បញ្ហា និង​ការ​ប្រឈម​ជាស​កល ពិនិត្យ​លើ​ស្ថានភាព​សេដ្ឋកិច្ច​សកលលោក ដែល​កំពុងតែ​ទទួលរង​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូ​វីដ​-១៩,​សម្តេច​មានការ​ព្រួយបារម្ភ​ជាពិសេស​អំពី​ផលប៉ះពាល់​ចំពោះ​ធនធាន​សម្រាប់​យកទៅអនុវត្ត​លើ​ការ​-​ងារ​ជា​អាទិភាព ដើម្បី​សម្រេចបាន​នូវ​របៀបវារៈ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ ២០៣០ តាម​ពេលវេលា​កំណត់ ដែល​ប្រការនេះ​អាច​ទាមទារ​ឲ្យ​យើង​ធ្វើការ​វាយតម្លៃ​ឡើងវិញ​អំពី​លទ្ធភាព​នៃ​ការសម្រេចបាន​នូវ​បណ្តា គោលដៅ​ដែល​ត្រូវបាន​ដាក់ចេញ​កន្លងមក ។​

​សម្តេច​លើកឡើងថា​បញ្ហា​ភេរវកម្ម ដោយ​សម្តេច​យល់ឃើញថា ការមិន​អើពើ​ចំពោះ​ការគំរាមកំហែង​ពី​ភេរវកម្ម​មិនមែន​រដ្ឋ ដោយ​គ្រាន់តែ​សង្ឃឹមថា​វា​នឹង​រលត់ទៅវិញ​ដោយ​ឯកឯង គឺជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ​។​ជាមួយនេះ​, យើង​ក៏ត្រូវ​ទទួលស្គាល់​ដែរ​ថា ឫសគល់​នៃ​ជម្លោះសាសនា​ជ្រុលនិយម​នេះ មិនទាន់​ត្រូវបាន​ដោះស្រាយ​នៅឡើយ​ទេ​។​ជាការ​ពិត​,​ភាព​ជ្រុល​-​និយម​គ្រប់​ទម្រង់​មាន​ប្រភព​ចេញមក​ពី​អយុត្តិធម៌​សង្គម ដែល​កើតឡើង​ដោយសារ​ការរើសអើង​យេនឌ័រ​,​ភាសា​,​ពណ៌​សម្បុរ​, ជំនឿ ឬ ដើមកំណើត​ជាតិ​សាសន៍ ។

​សម្តេច​ត​ជោ​បន្តថា​៖​កម្ពុ​ជាមាន​មោទនភាព​ចំពោះ​ការរួមចំណែក​រក្សា​សន្តិភាព​ពិភពលោក ក្នុងអំឡុងពេល​ជាច្រើន​ឆ្នាំ​មកនេះ ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ។ បច្ចុប្បន្ន​, កម្ពុ​ជាមាន​កងកម្លាំង​មួក​ខៀវ ជិត ៨០០ នាក់ ដែល​ក្នុងនោះ​មាន ១០% គឺជា​ស្ត្រី កំពុង​បំពេញបេសកកម្ម​នៅ​ស៊ូដង់​, ស៊ូដង់​ខាងត្បូង​, លី​បង់​, ម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ។​

​ក្នុងឱកាស​ប្រារព្ធ​ខួប​លើក​ទី ៧៥ នៃ​ការបង្កើត​អង្គការសហប្រជាជាតិ យើង​ត្រូវ​ផ្តល់​កិត្តិយស​ដល់ ជន​ក្លាហាន​ទាំងអស់​ដែល​បាន​លះបង់​ជីវិត រួមទាំង​កងកម្លាំងរ​ក្សា​សន្តិភាព​កម្ពុជា​ដែល​បាន​បូជាជីវិត ដើម្បី​បុព្វហេតុ​ដ៏​ឧត្តុង្គឧត្តម​នៃ​ការចូលរួមចំណែក​កសាង​ពិភពលោក​មួយ កាន់តែ​ល្អប្រសើរ និង ប្រកបដោយ​សុខ​-​សន្តិភាព​។​កម្ពុជា​បន្ត​ប្តេជ្ញាចិត្ត​ជានិច្ច​ក្នុង​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ថែរក្សា​សន្តិភាព ក្នុង​គោលដៅ​លើក​-​កម្ពស់​សន្តិភាព និង ការអភិវឌ្ឍ​សម្រាប់​គ្រប់ៗ​គ្នា ។​

​សម្តេច​លើកឡើងថា​៖​ក្នុងនាម​ជា​ប្រទេស​តូច​មួយ​កម្ពុជា​ស្រលាញ់​សន្តិភាព និង ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​,​កម្ពុជា​អាច​ដើរតួនាទី​ចូលរួមចំណែក​របស់ខ្លួន​នៅក្នុង​សហគមន៍​អន្តរជាតិ​បាន លុះត្រាតែ​មានការ​ធានាថា វិធាន​ច្បាប់​នានា​ដែល​គ្រប់គ្រង​ប្រព័ន្ធ​អន្តរជាតិ ត្រូវបាន​អនុវត្ត​ប្រកបដោយ​សមភាព ។ គួរឱ្យ​សោកស្ដាយ​,​ដែលជា​រឿយៗ អាស្រ័យ​ទៅនឹង​មហិច្ឆតា​នយោបាយ និង របៀបវារៈ​ឱកាសនិយម​លាក់ពុត​របស់​ប្រទេស​មួយចំនួន​, កម្ពុជា​ត្រូវ​ប្រឈមមុខ​នឹង​ស្តង់ដារ​ទ្វេ​ដែល​ប្រកបដោយ​ល្បិចកល និង ការសម្រេចចិត្ត​ដែលមាន​ភាព​-​លម្អៀង និង មាន​ចេតនា​នយោបាយ ពោលគឺ ភាពអយុត្តិធម៌ ។​

​សម្តេច​បាន​រំលឹក​UN​ថា​ប្រមាណ​ជាង ៤០ ឆ្នាំមុន​, កម្ពុជា​ត្រូវបាន​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​ដែល​ប្រជាជន​កម្ពុ​ជាជាង ២ លាន​នាក់ បាន​បាត់​បង់ជីវិត​នៅក្នុង​ដៃ​របប​ដ៏​ព្រៃផ្សៃ​នេះ ។ អ្នក​រស់រានមានជីវិត​ទាំង​បាក់ស្បាត និង សល់​តែ​បាតដៃ​ទទេ គឺជា​អ្នក​ដែល​ស្ដារ​ប្រទេសជាតិ​ពី​គំនរ​ផេះផង់​។​អ្វីដែល​គួរឱ្យ​ហួសចិត្ត គឺ​អ្នក​ដែល​រស់រានមានជីវិត​ទាំងអស់នោះ បែរជា​ទទួលរង​ទណ្ឌកម្ម​ពី​សមាជិក​ភាគច្រើន​នៃ​អង្គការសហប្រជាជាតិ​ដែល​ថែមទាំង​បានអនុញ្ញាត​ឱ្យ​មេ​ពិឃាត​ខ្មែរក្រហម កាន់កាប់​អាសនៈ​របស់​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​ទៅវិញ​។​រដ្ឋាភិបាល​ដដែល​ទាំងនោះ​, ដែល​បាន​ផ្សព្វផ្សាយ​ឥតឈប់ឈរ​អំពី​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​, គឺជា​អ្នក​ដែល​បាន​រារាំង​ប្រជាជន​យើង​ពី​ការទទួលបាន​ចំណីអាហារ​,​សុខុមាលភាព​,​ការអប់រំ​,​ផ្ទះសម្បែង​, ការអភិវឌ្ឍ និង​ជាពិសេស សុខ​-​សន្តិភាព​, អស់​រយៈពេល​ជាង ១២ ឆ្នាំ ។​

​សម្តេច​តេ​ជោក៍​បាន​លើកឡើងថា​៖ លើសពីនេះ​ទៀត​, ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ត្រូវបាន​គេ​ប្រើប្រាស់​ដោយ​ឥត​ញញើត​និង​ធ្វើឡើង​ក្នុង​កម្រិត​មួយ​ដែល​បំផ្លិចបំផ្លាញ​គោលការណ៍​មូលដ្ឋាន​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ជាអាទិ៍ សិទ្ធិ​ស្វ័យ​-​សម្រេច​និង អធិបតេយ្យ​ជាតិ ។ ក្នុង​បរិបទ​នេះ​, ការបំផ្លាញ​សណ្តាប់ធ្នាប់​អន្តរជាតិ គឺជា​មូលហេតុ​នៃ​ក្ដីបារម្ភ​ដ៏​ធំធេង​របស់​យើង​។​ទន្ទឹមនេះ​, លទ្ធភាព​នៃ​ការកើតឡើង​នូវ​“​សង្គ្រាមត្រជាក់​បែប​ថ្មី​” ក៏បាន​ក្លាយជា​កង្វល់​ដ៏​ចម្បង​មួយទៀត​ព្រោះថា ប្រទេស​កម្ពុជា​ដ៏​តូច​មួយ​នេះ​ធ្លាប់បាន​បង់ថ្លៃ​យ៉ាងដំណំ​ដោយសារ​ជម្លោះ​សង្គ្រាមត្រជាក់​, ការខ្វែងគំនិត​គ្នា​ផ្នែក​មនោគមវិជ្ជា និង ការប្រកាន់ ឥរិយាបថ​ជាតិនិយម​ជ្រុល​៕​ឡេង បញ្ញា​ឬ​ទ្ធិ​


spot_img
×