Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​បង្ក្រាបបាន​ក្រុមចោរ​ប្រមាណ ១៣​នាក់​ប្លន់​យ៉ាង​កក្រើក​តាមផ្លូវ​ជាតិ​លេខ​៣ លេខ​៤ និង​ផ្លូវ លេខ​៤១

spot_img

​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​កំបូល សហការ​ជាមួយ​កម្លាំង​នគរបាល​តាម​បណ្តា​ខណ្ឌ​នានា នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ និង​ខេត្តបាត់ដំបង បានធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ក្រុមចោរប្លន់​យ៉ាងសកម្ម នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ និង​ផ្លូវ​លេខ​៤១ ខេត្តកំពង់ស្ពឺ រួមទាំង​អ្នកទទួលផល​ចោរកម្ម​ផង​នោះ ប្រមាណ ១៣​នាក់ បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់ ។​

​លោក​វរសេនីយ៍ទោ ឈឹម សា​វុ​ទ្ធ អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល ប្រាប់​ឲ្យ​ដឹង នា​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០​នេះ ថា កាលពី​អំឡុង ខែឧសភា និង ខែកញ្ញា ឆ្នាំ​២០២០ មាន​ករណី​អំពើ​ប្លន់​ម៉ូតូ​ពី​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ កើតឡើង នៅក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ និង សង្កាត់​ប្រទះ​ឡាង ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ បង្កឡើង​ដោយ​ក្រុម​ជនសង្ស័យ​ជាច្រើន​នាក់ ។ បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង ដើម្បី​ឲ្យ​សមត្ថកិច្ច​បើក​ការស្រាវជ្រាវ ។​

​លោក​វរសេនីយ៍ទោ ឈឹម សា​វុ​ទ្ធ ប្រាប់​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ភ្លាមៗ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​កំបូល ដឹកនាំ​ដោយ​លោក​ផ្ទាល់​ក្រោម​ការណែនាំ​ពី​លោក​វរសេនីយ៍ឯក ហង្ស មុនី អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល ស្រាវជ្រាវ​ស៊ើបអង្កេត សហការ​ជាមួយ​កម្លាំង​នគរបាល​តាម​បណ្តា​ខណ្ឌ​នានា ដែល​ពាក់ព័ន្ធ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ នគរបាល​ខេត្តកំពង់ស្ពឺ និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ខេត្តបាត់ដំបង ដោយមាន​ការសម្របសម្រួល​ពី​ស្ថាប័ន​តុលាការ​ផងដែរ រហូត​បង្ក្រាប​ក្រុម​ជនសង្ស័យ​បានជា​បន្តបន្ទាប់ រួមទាំង​អ្នកទទួលផល​ចោរកម្ម សរុប​ទាំងអស់ ១៣​នាក់ ដកហូត​វត្ថុតាង ពាក់ព័ន្ធ​មួយចំនួន ។​

​លោក​អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល ប្រាប់​បន្ត​ឲ្យ​ដឹងថា ក្រុម​ជនសង្ស័យ​ទាំងអស់នោះ តែងតែ​ធ្វើ​សកម្មភាព​ប្លន់​ប្រជាពលរដ្ឋ​យ៉ាង​កក្រើក នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ និង​ផ្លូវ​លេខ​៤១ ខេត្តកំពង់ស្ពឺ ។ ក្រុម​ជនសង្ស័យ​ទាំងនេះ ក៏មាន​នៅ​សេសសល់​បក្ខពួក​មួយចំនួន ដូច្នេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់លោក ក៏​កំពុង​តាម​ស្រាវជ្រាវ​ផងដែរ ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់ ។​

​ជាមួយគ្នានេះ​ក្រុម​ជនសង្ស័យ រួមទាំង​អ្នកទទួលផល​ចោរកម្ម សរុប​ទាំងអស់ ១៣​នាក់ ត្រូវបាន​កម្លាំង​របស់​លោក​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕
​ដោយ​៖​កូ​ឡាប​

spot_img
×