Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ប្រវឹក​ព្រៃ​ចំនួន​៥៥៣​ក្បាល ដែល​ចាប់បាន​ពី​ជនល្មើស យកទៅ​លេង​នៅ​បឹង​ធម្មជាតិ​(វីដេអូ)

spot_img

​សៀមរាប​៖ លោក​វរសេនីយ៍ឯក លឹម​សម្បត្តិ អធិការនគរបាល​ស្រុក​ប្រាសាទបាគង​បាន​ថ្លែងថា សត្វ​ប្រវឹក​ព្រៃ​ចំនួន​៥៥៣​ក្បាលមាន​សេរីភាព​ហើយ​។ លោក​ថា “​ថ្ងៃនេះ​ថ្នាក់ដឹកនាំ​ទាំងអស់គ្នា​បាន​ស្រោចស្រង់​ប្រោស​ជីវិត សត្វ​ប្រវឹក​ឲ្យ​មាន​សេរីភាព​ក្នុង​ទីឋាន​ដ៏​សែន​សុខ​មនោ​រម្យ​ក្នុងនាម​ជា​បក្សាបក្សី ហែល​ហើរ​ត្រាច់ចរ​យ៉ាង​ស្រស់បំព្រង​នៅ ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២០”​។​

​លោក​ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បាន​ថ្លែងថា​“​សត្វ​ប្រវឹក​” ត្រូវបាន​លែងឱ្យ​មាន​សេរីភាព​ឡើងវិញ​នៅក្នុង​តំបន់​អភិរក្ស​នៃ​សហគមន៍​ទេសចរណ៍​បឹង​ឈូក ស្រុក​បន្ទាយស្រី​។

​លោក​បន្តថា ឆ្លៀតពេល​ចុង​សប្តាហ៍ នាំ​កូនតូចៗ​មក​ចូលរួម​និង​បានឃើញ ការលែង​សត្វ​ប្រវឹក​ដែល​ត្រូវបាន​រឹបអូស និង​សង្គ្រោះ​ពី​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ដោយមាន​ការចូលរួម​ពី​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​លោក ម៉ក់ ធារ៉ា ស្នងការរង​ទទួលបន្ទុក​ការងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ព្រមទាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រីនគរបាល និង​តំណាង​សហគមន៍​បឹង​ឈូក​ជាច្រើនរូប​ទៀត​។

​លោក​ថា ដោយហេតុតែ​បឹង​ឈូក​មាន​តំបន់​ព្រៃ​ក្បាល​ជប់​លិច​ទឹក ដែល​តែងតែមាន​សត្វ​ស្លាប​ចុះ​និង​រស់នៅ​ជាប្រចាំ ហើយ​សហគមន៍​នៅទីនេះ​មានការ​គ្រប់គ្រង​ល្អ​និង​ប្តេជ្ញា​ខ្ពស់​លើ​ការងារ​អភិរក្ស​ជីវៈចម្រុះ តំបន់​នេះ​មាន​លក្ខណៈសម្បត្តិ​សមស្រប​សម្រាប់​ការលែង​សត្វ​ប្រវឹក​ទាំងអស់នេះ ហើយ​អាច​នឹង​បង្កើត​ភាព​ទាក់ទាញ​ខាង​ផ្នែក​ទេសចរណ៍​សម្រាប់​អ្នក​ស្រឡាញ់​សត្វ​ស្លាប​នាពេល​អនាគត​ផងដែរ ប្រសិនបើ​សត្វ​ស្លាប​ទាំងនេះ​ចាប់យក​បឹង​ឈូក​ជាទី​ជម្រក​។​

​លោក​វរសេនីយ៍ឯក លឹម​សម្បត្តិ បាន​បញ្ជាក់ថា អនុវត្តតាម​ផែនការ របស់​គណៈបញ្ជាការ​ឯកភាព​នៃ​រដ្ឋបាល​ខេត្តសៀមរាប ដែលមាន​ឯកឧត្តម​ទៀ សីហា អភិបាលខេត្ត​សៀមរាប ជា​ប្រធាន និង​ដោយ​មានការ​ក្រើនរំឭក​ជាប្រចាំ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​លោក​សូរ ប្លា​តុង ប្រធាន​គណៈ បញ្ជាការ​ឯកភាព​ស្រុក កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ឈានចូល​ព្រឹក​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០២០​នេះ កំលាំង​អធិការនគរបាល​ស្រុក​ប្រាសាទបាគង ចូលរួម​សហការ​ណ៍​ជាមួយ​កំលាំង​ការិយាល័យ​ព្រហ្មទណ្ឌ និង​កំលាំង​ការិយាល័យ​អន្តរា​គម៍​ខេត្ត ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប្រាក់ សុ​វណ្ណា​រ័ត្ន ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានធ្វើ​ការឃាត់ រថយន្ត​សង្ស័យ ០១​គ្រឿង ម៉ាក​ឡង់​គ្រី​ស័​រ​ពណ៍​ត្រេអ៊ី​ប៉ា​រា ពាក់​ផ្លាកលេខ ខម​2-6158 នៅ​ចំណុច​ភូមិ​ជ្រៃ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​បាន​រកឃើញ​មាន​សត្វ​ប្រវឹក​ព្រៃ​ចំនួន​៥៥៣​ក្បាល​។​

​បន្ទាប់ពី​បាន​ត្រួតពិនិត្យ និង​ឃើញ​មានការ​ដឹក​សត្វ​ប្រវឹក​ព្រៃ​ដោយ​ខុសច្បាប់ ភ្លាមៗ យើង​បានធ្វើ​ការឃាត់​ជនសង្ស័យ​ចំនួន​២ នាក់ ជា​អ្នកបើកបរ​និង​អ្នករួមដំណើរ ទី​១/​ឈ្មោះ យ៉េ​ង ឈុន​ហេង ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឬ​ស្សី សង្កាត់​ពន្លក ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​និង​ទី​២/​ឈ្មោះ ឆាត រស្មី រស់នៅ​ភូមិ​គាប ឃុំ​ទឹក​ផ្លា ស្រុក​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការ​សាកសួរ​នាំ​។

​បន្ទាប់ពី បាន​សាកសួរ ជនសង្ស័យ​បាន​សារភាពថា សត្វ​ប្រវឹក​ព្រៃ​ទាំងនេះ ត្រូវបាន​ពួកគេ​លួច​នាំចូល​មកពី​ខេត្ត​ស្រះកែវ ប្រទេស​ថៃ បម្រុង​យកទៅលក់​នៅ​រាជធានី​ភ្នំពេញ​។

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ប្រាសាទបាគង​សហការ ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានធ្វើ​កំណត់ហេតុ និង​ប្រគល់​បន្ត​ជូន ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្រុក​បន្ទាយស្រី ដើម្បី ចាត់ការ បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​៕ ដោយ​៖​កូ​ឡាប​

spot_img
×