Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនស្រ្តីឈ្មោះ សំ សុខា​ យកស្បែកជើងគប់រូបសម្ដេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន ក្រោយរត់គេចដល់ប្រទេសថៃ

spot_img

ភ្នំពេញ៖ ស្រ្តីឈ្មោះ សំ សុខា ជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលយកស្បែកជើងគប់ ស្លាកគណបក្សប្រជាជនកម្ពុជា ដែលមានរូបសម្ដេចតេជោ ហ៊ុន សែន ​និងសម្តេចហេង សំរិន ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ ចាប់ខ្លួនបាននៅរសៀលថ្ងៃទី៨​ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ការចាប់ខ្លួនស្ដ្រីរូបនេះត្រូវបានធ្វើឡើង ក្រោយ​លោក អ៊ុក រ៉េតគន្ធា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨កន្លងទៅ។ ដីកាដដែលបញ្ជាក់ថា ស្ដ្រីឈ្មោះ សំ សុខា អាយុ៣៨ឆ្នាំ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ គិតពីថ្ងៃចាប់ខ្លួនបាន និងពិន័យជាប្រាក់ ៥លានរៀល ពីបទញុះញង់ឲ្យមានការរើសអើង និងជេរប្រមាថ ប្រព្រឹត្តទៅនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៤៥ ចន្លោះគីឡូម៉ែត្រលេខ ៤-៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៩៤ , ៤៩៦ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ។ ស្រ្តីរូបនេះ កើតនៅភូមិអូរស្វាយចេក ឃុំចំការក្នុង ស្រុកទីរួមខេត្តតាកែវ ស្នាក់នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។​លោក អ៊ុក រ៉េតគន្ធា ក៏បានបញ្ជាដល់កម្លាំងសាធារណៈឲ្យស្រាវជ្រាវរកចាប់ខ្លួន និងនាំខ្លួនឈ្មោះ សំ សុខា មកឃុំខ្លួននៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ៣៦ ជ ចុះថ្ងៃទី២៥ខែមករាឆ្នាំ២០១៨ របស់សាលាដំបូងខេត្តកំពង់ស្ពឺ។

បើយោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ របស់លោក កែវ សុធា តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ឈ្មោះសំ សុខា បានយកស្បែកជើងគប់ទៅលើស្លាកគណបក្សប្រជាជនកម្ពុជានិងប្រើពាក្យថា “អានេះវាដើរបំផ្លាញជាតិដល់នេះទៀត”។ “អំពើនេះជាបទល្មើសប្រមាថ និងញុះញង់ឲ្យមានការរើសអើងតាមមាត្រា ៥០២ , ៤៩៤ និង៤៩៦ នៃក្រមព្រហ្មទណ្ឌ”។

ស្រ្តី ​សំ សុខា បានរត់គេចខ្លួនពីកម្ពុជា ទៅរស់នៅ​ទីក្រុងបាងកក ប្រទេសថៃ ​ចាប់តាំងពី​ខែមេសា ​ឆ្នាំ២០១៧ ក្រោយពេលដែលនាងបានយកស្បែកជើងគប់រូបប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

បើ​យោងតាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​ បានផ្សាយថា កាលពី​ថ្ងៃទី ៣ កុម្ភៈ ស្រ្តី ឈ្មោះសំ សុខា ជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ​​រត់គេចខ្លួន​ពី​កម្ពុជា​ ត្រូវបាន​ចាប់ខ្លួន​នៅ​ប្រទេស​ថៃ ហើយការចាប់ខ្លួនស្រ្តីរូបនេះ ដោយសារមានទោស​ពីបទ​ស្នាក់នៅ​ហួស​ទិដ្ឋាការ​កាលពីដើម​ខែមករា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ស្រ្តី សំ សុខា បានចេញវីដេអូឃ្លីបដោយជេរប្រមាថធ្ងន់ៗ ទៅលើថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជន ថែមទៀតរួមមាន សម្តេចតេជោ ហ៊ុន សែន សម្តេចពញាចក្រី ហេង​ សំរិន និងសម្តេចក្រឡាហោម ស ខេង ជាដើម។ ក្រោយធ្វើសកម្មភាពបែបនេះ ស្ដ្រីរូបនេះក៏បានរត់គេចខ្លួនចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ ហើយក៏ត្រូវបានតុលាការចេញដីកាបបង្គាប់ឲ្យចាប់ខ្លួន ទើបកម្លាំងនគរបាលតាមចាប់ខ្លួនបាន៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×