Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ស្នើ​ឲ្យ​មានការ​យោគយល់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បីឱ្យ​ការសិក្សា និង​ការអនុវត្ត​គម្រោង ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ប្រព្រឹត្តទៅបាន​ជោគជ័យ តាម​ការគ្រោងទុក​

spot_img

​សៀមរាប ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប​ទាំងអស់ សូម​ចូលរួម​សហការ​ប្រកប​ដោយ​ការយោគយល់ ជាមួយ​គណៈកម្មការ​អន្តរក្រសួង ក្រុមការងារ​បច្ចេកទេស និង​អង្គភាព​និង​ក្រុមហ៊ុន​សាងសង់ ដើម្បីឱ្យ​ការសិក្សា​និង​ការអនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ប្រព្រឹត្តទៅបាន​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ តាម​ការគ្រោងទុក​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ និង​ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា​និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨ ខ្សែ​នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង ចុះ​ពិនិត្យមើល​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ទាំងនេះ នៅក្នុង​ក្រុង​សៀមរាប​។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា​សុផារ៉ា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បានសម្រេច​ផ្ដល់​ថវិកា សម្រាប់​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨ ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ក្នុង​គោលបំណង​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង បង្កើត​ការងារ​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​ទៅមក បង្កើន​សោភ័ណភាព ជំរុញ​កំណើន​ភ្ញៀវទេសចរ និង​កំណើន​សេដ្ឋកិច្ចជាតិ​។ ជាមួយនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានលើកឡើង​អំពី​កិច្ចប្រជុំ​ពិភាក្សា របស់​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា​និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨ ខ្សែ​នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពីពេល​ថ្មីៗ​កន្លងមក ដែល​ក្នុង​កិច្ចប្រជុំ​នេះ បាន​ពិភាក្សា​និង​សម្រេច​ជ្រើសរើស​ខ្សែ​ផ្លូវ​សរុប​ចំនួន ៣៨ ខ្សែ​ប្រវែង ១០០​គីឡូម៉ែត្រ ដោយ​អនុលោម​តាម​ផែនការមេ និង​តាម​ប្លង់គោល ប្រើប្រាស់​ដី​ក្រុង​សៀមរាប​ចក្ខុវិស័យ​ឆ្នាំ ២០៣៥ ដែល​ត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់​ដោយ​សេចក្តីសម្រេច​លេខ 004 សសរ ចុះ​ថ្ងៃទី ៥ ខែកញ្ញា​ឆ្នាំ ២០១៨ របស់​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ថ្នាក់ជាតិ និង​ផែនការមេ នៃ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។ ក្នុងនាម​គណៈកម្មការ​អន្តរក្រសួង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប​ទាំងអស់ សូម​ចូលរួម​សហការ​ប្រកប​ដោយ​ការយោគយល់ ជាមួយ​គណៈកម្មការ​អន្តរក្រសួង ក្រុមការងារ​បច្ចេកទេស និង​អង្គភាព​និង​ក្រុមហ៊ុន​សាងសង់ ដើម្បីឱ្យ​ការសិក្សា​និង​ការអនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ប្រព្រឹត្តទៅបាន​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ តាម​ការគ្រោងទុក​។

​គួរ​បញ្ជាក់ថា ក្នុង​គោលដៅ​លើកកម្ពស់​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ និង​អ្នក​ទេសចរណ៍​នៅក្នុង​ក្រុង​សៀមរាប និង​ធ្វើ​ឲ្យ​ក្រុង​សៀមរាប ក្លាយទៅជា​ទីក្រុង​ទេសចរណ៍​កម្រិត​ពិភពលោក​នោះ ខ្សែ​ផ្លូវ​ដែល​ត្រូវធ្វើ​ការស្ថាបនា និង​កែលម្អ​ឡើងវិញ​ទាំងអស់ នឹងត្រូវ​ធ្វើឱ្យ​ក្លាយទៅជា​ផ្លូវ​ដែលមាន​មេត្រីភាព​ជាមួយ​វប្បធម៌ ប្រវត្តិសាស្ត្រ​និង​ទេសចរណ៍ និង​ស្របតាម​រូបសាស្ត្រ​ទីក្រុង និង​ត្រូវមាន​ការគិតគូរ​ជា​ប្រព័ន្ធ លើ​គ្រប់​ទិដ្ឋភាព ដូចជា​ប្រព័ន្ធ​លូទឹកកខ្វក់ លូទឹក​ភ្លៀង ចិញ្ចើមផ្លូវ ផ្លូវ​ថ្មើរជើង ផ្លូវ​សម្រាប់​ជន​មាន​ពិការភាព ផ្លូវ​ជិះ​កង់ ចំណតរថយន្ត ប្រព័ន្ធ​បំភ្លឺ​ផ្លូវ​សាធារណៈ ស្លាក​សញ្ញា​និង​គំនូស​ចរាចរណ៍ ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព អាង​ចម្រោះ​ទឹក​កខ្វក់ ព្រមទាំង​ការធ្វើ​សួន និង​ដាំ​ដើមឈើ​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×