Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាព​អឺរ៉ុប សន្យា​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​កសិកម្ម វារីវប្បកម្ម បាននិងកំពុង​ចូលរួម​យ៉ាងសកម្ម និង​ចាំបាច់​ក្នុង​កំណើន​សេដ្ឋកិច្ចកម្ពុជា​

spot_img

​ភ្នំពេញ​៖ វិស័យ​កសិកម្ម ពិសេស​វារីវប្បកម្ម បាននិងកំពុង​ចូលរួម​យ៉ាងសកម្ម និង​ចាំបាច់​ក្នុង​កំណើន​សេដ្ឋកិច្ចជាតិ រក្សាបាន​នូវ​និរន្តរភាព​ស្បៀង និង​បង្កើន​កម្រិតជីវភាព ក្នុងខណៈ​ដ៏​លំបាក​នៃ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩ ដូច្នេះ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សន្យាថា​នឹង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​មួយ​នេះ ពិសេស​វិស័យ​វារីវប្បកម្ម​ធ្វើយ៉ាងណា ជំរុញ​កំណើនសេដ្ឋកិច្ច ថែរក្សា​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ទាំង​ទឹកសាប និង​សមុទ្រ​ប្រកបដោយ​ចីរភាព​។​

ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន និង​លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ពិនិត្យ​តាមដាន និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​ទ្រទ្រង់​ថវិកា​នៃ​កម្មវិធី CAPFish-Capture និង CaPFish Aquaculture​។ កិច្ចប្រជុំ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន​អង្គការ ដៃគូ​អភិវឌ្ឍ នាយក​អង្គការ FAO, AFD and Unido និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើនរូប​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​ចន្ទ ទី​២៨ ខែកញ្ញា ឆ្នាំ​២០២០​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​ពិភាក្សា​នាពេលនេះ គឺជា​មានបំណង​ពិភាក្សា ពិនិត្យ​តាមដាន និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​ទ្រទ្រង់​ថវិកា​នៃ​កម្មវិធី CaPFish-Capture និង CaPFish Aquaculture ពិនិត្យ​លើ​លទ្ធផល​ដែល​បានសម្រេច កំណត់​ចំណុចខ្លាំង និង​ចំណុចខ្សោយ រួច​ឈានទៅ​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព និង​វិធានការ​ថ្មីៗ​ថែមទៀត​សម្រាប់​អនុវត្ត​បន្ត​ដើម្បី​ជំរុញ​វិស័យ​មួយ​នេះ​ឱ្យ​ឈាន​ទៅមុខ​ស្របតាម​ទិសដៅ​ដែល​បានកំណត់ និង​ជាពិសេស​ឆ្លើយតប​ទៅនឹង​ផែនការ​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​។

​ស្តែង​ចេញពី​សមិទ្ធផល​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ចំពោះ​កិច្ច សហការ និង​គាំទ្រ​ពី​សហភាព​អឺរ៉ុប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ អង្គការ​ជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​សហគមន៍​នេសាទ ដែល​បានរួម​ចំណែក​ឧបត្ថម្ភ​គាំទ្រ​ទាំង​សម្ភារ បច្ចេកទេស និង​ថវិកា ដើម្បី​ចូលរួម​ជា​កម្លាំង​ការពារ គ្រប់គ្រង អភិរក្ស​ធនធាន​ជលផល ព្រៃ​លិច​ទឹក បង្ក្រាប​បទល្មើស និង​ជួយ​បង្កើន​ផលិតភាព​ផលិតកម្ម​វារីវប្បកម្ម ធ្វើឱ្យ​វិស័យ​មួយ​នេះ​មានការ​វិវឌ្ឍន៍​រីកចម្រើន​គួរឱ្យកត់សម្គាល់​។
​ពិសេស​ជាងនេះទៅទៀត ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន ២ ០០០​លាន​រៀល ដើម្បី​ជួយ​ដល់​វិស័យ​វារីវប្បកម្ម​ផងដែរ​។

​នាឱកាស​នេះ លោកជំទាវ​ឯកអគ្គរដ្ឋទូត​ក៏បាន​ធ្វើការ​វាយតម្លៃ​ជារួម​លើ​លទ្ធផល​របស់​គម្រោង​ដែល​សម្រេចបាន និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

​លោកជំទាវ​បន្តទៀតថា កិច្ចប្រជុំ​នាពេលនេះ​មាន​សារសំខាន់ ព្រោះ​បាន​នាំយក​ភាគី​ពាក់ព័ន្ធ​គម្រោង​មក​ពិនិត្យ តាមដាន និង​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​ទ្រទ្រង់​ថវិកា​នៃ​កម្មវិធី CaPFish-Capture និង Capfish Aquaculture និង​លើក​ទិសដៅ​អនុវត្ត​បន្ត ដើម្បី​ឲ្យ​ការអនុវត្ត​គម្រោង​សម្រេច​ទទួលបាន​ជោគជ័យ​ដូច​ការគ្រោងទុក និង​ទទួលបាន​ប្រយោជន៍​សមស្រប​តាម​អ្វីដែល​វា​រី​វប្បករ​ចង់បាន​គឺ​សេដ្ឋកិច្ច​គ្រួសារ សន្តិសុខ​ស្បៀង និង​រក្ស​បាន​នូវ​ធនធានធម្មជាតិ​។
​ត្រង់ចំណុច​នេះ លោកជំទាវ​បាន​បន្តទៀតថា​វិស័យ​កសិកម្ម ពិសេស​វារីវប្បកម្ម បាននិងកំពុង​ចូលរួម​យ៉ាងសកម្ម និង​ចាំបាច់​ក្នុង​កំណើន​សេដ្ឋកិច្ចជាតិ រក្សាបាន​នូវ​និរន្តរភាព​ស្បៀង និង​បង្កើន​កម្រិតជីវភាព ក្នុងខណៈ​ដ៏​លំបាក​នៃ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩​។ ដូច្នេះ លោកជំទាវ​បាន​សន្យាថា​នឹង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​មួយ​នេះ ពិសេស​វិស័យ​វារីវប្បកម្ម​ធ្វើយ៉ាងណា​ជំរុញ​កំណើនសេដ្ឋកិច្ច ថែរក្សា​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ទាំង​ទឹកសាប និង​សមុទ្រ​ប្រកបដោយ​ចីរភាព​។ ព្រម​ជាមួយគ្នានេះ លោកជំទាវ​ក៏បាន​ជម្រាបជូន​អង្គពិធី​ផងដែរ​ថា EU នឹងមាន​គម្រោង​ថ្មីៗ​សម្រាប់​ជួយ​ដល់​វិស័យ​កសិកម្ម ដោយ​លោកជំទាវ​នឹង​រក​ពេលវេលា​សមស្រប​ណាមួយ ដើម្បី​ជួបពិភាក្សា​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​នាពេលខាងមុខ​។

​លោកជំទាវ​សង្ឃឹម និង​ជឿជាក់ថា​តាមរយ​:​គម្រោង​ដែល​បាន និង​កំពុង​អនុវត្ត​នឹង​ពិតជា​បាន​ជួយ​ដល់​វិស័យ​កសិកម្ម និង​រឺត​ចំណង​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជរដ្ឋាភិបាល​កម្ពុជា និង​EU ជាពិសេស​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឲ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។

​ជា​សរុប កិច្ចប្រជុំ​នាពេលនេះ ភាគី​ទាំង​ពីរបាន​លើកយក​ប្រធានបទ​សំខាន់ៗ​មួយចំនួន​ដូចជា វឌ្ឍនភាព​នៃ​គម្រោង បញ្ហា​ប្រឈម ដំណោះស្រាយ និង​ទិសដៅ​អនុវត្ត​បន្តធ្វើ​យ៉ាងណា​ឲ្យ​ការ អនុវត្ត​កម្មវិធី​នេះ​មាន​និរន្តរភាព និង​ទទួលបាន​ជោគជ័យ​។ មិនតែប៉ុណ្ណោះ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ថា​ឲ្យ​ក្រុមការងារ​បច្ចេកទេស បន្ត​ពិភាក្សាគ្នា​លើ​ចំណុច​សំខាន់ៗ​មួយចំនួនទៀត ដែល​នៅ​សេសសល់ និង​គួរតែ​ចុះ​វាយតម្លៃ​ដោយផ្ទាល់ នៅតាម​ខេត្ត​គោលដៅ ដើម្បី​ទទួលបាន​ព័ត៌មាន​សំខាន់ៗ​ទាំង​វិជ្ជមាន និង​អវិជ្ជមាន ដែល​អាច​យក​ជា​ប្រយោជន៍ ក្នុងការ​វាយតម្លៃ​ជា​លើកចុងក្រោយ​មុន​កម្មវិធី​ត្រូវបាន​បញ្ចប់​។

​សូម​អនុញ្ញាត​ជម្រាបជូន​ថា កម្មវិធី CaPFish-Capture និង CaPFish Aquaculture មាន​គោលបំណង​គាំទ្រ ដល់​ការសម្រេច​ឱ្យបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ធន់​ទៅនឹង​អាកាសធាតុ និង​បរិ​យា​ប័ន្ន​នៃ​វារីវប្បកម្ម ដោយបាន​អនុលោម​ទៅតាម​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​វិស័យ​ជលផល ដើម្បី​ចូលរួម​ក្នុង​សន្តិសុខ​ស្បៀង និង​ការអភិវឌ្ឍ និង​សេដ្ឋកិច្ចសង្គម​។ កម្មវិធី​នេះ​មាន​រយៈពេល ៦ ឆ្នាំ ដែល​ទទួលបាន​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប​ចំនួន ៨៧​លាន​អឺរ៉ូ​។ កម្មវិធី​មាន​សមាភាគ​ធំៗ​ចំនួន ២ សម្រាប់​សមាភាគ​ធំ​ទី​១ មាន​សកម្មភាព​ធំៗ​ចំនួន ៩ ទាក់ទង​នឹង​បច្ចេកទេស បណ្តុះបណ្តាល ផ្សព្វផ្សាយ សុវត្ថិភាព គុណភាព​ម្ហូបអាហារ ការដឹកនាំ ការគ្រប់គ្រង​សហគមន៍​នេសាទ ពង្រឹង​អភិបាលកិច្ច និង​ការចូលរួម​ពី​ស្ត្រី គាំទ្រ​កំណើន​គ្រួសារ​ក្រីក្រ និង​អាហារូបត្ថម្ភ ហើយ​សមាភាគ​ទី​២ ទាក់ទង​ជំនួយ​បច្ចេកទេស និង​ការគ្រប់គ្រង​កម្មវិធី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×