Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាង​ហែល​ទឹក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​ការប្រកួត​ហែល​ទឹក​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ បានប្រកាស សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អាង​ហែល​ទឹក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​ការប្រកួត​ហែល​ទឹក​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០​។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា បានឱ្យដឹងថា អាង​ហែល​ទឹក​នេះ​ត្រូវបាន​ជួសជុល និង​ពង្រីក​បន្ថែម ដែលមាន​បណ្ដោយ​ប្រវែង ៥០​ម៉ែត្រ និង​ទទឹង​ប្រវែង ២៥​ម៉ែត្រ មាន​១០​បន្ទាត់ ជា​ខ្នាត​អន្តរជាតិ សាងសង់​ដោយ​ក្រុមហ៊ុន Shanghai Construction ប្រើប្រាស់​រយៈពេល​១៨​ខែ ចំណាយ​ថវិកា​ប្រមាណ ៣.០០០.០០០​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​របស់​ក្រុមហ៊ុន Shanghai Construction​។ ហេដ្ឋារចនាសម្ព័ន្ធ​អាង​ហែល​ទឹក​នេះ​មាន​បំពាក់​ម៉ាស៊ីន​បូ​ប​និង​ម៉ាស៊ីន​ចម្រោះ​ទឹក​ថ្មីៗ បន្ទប់​សម្រាប់​ដាក់​ឧបករណ៍ បន្ទប់​បញ្ជា​ឧបករណ៍​អេឡិចត្រូនិក ផ្ទាំង​LED សាល​ហ្វឹកហាត់​សាច់ដុំ សាលប្រជុំ បន្ទប់​ស្នាក់នៅ អាហា​រដ្ឋា​ន និង​កៅអី​ជាង ១៦០០ សម្រាប់​អង្គុយ​ទស្សនា ។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា មាន​អាង​ហែល​ទឹក​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា​៖ ខេត្តបាត់ដំបង កំពង់ចាម ភ្នំពេញ និង​ខេត្តកណ្ដាល (​ស្រុក​កោះធំ​) ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​យុវជន​កម្ពុជា​ទាំងឡាយ ដែល​ស្នេហា​វិស័យ​កីឡា​នេះ​ចូលរួម​ហ្វឹកហាត់​ឱ្យបាន​ច្រើន​ថែមទៀត​លើ​វិញ្ញាសា​ហែល​ទឹក បាល់​ទឹក លោតទឹក និង​របាំ​ទឹកជា​ដើម ដើម្បី​បង្កើន និង​ពង្រឹងសមត្ថភាព​កីឡាករ កីឡាការិនី​ខ្មែរ​ឱ្យដល់​កម្រិតស្តង់ដា​អន្តរជាតិ និង​ឈានទៅ​ដណ្ដើមយក​មេដាយ​ជូន​ជាតិ​មា​តិ​ភូមិ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​លើកឡើងថា ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​៦០ កម្ពុ​ជាមាន​ភាពល្បីល្បាញ​ពាសពេញ​សកលលោក តាមរយៈ​ការដណ្ដើម​បាន​មេដាយ​ជា​បន្តបន្ទាប់​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​លើ​វិញ្ញាសា​កីឡាហែលទឹក ហើយ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ប្រាថ្នា​ចង់ឃើញ​យុវជន​យើង មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ស្ដារ​កេរ្តិ៍ឈ្មោះ​របស់​ប្រទេសជាតិ​ឱ្យ​ល្បី​សុះសាយ​ឡើងវិញ ឬ​មាន​សមត្ថភាព​ជាង​ទស្សវត្ស​នោះ​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​យុវជន​កម្ពុជា​ទាំងអស់​ឱ្យចូល​រួម​ហាត់​កីឡា​នេះ​ឱ្យបាន​ច្រើន ព្រោះថា​ការចូលរួម​ហាត់​របស់​បងប្អូន​មិនមាន​ការបង់ថ្លៃ​ឡើយ​។ លើសពីនេះ​ទៀត សហព័ន្ធ​នឹង​ផ្ដល់​គ្រូបង្វឹក​ដែលមាន​បទពិសោធន៍​ល្អៗ ដើម្បី​បង្ហាត់​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣ ខាងមុខ ដែល​ប្រទេស​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​។​

​ទន្ទឹមនឹងនោះ សម្ដេច​ពិជ័យ​សេនា​ឧបនាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹង​របស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ ថ្នាក់ដឹកនាំ និង​មន្ត្រី​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ទាំងអស់ ដែល​បាន​ខិតខំ​ប្រមូល​ការឧបត្ថម្ភ​គាំទ្រ និង​ជំរុញ នូវ​ការជួសជុល​សាងសង់​អាង​ហែល​ទឹក និង​អាង​លោតទឹក​នេះ ដោយមាន​បំពាក់​ឧបករណ៍​ទំនើប ទាន់សម័យ ស្របតាម​ស្តង់ដារ​អន្តរជាតិ​ទាំង​នៅ​ភ្នំពេញ និង​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​។

​លើសពីនេះទៅទៀត សម្ដេច​ពិជ័យ​សេនា​ឧបនាយករដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​ខ្ពស់​លើ​ចំណុច​មួយចំនួន ក្រោយពេល​ជំងឺ​កូ​វីដ ១៩ បាន​ធូរស្រាល និង​សាបសូន្យ​ទៅ ដែល​រួមមាន​៖ បង្កើន​ការបណ្ដុះបណ្តាល​ធនធាន​មនុស្ស បំពាក់​ឧបករណ៍​និង​សម្ភារ​កីឡា​ឱ្យបាន​សមស្រប ទំនើប និង​ទាន់សម័យ​ត្រឹមត្រូវ​តាម​ស្តង់ដារ បច្ចេកទេស​អន្តរជាតិ យកចិត្តទុកដាក់​លើ​ការឧបត្ថម្ភ​និង​ការលើកកម្ពស់​ជីវភាព​រស់នៅ ការ​ស្នាក់នៅ និង​ការបរិភោគ​របស់​កីឡាករ​-​កីឡាការិនី និង​គ្រូបង្វឹក​ឱ្យបាន​ល្អ និង​បង្កើន​ការប្រកួត​ឱ្យបាន​ញឹកញាប់​។​

​សូមបញ្ជាក់ថា​៖ ឆ្នាំ​១៩៦១-១៩៦៥ ពហុ​កីឡដ្ឋាន​ជាតិ រួមទាំង​អាង​ហែល​ទឹក​ត្រូវបាន​ស្ថាបនា​ឡើង​ដោយ បិតា​ស្ថាបត្យករ​ខ្មែរ លោក វណ្ណ មូល្លី​វណ្ណ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់ ព្រះ​បរម​រតន​កោដ្ឋ សម្ដេច​ព្រះបាទ​ន​រោ​ត្ដម​សីហនុ ហើយ​បើក​ឱ្យ​ដំណើរការ​តាំងពី​ឆ្នាំ​១៩៦៧​។ ចន្លោះ​ឆ្នាំ​១៩៧៥-១៩៧៩ អាង​ហែល​ទឹក និង​អាង​លោតទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ត្រូវបាន​ខូចខាត​ដោយសារ​សង្គ្រាម​ក្នុងសម័យ​កម្ពុជា​ប្រជាធិបតេយ្យ (​របប​ប៉ុល ពត​)​។ នៅ​ឆ្នាំ​១៩៨០ លោក​ព្រឹទ្ធាចារ្យ ហែម ថុ​ន និង​លោក​ព្រឹទ្ធាចារ្យ ផាត់ សំ​អ៊ុន រួមទាំង​មន្ត្រី​មួយចំនួន​បាន​ស្ដារឡើងវិញ​និង​បានទទួល​រៀបចំ​ព្រឹត្តិការណ៍​ជាច្រើន​។ ដោយ​មើលឃើញ​ពី​ការលំបាក ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ស្វែងរក​ថវិកា​ពី​សប្បុរសជន និង​បាន​ជួសជុល និង​ពង្រីក​អាង​ហែល​ទឹក​នេះ​ឱ្យមាន​លក្ខណៈ​ស្ដង់ដារ​អន្តរជាតិ​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×