Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ការដ្ឋាន​សាងសង់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ ត​ភ្ជាប់​កំពង់ចាម ទៅ​ត្បូងឃ្មុំ ប្រវែង​ជាង​១​គីឡូម៉ែត្រ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ ឆ្លងកាត់​ទន្លេមេគង្គ​ត​ភ្ជាប់​ទឹកដី​នៃ​ខេត្ត​កំពង់ចាម ទៅកាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ​នៅ​ថ្ងៃ​សុក្រ ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨​ស្អែក​នេះ ។​គម្រោង​សាងសង់​ស្ពាន និង​ផ្លូវ​នេះ គ្រោង​ចំណាយ​ថវិកា​ជិត ៥៧​លាន​ដុល្លារ គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២១ ដោយ​ចំណាយ​ពេល​ប្រមាណ ៤២​ខែ​។​

​គម្រោង​សាងសង់​ស្ពាន​នេះ​ចាប់ផ្តើម​ពី​ត្រើយ​ខាងលិច​ស្ថិតនៅ​ត្រង់​ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ឆ្លងកាត់​ទន្លេមេគង្គ ទៅ​ត្រើយ​ខាងកើត ស្ថិតនៅ​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។ ស្ពាន​នេះ​មាន​ប្រវែង​សរុប ១១៣១​ម៉ែត្រ និង​ទទឹង ១៣,៥០​ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង​សរសៃដែក (Continues Box Girder bridge)​។ ផ្លូវ​ទទឹង ១៣,៥០​ម៉ែត្រ​នេះ មាន​ផ្លូវ​រថយន្ត ៣,៥០​ម៉ែត្រ ចំនួន ២​គន្លង ផ្លូវ​ម៉ូតូ ១,៩០​ម៉ែត្រ ចំនួន ២​គន្លង ផ្លូវ​ថ្មើរជើង ១,១០​ម៉ែត្រ ចំនួន ២​គន្លង និង​បង្កាន់ដៃស្ពាន ០,២៥​ម៉ែត្រ​សងខាង ហើយ​ផ្ទៃ​ខាងលើ នៃ​ស្ពាន​ក្រាល​បេតុង​កៅស៊ូ​កម្រាស់ ៥​សង់ទីម៉ែត្រ​។​

​ក្រៅ​ពី​ការសាងសង់​ស្ពាន ក៏​មាន​ការសាងសង់​កំណាត់​ផ្លូវ​ត​ភ្ជាប់​សងខាង​ស្ពាន​សរុប​ប្រវែង ៨៣២៣​ម៉ែត្រ​ផង​នោះ​។ ក្នុង​នោះ​ផ្លូវ​មេ​ត​ភ្ជាប់​ផ្លូវ​ជាតិ​លេខ ៧១​សេ មាន​ប្រវែង ៣៨៦៩​ម៉ែត្រ និង​ផ្លូវ​ខ្នែង​ប្រវែង ៤៤៥៤​ម៉ែត្រ ក្រាល​ថ្ម​ចាក់​កៅស៊ូ ២​ជាន់ (DBST)​។ សរុប​ទាំង​ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​មាន​ប្រវែង ៩៤៥៤​ម៉ែត្រ​។ ការសាងសង់​ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​នេះ គ្រោង​ចំណាយ​ថវិកា​សរុប​ជិត ៥៧​លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន រួម​ជាមួយ​ថវិកា​បដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ​ផលប៉ះពាល់ និង​បោសសំអាត​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​។​គម្រោង​សាងសង់​ស្ពាន និង​ផ្លូវ​នេះ ត្រូវបាន​អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​គ្រុប (Shanghai Construction Group) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស ក្វាង​ចូ​វ​វ៉ាន​អាន ដែល​ប្រើ​រយៈពេល​សាងសង់ ចំនួន ៤២​ខែ ចាប់ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ហើយ​គ្រោង​បញ្ចប់​នា​នៅ​ដើមឆ្នាំ​២០២១​។​

​ការសាងសង់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ គឺជា​គម្រោង​យុទ្ធសាស្ត្រ​មួយ យ៉ាង​សំខាន់​សម្រាប់​ត​ភ្ជាប់​ទំនាក់ទំនង​ការដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ដែល​រស់នៅ​យ៉ាង​ច្រើន​កុះករ នៅ​ត្រើយ​ខាងកើត និង ត្រើយ​ខាងលិច​នៃ​ទន្លេមេគង្គ​ឲ្យបាន​ងាយស្រួល និង​ឆាប់រហ័ស​។​ការតភ្ជាប់​តំបន់​ទាំងពីរ​នេះ ជាការ​ត​ភ្ជាប់​នូវ​ក្តីសង្ឃឹម របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់ ជំរុញ​សាមគ្គីភាព និង​សុខដុម​នីយកម្ម​ខាង​ជំនឿ​សាសនា រវាង​សហគមន៍​ខ្មែរ អ្នក កាន់​ព្រះពុទ្ធសាសនា និង​សហគមន៍​សាសនិក​ឥស្លាម​កម្ពុជា ឱ្យ​កាន់តែ​ជិតស្និទ្ធ និង រឹងមាំ ថែម​ទៀត​។ ម្យ៉ាងទៀត កន្លងមក បងប្អូន​ប្រជាពលរដ្ឋ ទាំង​នៅ​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិច អាច​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​បាន តាមរយៈ​ការ​ជិះ​ទូកដ ឬ​សាឡាង ចម្លង​កែច្នៃ​តូចៗ ដែល​តែង​ជួប​នូវ​ការលំបាក គ្រោះថ្នាក់ និង​មិនសូវមាន​ប្រសិទ្ធភាព ក្នុងការ ដឹកជញ្ជូន​ទំនិញ ឬ​ការធ្វើ​ដំណើរ​។​

ព្រោះតែ​ការមើលឃើញ​ពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​សក្តានុពល​នៃ​ការអភិវឌ្ឍ​នូវ​តំបន់​សងខាង​នៃ​ទន្លេ​មេគង្គ ទើប​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លាសវៃ បាន​ខិតខំ​ស្វែង​រប​ប្រភព​ទុន និង​ស្នើសុំ​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន ដើម្បី​សាងសង់​ស្ពាន ឆ្លង​កាត់​ទន្លមេគង្គ និង​ផ្លូវ​ត​ភ្ជាប់ ដែល​កំពុង​រៀបចំ​ពិធីបើកការដ្ឋាន​នាពេលនេះ​។​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ស្ទឹងត្រង់​-​ក្រូចឆ្មារ​នេះ គឺ​ស្ពាន​ទី​៨​ហើយ ដែល​សាងសង់​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​។ ស្ពាន​ចំនួន​៧ ដែល​សាងសង់​រួចរាល់​កន្លង​មក​រួម​មាន​៖ ៖ ស្ពាន​ស្ពាន​កោះធំ ស្ពាន​ជ្រោយចង្វា​២ ស្ពាន​សេកុង​ខេត្ត​ស្ទឹងត្រែង ស្ពាន​ព្រែក​ក្តាម ស្ពាន​ព្រែ​តា​ម៉ាក់ ស្ពាន​មេគង្គ​ស្ទឹងត្រែង និង​ស្ពាន​តាខ្មៅ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×