Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​១០ តាម​ប្រព័ន្ធ​វីដេអូ បានអនុម័ត​លើ​ឯកសារ​គោល​ចំនួន​២

spot_img

​ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​១០ ដែល​បាន​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ នៅ​រសៀល​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០​។

​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​សហប្រធាន​ពីររូប​គឺ លោក ផាម ប៊ិ​ញ​មិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​វៀតណាម និង​លោកស្រី កាង ក្យុ​ង​វ៉ា រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េខាងត្បូង​)​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស ៖ នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​១០ តាម ប្រព័ន្ធ​វីដេអូ​។ កិច្ចប្រជុំ​នេះ ត្រូវបាន​ដឹកនាំ​ដោយ​សហប្រធាន ឯកឧត្តម ជាម ចិញ​មិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​លោកជំទាវ កាង ក្យុ​ង​វ៉ា រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​កូរ៉េ​។​

​កិច្ច​ប្រជុំបាន​គូសបញ្ជាក់​សារ ជាថ្មី​ពី​តួនាទី​សំខាន់​នៃ​ភាពជា​ដៃគូ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ ក្នុងការ កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​នៅក្នុង​ចំណោម​ប្រទេស​អាស៊ាន និង​ក្នុងការ​សម្រេចបាន​នូវ “ ចក្ខុវិស័យ សហគមន៍ អាស៊ាន​ឆ្នាំ​២០២៥»​។​

​រដ្ឋមន្ត្រី​នៃ​បណ្តា ប្រទេស​មេគង្គ បាន​សង្កត់ធ្ងន់​ជាថ្មី​ម្តងទៀត​ពី​ការគាំទ្រ យ៉ាង​មុតមាំ ចំពោះ “​គោលនយោបាយ​ភាគខាងត្បូង​ថ្មី​» របស់​សាធារណរដ្ឋ​កូរ៉េ ដោយ​ផ្អែកលើ​សសរស្តម្ភ​បី គឺ ប្រជាជន វិបុលភាព និង​សន្តិភាព ដូច​មាន​គូសបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍ ទន្លេមេគង្គ​-​ទន្លេ​ហាន​។ រដ្ឋមន្ត្រី ការបរទេស​ទាំងអស់ បាន​សង្កត់ធ្ងន់​ពី​សារសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​រឹងមាំ​រវាង​វិស័យ​ឯកជន និង​វិស័យ សាធារណៈ ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន​និង​ចីរភាព​នៅក្នុង​តំបន់ និង​បាន​ចែក រំលែក​នូវ​ទស្សនៈ​ថា វេទិកា​ធុរកិច្ច​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ និង​ក្រុមប្រឹក្សា​ធុរកិច្ច​មេគង្គ -​សា​ធាណ​រដ្ឋ​កូរ៉េ បាន​ពង្រឹង​នូវ​ចំណង​ទំនាក់ទំនង​សេដ្ឋកិច្ច រវាង​សាធារណរដ្ឋ​កូរ៉េ និង​បណ្តា​ប្រទេស​មេគង្គ​។ លើសពីនេះ លោកជំទាវ កាង ក្យុ​ង​វ៉ា បានប្រកាស​នៅក្នុង​កិច្ចប្រជុំ​អំពី​សំណើ​របស់​សាធារណរដ្ឋ​កូរ៉េ​ក្នុងការ​ដំឡើង​កម្រិត​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ -​សាធារណរដ្ឋ​កូរ៉េ ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​។​

​នៅ​អំឡុងពេល​នៃ​កិច្ចប្រជុំ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបង្ហាញ​ពី​ការស្វាគមន៍ យ៉ាង​កក់ក្តៅ និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់​កម្ពុជា ចំពោះ​សំណើ​របស់​សាធារណរដ្ឋ​កូរ៉េ ក្នុងការ​ដំឡើង កម្រិត​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ ទៅជា​ភាព ជា​ដៃគូ​យុទ្ធសាស្ត្រ ដែល​នេះ​ស្រប​ទៅ នឹង​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាលពី​ឆ្នាំមុន ក្នុងការ​ដំឡើង កម្រិត​យន្តការ​នៃ​កិច្ចប្រជុំ​នេះ ទៅដល់​កម្រិត​កិច្ចប្រជុំ​កំពូល​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​គូស បញ្ជាក់​អំពី​ការបញ្ចប់​ដោយ​ជោគជ័យ​នៃ​គម្រោង “​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធានទឹក នៅលើ ដង​ទន្លេមេគង្គ​ភ្ជាប់​ទៅនឹង​បឹង​ទន្លេសាប​”​។ បន្ថែម​ពីនេះ ឯកឧត្តម ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ជំនួយ​មនុស្សធម៌​របស់​សាធារណរដ្ឋ​កូរ៉េ ដែលមាន​ទឹកប្រាក់​ប្រមាណ​៣០០.០០០​ដុល្លារ​អាមេរិក ក្នុងនោះ រួមមាន​បរិក្ខារ​វេជ្ជ​សាស្ត្រ​សម្រាប់​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ -១៩​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​នៅក្នុង​អង្គប្រជុំ​ថា “​ផ្អែកលើ​លក្ខណៈសម្បត្តិ​យ៉ាង​ជាក់ស្តែង យើង​សូម​កោតសរសើរ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​សាធារណរដ្ឋ​កូរ៉េ ក្នុងការ​រួមចំណែក និង​ការយកចិត្តទុកដាក់ ជា​ចម្បង​លើ​ការអភិវឌ្ឍ​នៅក្នុង​តំបន់​មេគង្គ និង​ការសម្រេច​ឱ្យបាន​នូវ​សហគមន៍​អាស៊ាន ដែលជា វិសាលភាព​ដ៏​ធំធេង​នៅក្នុង​ក្របខ័ណ្ឌ​នេះ​”​។ ឯកឧត្តម​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា “​ដោយ ផ្តោតលើ​និរន្តរភាព ដ៏​យូរអង្វែង​នៃ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង ខ្ញុំ​មាន​ទស្សនៈ​ថា​ជំនួយ​អភិវឌ្ឍន៍ គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​រឿង​ប៉ុណ្ណោះ​។ ក្នុងអំឡុងពេល​នៃ​ការស្តារ​ឡើងវិញ​នូវ​សេដ្ឋកិច្ច​ក្រោយ​ការយក​ឈ្នះ ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ភាព​ធន់​នៃ​ប្រជាជាតិ​របស់​យើង គឺ​ពឹង​ផ្អែកលើ​សមត្ថភាព​រប​ស់​រដ្ឋាភិបាល​រៀងៗ​ខ្លួន ដើម្បី​ជំរុញ​សេដ្ឋកិច្ច​របស់​យើង​តាមរយៈ​ពាណិជ្ជកម្ម ការវិនិយោគ និង​ទេសចរណ៍​។ នេះ​ជា​អ្វី ដែល​ខ្ញុំ​រំពឹងថា ការចូលរួមចំណែក​យ៉ាងសកម្ម​របស់​វិស័យ​ឯកជន នឹង​ជំរុញ​កាលានុវត្តភាព​អាជីវកម្ម និង​វិនិយោគ​ថ្មីៗ ក្នុងការ​បង្កើត​សក្តានុពល​ការងារ​ថ្មីៗ សមស្រប​ទៅតាម​បរិបទ​ក្រោយ​ការយក​ឈ្នះ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩»​។ កិច្ចប្រជុំ​នេះ បានអនុម័ត​លើ​ឯកសារ​គោល​ចំនួន​២​គឺ (១) “ សេចក្តីប្រកាស​សហប្រធាន​នៃ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​១០” និង (២) – ផែនការ​សកម្មភាព​ឆ្នាំ ២០២១- ២០២៥ ស្តីពី​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ សម្រាប់​ការអនុវត្ត​នូវ​សេចក្តី ថ្លែងការណ៍​ទន្លេមេគង្គ​-​ទន្លេ​ហាន​» ៕

ដោយ៖កូឡាប


spot_img
×