Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ដែលមាន​អានុភាព​ផលិត​៨០​មេ​ហ្គា​វ៉ា​ត់ ចាប់ផ្តើម​ចេញដំណើរ​ហើយ​

spot_img

​ពោធិ៍សាត់​៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នា​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​សេចក្តីសម្រេច ស្តីពី​ការបង្កើត​ក្រុមការងារ អនុ​ក្រុមការងារ និង​លេខាធិការដ្ឋាន​ខេត្ត ដើម្បី​អនុវត្ត​សំណង ការតាំង​ទីលំនៅ​ថ្មី ជូន​ប្រជាពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ស្ថិតក្នុង​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

​កិច្ចប្រជុំ​នេះ​ប្រារព្ធ​ធ្វើ​នៅ សាលប្រជុំ​សាលាខេត្ត​ពោធិ៍សាត់ ដោយបាន​ការចូលរួម​ពី​លោក KIM MYUNG IL អគ្គនាយក​ក្រុមហ៊ុន SPHP (Steung Pursat Hydro Power)​របស់​កូរ៉េ លោក លោកស្រី អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល ប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត អភិបាលស្រុក ក្រុមប្រឹក្សាឃុំ​ដែលមាន​ការពាក់ព័ន្ធ និង​ប្រតិភូ​ជាច្រើន​នាក់​ទៀត​។
​ក្នុង​កិច្ចប្រជុំ​នោះ ក៏មាន​របៀបវារៈ ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​ខេត្តពោធិ៍សាត់ ស្តីពី​ការទទួល​ពាក្យ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល​ជាក់ស្តែង លើ​ទីតាំង​ដី​គម្រប​ព្រៃឈើ និង​តំបន់​ការពារ​ធនធានធម្មជាតិ ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ក្រសួងកសិកម្ម រុក្ខា​ក្រមាញ់ និង​នេសាទ និង​ក្រសួងបរិស្ថាន​ផងដែរ​។​

​បន្ទាប់ពី​លោក ឃុ​ត ឧសភា នាយក​រដ្ឋបាល​សាលាខេត្ត បាន​អាន​សេចក្តីសម្រេច ស្តីពី​ការបង្កើត​ក្រុមការងារ អនុ​ក្រុមការងារ និង​លេខាធិការដ្ឋាន​ខេត្ត ដើម្បី​អនុវត្ត​សំណង ការតាំង​ទីលំនៅ​ថ្មី ជូន​ប្រជាពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១​រួចមក​, ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា ក្នុងនាម​អាជ្ញាធរខេត្ត ឯកឧត្តម​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ដែល​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​សាងសង់​បន្ថែម សម្រាប់​ប្រើប្រាស់​ក្នុងភូមិ​សាស្ដ្រ​ខេត្តពោធិ៍សាត់ និង​អាច​ចែកចាយ​ទៅប្រើ​ប្រាស់​នៅ​ទូទាំងប្រទេស ដើម្បី​ធានា​ដល់​សន្តិសុខ​ថាមពល​ក្នុងស្រុក កាត់បន្ថយ​ការនាំ​ចូល​ប្រភព​ថាមពល​អគ្គិសនី​ពី​បរទេស​។ ឯកឧត្តម​បាន​បន្តថា អ្វីដែល​ជាការ​ចាប់ផ្តើម ចាំបាច់​បំផុត គឺ​ការដោះស្រាយ​ផលប៉ះពាល់ ដូច្នេះ​ស្នើឱ្យ​អាជ្ញាធរ​ស្រុក ពិនិត្យ​ជាក់ស្តែង និង​រក្សា​បច្ចុប្បន្នភាព​គ្រួសារ​ដែល​ត្រូវ​ទទួល​សំណង ចំនួន​៣៤៧​គ្រួសារ ស្នើ​នឹង​១៤៣៦​នាក់​ឱ្យនៅ​ដដែល​។​

ឯកឧត្តម​បាន​បន្ថែមថា ទីតាំង​លំនៅ​ថ្មី​ដែល​ត្រូវ​ផ្តល់ជូន​ពួកគាត់ សូមឱ្យ​ក្រុមហ៊ុន ក៏ដូចជា​ភាគី​ពាក់ព័ន្ធ ត្រូវ​ចុះ​សិក្សា​សារជាថ្មី​ម្តងទៀត ថា​តើ​ដី​នៅ​តំបន់​នោះ អំណោយផល​ទៅលើ​ដំណាំ​កសិកម្ម​ដែរ​ឬក៏​អត់​? ឯកឧត្តម​បាន​បន្តទៀតថា ផ្ទះ​ដែល​សាងសង់​ជូន​ប្រជាពលរដ្ឋ សូម​ស្នើឱ្យ​ស្ថាបនា​ផ្ទះ​គម្រូ​មួយ​ខ្នង ដើម្បីឱ្យ​គណៈកម្មការ​ត្រួតពិនិត្យ និង​វាយតម្លៃ​។ ជាមួយគ្នា​នោះ ឯកឧត្តម​បានធ្វើ​ការណែនាំ ដល់​តំណាង​ក្រុមហ៊ុន​វិនិយោគ រាល់​ការងារ​ក្នុង​ការដ្ឋាន ត្រូវមាន​កិច្ចសហការ​ល្អ ជាមួយ​ក្រុមការងារ អនុ​ក្រុមការងារ និង​លេខាធិការដ្ឋាន​ខេត្ត ឬ​អាជ្ញាធរ​ដែនដី ដើម្បី​ព​ន្លឿ​ន និង​បញ្ជៀ​ស​នូវ​ហានិភ័យ នៃ​ការអនុវត្តន៍​គម្រោង​ខាងលើ​។​

​ក្នុង​ថ្ងៃ​ដដែល​នេះ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម ម៉ៅ ធនិន បាន​បន្ត​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​បានផ្តល់​ស្បៀង​ផ្ទាល់ដៃ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​គ្រួសារ​ខ្វះខាត​ស្បៀង​ពិតប្រាកដ បាន​ជាង​៣០០​នាក់ នៅ​សាលាខេត្ត​ពោធិ៍សាត់​ផងដែរ​។​
​គួរ​ជម្រាប​ថា​មកដល់ពេលនេះ កម្ពុ​ជាមាន​វា​រី​អគ្គិសនី​ចំនួន​៧​កន្លែង​ហើយ ដោយ​៦​កន្លែង ស្ថិតនៅ​ភាគខាងត្បូង​ឈៀង​ខាងលិច នៃ​ប្រទេស​កម្ពុជា មានដូចជា​៖ វា​រី​អគ្គិសនី​អា​តៃ ឬ​ស្សី​ជ្រុំ កំចាយ គីរីរម្យ​១ គីរីរម្យ​៣ និង​វា​រី​អគ្គិសនី​តា​តៃ​។ ចំណែក​មួយកន្លែង​ទៀត​គឺ​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២​ស្ថិតនៅ​ខេត្តស្ទឹងត្រែង​ភាគ​ឥសាន​នៃ​ប្រទេស​កម្ពុជា​។
​កាលពី​អំឡុង​ឆ្នាំ​២០១៩​កន្លងទៅ រាជរដ្ឋាភិបាល​សម្រេច​ឱ្យមាន​ការសាងសង់ កន្លែង​ផលិត​ថាមពល​អគ្គិសនី​ថ្មី រួមមាន​៖ វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​មួយ ស្ថិតនៅ​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដែល​អាច​ផលិត​ថាមពល បាន​៨០​មេ​ហ្គា​វ៉ា​ត់ និង​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដែល​អាច​ផលិត​ថាមពល បាន​៦០​មេ​ហ្គា​វ៉ា​ត់​៕​ដោយ​៖​កូ​ឡាប​

spot_img
×