Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ មេបញ្ជាការ​កង​ស្វ័យការពារ​ជើងគោក​ជប៉ុន ដើម្បី​រក្សា​ការភ្ជាប់​ទំនាក់ទំនង​និង​ផ្លាស់ប្តូរ​បទពិសោធ​

spot_img

​ភ្នំពេញ​៖ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ កាលពី​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួបពិភាក្សា​ការងារ​តាម​ទូរស័ព្ទ​ជាមួយ នាយ​ឧ​ត្ត​ម​សេនីយ៍ YUASA Goro មេបញ្ជាការ​កង​ស្វ័យការពារ​ជើងគោក​ជប៉ុន តាម​សំណើ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ YUASA Goro ដើម្បី​រក្សា​ការភ្ជាប់​ទំនាក់ទំនង ផ្លាស់ប្តូរ​បទពិសោធ​និង​ឈានទៅ​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រ​ត្តិ​ការ​រវាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​រឹងមាំ និង​ជិតស្និទ្ធ​បន្ថែមទៀត​។

​ក្នុងជំនួប​សន្ទនា​តាម​ទូរស័ព្ទ​នេះ ភាគី​ទាំងពីរ​ក៏បាន​ចែករំលែក និង​ផ្លាស់ប្តូរ​បទពិសោធន៍​ទៅវិញទៅមក​លើ​ការចូលរួម​របស់​កង​ទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ និង​កង​ស្វ័យការពារ​ជើងគោក​ជប៉ុន​នៅក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែលជា​បញ្ហា​ប្រឈម​រួម​ដ៏​ធ្ងន់ធ្ងរ​មួយ និង​ដែល​កំពុង​នៅ​បន្ត​រាតត្បាត​ពិភពលោក​នៅឡើយ​។​

ក្នុងនោះ នាយ​ឧ​ត្ត​ម​សេនីយ៍ YUASA Goro បាន​សម្តែង​នូវ​ការគោរព​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាននិងកំពុង​គ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ល្អប្រសើរ និង​ត្រឹមត្រូវ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព និង​វិធានការ​ទាំងឡាយ​ដែល​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​អនុវត្ត​នៅក្នុង​ការងារ​នេះ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានធ្វើការ​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់​បណ្តា​ប្រទេស​ជា​មិត្ត ជាអាទិ៍ កម្ពុជា​-​ជប៉ុន ជាពិសេស​ទំនាក់ទំនង​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ដែលជា​គន្លឹះ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នានា​ដែល​កើតមាន ដោយបាន​សង្កត់ធ្ងន់ថា បញ្ហា​កូ​វីដ​-១៩ ជា​បទពិសោធន៍​ថ្មី​មួយ​សម្រាប់​ទាំងអស់គ្នា ទាំង​ការសហការ​ដោះស្រាយ​ផ្ទៃក្នុង​ប្រទេស​នីមួយៗ ក៏ដូចជា​ការ​សហប្រតិបត្តិ​ការ និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​នៅក្នុង​ឆ្លើយតប​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

​ឆ្លងតាម​ការ​ប្រឈម​នៃ​ការដោះស្រាយ​រួមគ្នា​លើ​បញ្ហា​កូ​វីដ​-១៩​នេះ ទាំងអស់គ្នា​នឹង​អាច​ស្វែងរក​នូវ​ចំណុចខ្លាំង និង​ចំណុច​ប្រឈម​នានា ដើម្បី​ឈានទៅ​ពង្រឹង​នូវ​យន្តការ​នៃ​ការ​សហប្រតិបត្តិការ​ជាមួយគ្នា​ឱ្យបាន​កាន់តែ​ប្រសើរឡើង​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ YUASA Goro បាន​សម្តែង​នូវ​ការពេញចិត្ត និង​ការ​អរគុណ​ចំពោះ​ការបន្ត​រក្សា​នូវ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ទោះបី​ក្នុងស្ថានភាព​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ស្តែងឡើង​តាមរយៈ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​នេះ និង​បានបញ្ជាក់​ឡើងវិញ​អំពី​ការគោរព​អញ្ជើញ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ​២០២១ ខាងមុខ​។​

​ជា​ចុងក្រោយ ថ្នាក់ដឹកនាំ​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ បាន​ឯកភាពគ្នា​ទៅលើ​សារៈសំខាន់​នៃ​កិច្ចសហការ​រវាង​ប្រទេស​ទាំងពីរ​ក្នុង​គ្រប់​វិស័យ​ទាំងអស់ ជាពិសេស​រវាង​កងទ័ព និង​កងទ័ព ជាអាទិ៍ ការរួម​គ្នា​បង្កើន​សម​ត្ថ​ភាពឆ្លើយតប​នឹង​យថាហេតុ​គ្រោះមហន្តរាយ​ផ្សេងៗ ការ​ផ្តល់ឱកាស​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព និង​បណ្តុះបណ្តាល​ធនធានមនុស្ស ក៏ដូចជា​ការបង្កើត​ឱកាស​ឱ្យមាន​ការភ្ជាប់​ទំនាក់ទំនង​មនោសញ្ចេតនា​រវាង​យោធិន​គ្រប់លំដាប់​ថ្នាក់ តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ជាដើម ដែល​សុទ្ធសឹង​ជា​មូលដ្ឋាន​នៅក្នុង​ការទំនាក់ទំនង​យូរអង្វែង ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នៅពេល​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្រាល​ឡើងវិញ ឬ​បញ្ចប់​ក្នុងពេល​ខាងមុខនេះ កងទ័ពជើងគោក​ទាំង​ពីរ​នឹង​អាច​បន្ត​ជំរុញ​នូវ​ល្បឿន​នៃ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​នេះ​ឱ្យមាន​សន្ទុះ​ឡើងវិញ​។​

​គួរ​រំលឹក​ផងដែរ​ថា នាយ​ឧ​ត្ត​ម​សេនីយ៍ YUASA Goro ទើបបាន​ដឹកនាំ​គណៈប្រតិភូ​កង​ស្វ័យការពារ​ជើងគោក​ជប៉ុន មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការលើក​ទី​១​នៅ​កម្ពុជា កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០ កន្លងទៅ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×