Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ គូស​រំលេច​នូវ​ការងារ​ជា​អាទិភាព​ចំនួន​៥​ចំណុច ពាក់ព័ន្ធ​នឹង​បញ្ហា​ហិរញ្ញប្បទាន សម្រាប់​បម្រើ​ឲ្យ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​កំពុងអភិវឌ្ឍន៍(វីដេអូ)

spot_img

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ចូលរួម​កិច្ចប្រជុំ​ប្រមុខ​រដ្ឋាភិបាល​ស្តីពី «​ហិរញ្ញប្បទាន​របៀបវារៈ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ឆ្នាំ​២០៣០ ក្នុងការ​លៈ​ទេសៈ​កូ​វីដ​១៩ និង​ពេលខាងមុខ​»​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ជាការ​ពិត​, វឌ្ឍនភាព​ដែល​សម្រេចបាន​ក្រោម​ក្របខណ្ឌ​នៃ​របៀបវារៈ​នេះ កំពុង​ទទួលរង​ការបំផ្លាញ ដោយសារ​ផលប៉ះពាល់​ជា​អវិជ្ជមាន ដ៏​ធ្ងន់ធ្ងរ​មកលើ​សង្គម និង សេដ្ឋកិច្ច បណ្តាលមកពី​ជំងឺ​កូ​វីដ -១៩ ។ កា​រប​ន្ទុ​ច​បង្អាក់​នេះ កើតឡើង​ដោយសារ មូលហេតុ​ចម្បងៗ​មួយចំនួន រួមមាន ៖ (១).​ការ​ថមថយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​នីមួយៗ ឈរលើ ភាពចាំបាច់​ក្នុងការ​បង្វែរ​ទិសដៅ​អាទិភាព​គោលនយោបាយ និង​ធនធាន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ -១៩; និង (២).​ការកើនឡើង​នូវ​ការប្រកាន់យក​គោលការណ៍​គាំពារ​និយម​ជ្រុល​របស់​ប្រទេស​មហាអំណាច​មួយចំនួន ដែល​កំពុងតែ​បំផ្លាញ​ប្រព័ន្ធ​ពហុភាគី​និយម​, សកលភាវូបនីយកម្ម និង​ក្របខ័ណ្ឌ​នៃ​កិច្ចសហការ​ជា អន្តរជាតិ​ផ្សេងទៀត ហើយក៏​ជា​ដំណើរ​បញ្ច្រាស់ទិស​នៃ​កិច្ចប្រឹងប្រែង​សំដៅ​សម្រេច​ឲ្យ​បាន​នូវ​របៀបវារៈ​ឆ្នាំ ២០៣០ ។​

​សម្តេច​បាន​បញ្ជាក់ថា ខ្ញុំ​មាន​អារម្មណ៍​ថា​ក្នុង​បរិការណ៍​បែបនេះ ពេលវេលា​កំណត់​នៅ​ឆ្នាំ​២០៣០ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ បង្គោល​ចរ និង គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ប្រហែលជា​នឹង​គប្បី​ត្រូវបាន​ពិចារណា​ពន្យារ ។ ច្បាស់​ណាស់​ថា​, ការណ៍​នេះ ទាមទារ​ឱ្យមាន​ការវាយតម្លៃ​ឡើងវិញ​ក្នុង​គ្រប់​ទិដ្ឋភាព​ទាំងអស់​, ទាំង​ក្នុង​ក្របខ័ណ្ឌ​នៃ​វេលា​កំណត់​, ទិសដៅ​យុទ្ធសាស្ត្រ​, ផែនការ​អនុវត្ត និង ធនធាន សម្រាប់​ការសម្រេចបាន​នូវ​របៀបវារៈ របស់​យើង បន្ទាប់ពី​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ មាន​ភាព​ធូរស្បើយ ។​

​ក្នុង​កិច្ចប្រជុំ​នេះ សម្តេច​តេ​ជោ បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ដោយ​គូស​រំលេច​នូវ​ការងារ​ជា​អាទិភាព​ចំនួន​៥​ចំណុច ពាក់ព័ន្ធ​នឹង​បញ្ហា​ហិរញ្ញប្បទាន ដែលជា​មធ្យោបាយ​មួយ​ដ៏​សំខាន់ សម្រាប់​បម្រើ​ឲ្យ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​កំពុងអភិវឌ្ឍន៍ ក្នុងការ​ឈានទៅ​សម្រេចបាន នូវ​របៀបវារៈ​ឆ្នាំ​២០៣០៖

១៖ ការ​ប្រែក្លាយ​ការគំរាមកំហែង​ពី​ជំងឺ​កូ​វីដ​១៩ ទៅជា​ឱកាស​សម្រាប់​ការកែទម្រង់​នៅក្នុង​ប្រទេស​នីមួយៗ ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច បង្ក​បរិយាកាស​អំណោយ​ផល ដល់​ការធ្វើ​ធុរកិច្ច និង​ពង្រឹង​ការប្រមូល​ចំណូល​រដ្ឋ​។ ទន្ទឹមនេះ យើង​ត្រូវធ្វើ​អាទិភាព​វូប​នីយកម្ម ចំណាយ​ថវិកាជាតិ ដោយ​ផ្តោតលើ​វិស័យ​ពាក់ព័ន្ធ​ដោយ​ត្រង់ ជាមួយ​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ២០៣០ ជាអាទិ៍ អប់រំ សុខាភិបាល ការ​គាំពារ​សង្គម កសិកម្ម និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​។​

២៖ ការលើកកម្ពស់​គោលនយោបាយ​ពាណិជ្ជកម្ម និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ព្រម​ជាមួយនឹង​ការផ្តល់​ភាពអនុគ្រោះ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ដើម្បី​ធានាថា ផលប្រយោជន៍​ដែល​កើតចេញពី​សាកលភាព​វូប​នីយកម្ម ត្រូវបាន​វិភា​ជ​ប្រកបដោយ​សមធម៌ និង​ប្រសិទ្ធភាព​។ ក្នុង​ស្មារតី​នេះ ពិភពលោក​ចាំបាច់​ត្រូវ​បន្ត​ជំរុញ និង​គាំទ្រ​គោលការណ៍​សាកលភាវូបនីយកម្ម តាមរយៈ​ការបើកចំហ​ពាណិជ្ជកម្ម​អន្តរជាតិ ឲ្យ​កាន់តែ​ទូលំទូលាយ និង​គាំទ្រ​ប្រព័ន្ធ​ពហុភាគី​និយម ឲ្យ​កាន់តែ​ខ្លាំងក្លា​។​

៣៖ ការបន្ត​ពង្រឹង​ស្ថិរភាព និង​ពិពិធ​កម្មវិស័យ​ហិរញ្ញវត្ថុ នវានុវត្តន៍ និង​ការលើកកម្ពស់​តួនាទី និង​ជីវភាព​វិស័យ​ឯកជន ដើម្បី​បំពេញតម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​បម្រើ​ឲ្យ​គោលដៅ នៃ​របៀបវារៈ​ឆ្នាំ​២០៣០ តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​លើកទឹកចិត្ត និង​ជំរុញ​ការវិនិយោគ និង​លំហូរ​មូលធន​ឯកជន ទៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ ពិសេស​ការជំរុញ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​ការលើកកម្ពស់​យន្តការ​ភាពជា​ដៃគូ​រវាង​វិស័យ​រដ្ឋ និង​ឯកជន​។​

៤៖ ការបន្ត​ធានា​ឲ្យ​បាន​នូវ​និរន្ត​ភាព​នៃ​ការ​ផ្តល់ជំនួយ​អន្តរជាតិ ជាពិសេស​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ចំពោះ​ប្រទេស​កំពុងអភិវឌ្ឍន៍ ដើម្បី​បន្ត​ជំរុញ​ច​លន​ការ នៃ​កិច្ចការ​កែទម្រង់​បម្រើ​ឲ្យ​របៀបវារៈ​ឆ្នាំ​២០៣០​។​

៥៖ ការបន្ត​ពង្រឹង​ភាពជា​ម្ចាស់​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍ តាមរយៈ​កសាង​ភាពជា​ដៃគូ​រវាង​បណ្តា​តួអង្គ​អភិវឌ្ឍន៍​ទាំងអស់ ទាំង​ដៃគូ​អភិវឌ្ឍន៍​ទ្វេភាគី ពហុភាគី វិស័យ​ឯកជន និង​តួអង្គ​អភិវឌ្ឍន៍​ដទៃទៀត​៕ដោយ៖កូឡាប


spot_img
×