Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញាចិត្ត​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង និង​ពង្រឹង​កិច្ចសហការ​ល្អ​ជាមួយនឹង​បណ្តា​ស្ថាប័ន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វីដ​-១៩ សំដៅ​លុបបំបាត់​ទាំងស្រុង​

spot_img

​មណ្ឌល​គី​រី​៖ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញាចិត្ត​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង និង​ពង្រឹង​កិច្ចសហការ​ល្អ​ជាមួយនឹង​ស្ថាប័ន​របស់​អង្គការសហប្រជាជាតិ និង​ប្រទេស​ជា​រដ្ឋ​ភាគី​ទាំងអស់ ជាពិសេស អង្គការ​សុខភាព​ពិភពលោក ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វីដ​-១៩ សំដៅ​លុបបំបាត់​ទាំងស្រុង​ជំងឺ​កូ​វីដ​-១៩ ។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ការជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ប្រជាជន ២០១៦-២០៣០ ក្នុង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ៖ បញ្ហា​សុខុមាលភាព​និង​សុខភាព​បន្ត​ពូជ​យុវវ័យ នា​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សាលាខេត្ត​មណ្ឌល​គី​រី ។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​មានប្រសាសន៍ថា សិក្ខាសាលា​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ប្រជាជន ២០១៦-២០៣០ ក្នុង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព តាមរយៈ​ការបញ្ជ្រាប​ការយល់ដឹង​ឲ្យ​ទូលំទូលាយ​ដល់​អ្នកមាន​ចំណែក​ពាក់ព័ន្ធ​ទាំងអស់ ពិសេស ម​ន្រី្ត​មន្ទីរ​ផែនការ​ថ្នាក់​រាជធានី​-​ខេត្ត មន្ទីរ​វិស័យ អ្នកមាន​ចំណែក​ពាក់ព័ន្ធ ព្រមទាំង​សង្គម​ស៊ីវិល អំពី​ទស្សនៈវិស័យ យុទ្ធសាស្ត្រ ផែនការ គោលនយោបាយ​ជាតិ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​រាជរដ្ឋាភិបាល ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​បញ្ហា​ប្រជាជន​និង​ការអភិវឌ្ឍ រួមមាន បញ្ហា​បម្រែបម្រួល​ប្រជាសាស្ត្រ បញ្ហា​មនុស្ស​វ័យចាស់ បញ្ហា​ទេសន្តរប្រវេសន៍​និង​នគរូបនីយកម្ម បញ្ហា​យុវជន​និង​ការអប់រំ និង បញ្ហា​សុខុមាលភាព​និង​សុខភាព​បន្ត​ពូជ​យុវវ័យ​។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​លើកឡើងថា ជំងឺ​កូ​វីដ​-១៩ បាន​បង្កបញ្ហា​ប្រឈម​ដល់​មនុស្ស​គ្រប់គ្នា​នៅលើ​ពិភពលោក ក្នុងនោះ ស្ត្រី​ជា​មុខសញ្ញា​ចម្បង​ដែល​អាច​ទទួលរង​ការប៉ះពាល់​មុនគេ ជាពិសេស​បុគ្គលិក​សុខាភិបាល​ជួរ​មុខជា​ស្ត្រី​។ ជាក់ស្ដែង​ថ្មីៗ​នេះ ការសិក្សា​ស្រាវជ្រាវ​របស់ អង្គការ​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) បង្ហាញថា​ប្រសិនបើ​វិធានការ​បង្ខាំង បន្ត​រយៈពេល​៦​ខែ​ទៀត ហើយ​ការផ្តល់សេវា​សុខាភិបាល​មិនបាន​ពេញលេញ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ពេលនោះ​នឹងមាន​ស្ត្រី​ជាង ៤៧​លាន​នាក់​នៅក្នុង​បណ្តា​ប្រទេស ដែលមាន​ចំណូល​ទាប​និង​ចំណូល​មធ្យម នឹង​មិនអាច​ទទួលបាន​សេវា​ពន្យារកំណើត​ទំនើប ដែលជា​លទ្ធផល ស្ត្រី​ប្រហែល ៧​លាន​នាក់​នឹង​អាចមាន​ផ្ទៃពោះ​មិន​តាម​ប្រាថ្នា ហើយ​អំពើ​ហឹ​ង្សា​ផ្អែកលើ​យេនឌ័រ​នឹង​អាច​កើតមាន​ប្រហែល ៣១​លាន​ករណី​បន្ថែមទៀត​។ លើសពីនេះ​ទៀត បើ​ធៀប​នឹង​បុរស ស្ត្រី​ធ្វើការ​នៅក្នុង​ទីផ្សារពលកម្ម​ដែល​មិនសូវមាន​សុវត្ថិភាព ត្រូវ​រង​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ជាង ពី​វិបត្តិ​កូ​វីដ​-១៩​។ ស្ត្រី​ជិត ៦០% នៅ​ទូទាំង​ពិភពលោក​កំពុងធ្វើការ​នៅក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ងាយ​រង​ហានិភ័យ​ខ្ពស់​ក្នុងការ​ធ្លាក់​ចូលក្នុង​ភាពក្រីក្រ​។ ការងារ​ថែទាំ​ដែល​មិនមាន​ប្រាក់កម្រៃ​របស់​ស្ត្រី​មានការ​កើនឡើង ដោយសារ​ការបិទ​សាលារៀន និង​ការកើនឡើង​នៃ​តម្រូវការ​របស់​មនុស្ស​វ័យចាស់​។ ជំងឺឆ្លង​កូ​វីដ​-១៩ កំពុង​វាយលុក​សហគមន៍ ដែល​ងាយ​រងគ្រោះ ជាពិសេស ការកើតមាន​វិសមភាព​កាន់តែខ្លាំង និង​ការរារាំង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​សម្រេច​គោលដៅ​រួម​របស់​យើង​គឺ “​ការកសាង​ពិភពលោក​មួយ ដែល​គ្មាន​នរណាម្នាក់​ត្រូវបាន​បំភ្លេចចោល​”​។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បានបញ្ជាក់​បន្តថា ក្នុង​ស្មារតី​នេះ រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញាចិត្ត​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​និង​ពង្រឹង​កិច្ចសហការ​ល្អ​ជាមួយនឹង​ស្ថាប័ន​របស់​អង្គការសហប្រជាជាតិ និង​ប្រទេស​ជា​រដ្ឋ​ភាគី​ទាំងអស់ ជាពិសេស អង្គការ​សុខភាព​ពិភពលោក ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វីដ​-១៩ សំដៅ​លុបបំបាត់​ទាំងស្រុង​ជំងឺ​កូ​វីដ​-១៩ និង​ការពារ​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា ក៏ដូចជា​ប្រជាជន​ក្នុង​ពិភពលោក​។

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​បន្តថា ការជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ប្រជាជន ២០១៦-២០៣០ ក្នុង​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ៖ បញ្ហា​សុខុមាលភាព និង​សុខភាព​បន្ត​ពូជ​យុវវ័យ គឺ​បង្ហាញ​ពី​ភាពចាំបាច់​ក្នុងការ​ធានាឱ្យមាន​ការ​ធ្វើ​ផែនការអភិវឌ្ឍន៍ មាន​លក្ខណៈ​គ្របដណ្តប់​និង​គ្រប់​ជ្រុងជ្រោយ តាមរយៈ​ការគិតគូរ​និង​បញ្ចូល​កត្តា​ឌី​ណា​មិ​ក​ប្រជាសាស្ត្រ ដែល​កំពុង​កើតមាន​នាពេល​បច្ចុប្បន្ន​និង​ដែល​បន្ត​កើតមាន​នាពេល​អនាគត ទៅក្នុង​ការធ្វើផែនការ ដោយ​គិតគូរ​ដល់​ទំនាក់ទំនង​ពហុ​វិស័យ​រវាង​បញ្ហា​ប្រជាជន​និង​ការអភិវឌ្ឍ ការរក្សា​នូវ​តម្លៃ​វប្បធម៌​និង​ប្រពៃណី​ខ្មែរ និង​ការធានា​ការគោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​។​
​ដោយ​៖​កូ​ឡាប​


spot_img
×