Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិត សុខ ទូច ៖ រៀន​គឺ​មិនមែន​ដើម្បី​មានបាន​នោះទេ តែ​រៀន​ដើម្បី​ឈរ​បាន​កាន់តែ​ខ្ពស់ មើល​បាន​កាន់តែ​ឆ្ងាយ ហើយ​អ្នក​ដែល​ខ្លាំង​គឺ​ជ្រើសរើស​មុខជំនាញ​ទៅតាម​ទេពកោសល្យ​របស់ខ្លួន​

spot_img

ភ្នំពេញ​៖ «​រៀន​គឺ​មិនមែន​ដើម្បី​មានបាន​នោះទេ តែ​រៀន​ដើម្បី​ឈរ​បាន​កាន់តែ​ខ្ពស់ មើល​បាន​កាន់តែ​ឆ្ងាយ ហើយ​អ្នក​ដែល​ខ្លាំង​គឺ​ជ្រើសរើស​មុខជំនាញ​ទៅតាម​ទេពកោសល្យ​របស់ខ្លួន​» នេះ​ជា​ប្រសាសន៍​កត់សម្គាល់​របស់​ឯកឧត្ដម​បណ្ឌិត សភាចា​រ្យ សុខ ទូច ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុមូល ដែល​ប្រព្រឹត្តទៅ​នៅ ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ នេះ​។ នេះ​បើតាម​រាជបណ្ឌិត្យសភាកម្ពុជា​។​

​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​គូសបញ្ជាក់ថា យុវជន​បច្ចុប្បន្ន ជ្រើសរើស​មុខជំនាញ​សិក្សា​ដោយ​ផ្អែកលើ​៥​ចំណុច​សំខាន់ៗ​គឺ តាម​មរតក​គ្រួសារ តាម​ឭ​គេ​ថា តាម​មិត្តភក្តិ តាម​តម្រូវការ​ទីផ្សារ និង​តាម​ការសម្រេចចិត្ត​ផ្ទាល់ខ្លួន​។

​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ​បាន​បន្តថា មាន​យុវជន​ជាច្រើន​បានជ្រើសរើស​មុខជំនាញ​សិក្សា​ទៅតាម​មរតក​របស់​គ្រួសារ ដែលជា​ករណី​ឧទាហរណ៍​គឺ គ្រួសារ​ដែល​ប្រកបមុខរបរ​ពេទ្យ ច្រើនតែ​តម្រង់ទិស​ឬ​បង្ខំ​កូន​ឱ្យ​បន្ត​ចាប់យក​មុខរបរ​ពេទ្យ​ដូច​ខ្លួន ដោយ​មិនបាន​ឈ្វេង​យល់ថា កូន​របស់ខ្លួន​គ្មាន​ឧបនិស្ស័យ​ឬ​លក្ខណៈសម្បត្តិ​សមប្រកប​ពេញលេញ​ដើម្បី​ចាប់យក​ជំនាញ​នោះឡើយ​។

​ត្រង់ចំណុច​នេះ ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ​បាន​ថ្លែង​បញ្ជាក់ថា បើទោះបីជា​យុវជន​រូបនោះ​អាច​សិក្សា​ចប់ និង​បំពេញការងារ​នោះ​តាម​ការចង់បាន​របស់​គ្រួសារ​ក្ដី ក៏​យុវជន​រូបនោះ​មិនអាច​បញ្ចេញ​នូវ​សក្ដានុពល​របស់ខ្លួន​បាន​នោះឡើយ​។ បន្ថែម​ពីនេះ ចំពោះ​ការជ្រើសរើស​មុខជំនាញ​តាម​អ្វីដែល​ឭ​តាម​គេ​ថា មិត្តភក្តិ ឬ​ទីផ្សារ ត្រូវបាន​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ​ពន្យល់​បន្ថែមថា «​អ្នក​ខ្លះទៅ​រៀន​នៅទីនេះ ឬ​ទីនោះ ដោយ​ឭ​តាម​គេ​ថា ទៅតាម​មិត្តភក្តិ ទៅតាម​សាលា​ដែលមាន​ស្រី​ស្អាត ឬ​ទៅតាម​តម្រូវការ​ទីផ្សារ ក៏​ពុំ​អាច​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព​ផងដែរ ព្រោះ​ទាំងនេះ​មិន​ឆ្លើយតប​ទៅនឹង​ទេព​កោ​ល្យ​និង​ឧបនិស្ស័យ​ដែល​ខ្លួន​មាន​»​។​

​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​បានផ្ដល់​អនុសាសន៍​ដល់​អង្គ​វេទិកា​ទាំងមូល​ថា «​អ្នក​ដែល​ខ្លាំង​គឺ​ជ្រើសរើស​មុខជំនាញ​ទៅតាម​ទេពកោសល្យ​របស់ខ្លួន ពុំមែន​ទៅតាម​តម្រូវការ​ទីផ្សារការងារ​នោះទេ ព្រោះ​ទីផ្សារ​គឺ​យើង​ជា​អ្នក បង្កើត គ្មាន​នរណា​ជា​អ្នកបង្កើត​ឱ្យ​យើង​នោះទេ​។​» នេះ​ជាការ​ផ្ដាំផ្ញើ​ទៅដល់​សិស្សានុសិស្ស​ដែល​កំពុង​ពិចារណា ក្នុងការ​សម្រេចចិត្ត​ជ្រើសរើស​មុខជំនាញ​សិក្សា​នៅ​ថ្នាក់​ឧត្ដមសិក្សា ពិសេស សិស្សានុសិស្ស​ដែល​នឹងត្រូវ​ប្រឡង​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ នៅ​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​។​

​ជាការ​ចែករំលែក​បទ​ពិសោធ​ដែល​ធ្លាប់មាន​កន្លងមក ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ សុខ ទូច បាន​មានប្រសាសន៍​លើកឡើងថា បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​ដោយ​ជោគជ័យ​ពី​ប្រទេស​រុស្ស៊ី និង​បាន​ចូល​បម្រើ​ការងារ​ដំបូង ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ​គឺជា​បណ្ឌិត​ដែល​វ័យក្មេង​ជាងគេ ប៉ុន្តែ​ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ​បានធ្វើ​ដំណើរ​តាម​ទស្សនវិជ្ជា​ផ្ទាល់​របស់​ឯកឧត្ដម​ប​ណ្ឌិ​ត​សភាចា​រ្យ ដែលថា «​វ័យ​ឬ​អាយុ មិនមែនជា​ម៉ែត្រ​សម្រាប់​វាស់​ចំណេះដឹង​នោះទេ​» ហេតុនេះហើយ ឯកឧត្ដម​បាន​ប្រកាន់​ជំហរ​រឹងមាំ និង​ដើរ​ឆ្ពោះទៅមុខ​ជានិច្ច ហើយក៏​ថែមទាំង​បាន​ចូលរួម​ផ្ដល់​ជា​គំនិត ទស្សនវិស័យ និង​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​សម្រាប់​ស្ថាប័ន​ស្រាវជ្រាវ​របស់​ជាតិ​។​

​លើសពីនេះទៅទៀត ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា «​ប្រសិនបើ​គេ​យក​កូន​សេដ្ឋី គេ​អាច​នឹង​ក្លាយជា​សេដ្ឋី​បាន ហើយ​ប្រសិនបើជា​គេ​រៀបការ​នឹង​កូន​ថ្នាក់ដឹកនាំ គេ​ក៏​អាច​នឹងមាន​អំណាច​ស្ទើរ​ស្មើនឹង​ថ្នាក់ដឹកនាំ​បានដែរ ប៉ុន្តែ​បើ​គេ​យក​កូន​បណ្ឌិត នោះគេ​មិនអាច​ក្លាយទៅជា​បណ្ឌិត​ឬ​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​នោះទេ វា​ទាមទារ​ឱ្យ​មានការ​តាំងចិត្ត​ប្រឹងប្រែង​រៀនសូត្រ​ដើម្បី​កសាង​ចំណេះដឹង​ដោយ​ខ្លួនឯង​»​។

​ទោះជា​យ៉ាងនេះ​ក្ដី ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ​បាន​ក្រើនរំលឹក​ដល់​អ្នកសិក្សា​រៀនសូត្រ និង​យុវជន​កម្ពុជា​ថា «​សារសំខាន់​នៃ​ការសិក្សា​រៀនសូត្រ ពុំមែន​រៀន​ដើម្បី​មានបាន​នោះទេ គឺ​រៀន​ដើម្បី​ភ្នែក​ភ្លឺ​ហើយ​មើលឃើញ ឈរ​បាន​កាន់តែ​ខ្ពស់ សម្លឹងមើល​បាន​កាន់តែ​ឆ្ងាយ ប្រសិនបើ​យើង​គ្មាន​ចំណេះដឹង​ទេនោះ ទោះជា​យើង​មាន​ភ្នែក​ភ្លឺ​ក៏​យើង​មើលមិនឃើញ​ដែរ​។ ជាក់ស្ដែង នៅពេលដែល​គេ​និយាយ​អំពី​សហរដ្ឋ​អាម៉េរិក ប្រសិនបើ​យើង​មិនបាន​ដឹង មិនបាន​រៀន និង​មិនបាន​ស្រាវជ្រាវ យើង​នឹង​ពុំ​អាចឆ្លើយតប​ទៅ​គេ​វិញ​បាន​នោះឡើយ​»​។ ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ បន្ថែមថា រៀន​ពុំមែន​សុទ្ធតែ​ដើម្បី​មានបាន​នោះទេ ព្រោះ​មាន​អ្នកមាន​និង​ឧកញ៉ា​ច្រើនណាស់​ដែល​គ្មាន​សញ្ញាបត្រ​ខ្ពស់​នោះទេ តែ​គេ​មាន​ជីវភាព​មានបាន​និង​ធូរធារ ចំណែក​អ្នកធំ​មួយចំនួន ពុំមាន​សញ្ញាបត្រ​ខ្ពស់​នោះទេ ប៉ុន្តែ​គេ​អាច​កាន់តំណែង​និង​កិច្ចការងារ​ជាច្រើន​បាន​។​

​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ សុខ ទូច បាន​ថ្លែង​ផ្ញើ​សារ​ជូន​ដល់​យុវជន​កម្ពុជា​ថា យុវជន​មិនត្រូវ​បោះបង់​ការសិក្សា​នោះទេ គឺ​ត្រូវតែ​តាំងចិត្ត​តស៊ូ​ដើម្បី​កសាង​ចំណេះដឹង​និង​សមត្ថភាព ដើម្បី​ចូលរួម​ក្នុងការ​អភិវឌ្ឍ​សង្គម​និង​ប្រទេសជាតិ​របស់​យើងទាំងអស់គ្នា​៕ ដោយ​៖​កូ​ឡាប​

spot_img
×