Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិភាក្សា​លើ​វឌ្ឍនភាព​ការងារ និង​ត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១ នៃ​គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​រវាង​កម្ពុជា​-​ហុង​គ្រី​

spot_img

​ភ្នំពេញ​៖ នា​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ហុង​គ្រី និង​ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១ នៃ​គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​រវាង​កម្ពុជា​-​ហុង​គ្រី​។​

​កិច្ចប្រជុំ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ក្រោម​អធិបតីភាព លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពី​ក្រសួង​ពាក់ព័ន្ធ​រួមមាន​៖ ថ្នាក់ដឹកនាំ​-​មន្ត្រី​ជំនាញ​ក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួងទេសចរណ៍ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួង​អប់រំ យុវជន និង​កីឡា រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ធនាគារជាតិ​នៃ​កម្ពុជា សភាពាណិជ្ជកម្ម​កម្ពុជា និង​ស្ថាប័ន​ផ្សេងទៀត​។​

​លោកជំទាវ​រដ្ឋលេខាធិកា​រ​ប្រធាន​អង្គប្រជុំ បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​ប្រមូល​ធាតុ​ចូល​/​សំណូមពរ​/​គម្រោង​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​របៀបវារៈ ក្នុង​កិច្ចប្រជុំ​លើក​ទី​១ នៃ​គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​រវាង​កម្ពុជា​-​ហុង​គ្រី ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៣០​ខែវិច្ឆិកា និង​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ នៅ​កម្ពុជា​។​

​អង្គ​ប្រជុំបាន​ពិនិត្យ​និង​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​អាទិភាព​សំខាន់ៗ​ដែល​ធ្លាប់មាន ជាមួយ​ប្រទេស​ហុង​គ្រី​រួមមាន​៖ ពាណិជ្ជកម្ម និង​វិនិយោគ កសិកម្ម បរិស្ថាន អាកាសចរ​ស៊ីវិល អប់រំ វប្បធម៌ ធនធានទឹក ផ្គត់ផ្គង់​ទឹកស្អាត ទេសចរណ៍ បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ និង​វិស័យ​ផ្សេងទៀត​។​

​អង្គ​ប្រជុំបាន​ឯកភាពគ្នា​ក្នុង​ការជំរុញ​អនុវត្ត​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​ដែល​បាន​ចុះហត្ថលេខា​រួច ឬ​ដែល​គ្រោង​នឹង​ចុះហត្ថលេខា នាពេលខាងមុខ រួមមាន​៖ (១)​កិច្ចព្រមព្រៀង​វិស័យ​អាកាសចរណ៍ (២)​អនុស្សរណៈ​វិស័យ​កសិកម្ម (៣)​អនុស្សរណៈ​ការគ្រប់គ្រង​ធនធានទឹក (៤)​អនុស្សរណៈ​ជាមួយ​ក្រុមហ៊ុន H1-System នៃ​ប្រទេស​ហុង​គ្រី និង​(៥)​អនុស្សរណៈ​លើ​ទំនាក់ទំនង​ព័ត៌មាន​និង​បច្ចេកវិទ្យា​។ អង្គប្រជុំ​ក៏បាន​ពិភាក្សា​លើ​ពង្រាង​វិធាន​នីតិវិធី​អនុវត្តន៍​(Rules of Procedure) ដើម្បី​ជំរុញ​អនុវត្ត​កិច្ចព្រមព្រៀង​លើ​វិស័យសេដ្ឋកិច្ច​រវាង​កម្ពុជា​-​ហុង​គ្រី និង​ដំណើរការ​នៃ​គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​កម្ពុជា​-​ហុង​គ្រី សំដៅ​ពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ​។​

​ជាទី​បញ្ចប់ លោកជំទាវ​ប្រធាន​អង្គប្រជុំ បាន​ស្នើឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​សហការគ្នា​ជិតស្និទ្ធ និង​ជំរុញ​អនុវត្ត​ការងារ​ដែល​បាន​ឯកភាពគ្នា សំដៅ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី កម្ពុជា​-​ហុង​គ្រី ឱ្យបាន​កាន់តែ​ធំ​ទូលំទូលាយ​ថែមទៀត​នាពេលខាងមុខ​៕
​ដោយ​៖CEN

 

spot_img
×