Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ និង​មណ្ឌល​ផ្ដល់​សេវាសាធារណៈ​ថ្មី ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​យានជំនិះ​

spot_img

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ បាន​ថ្លែងថា ការបើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ មណ្ឌល​ផ្ដល់​សេវាសាធារណៈ ប្រព័ន្ធ​ទូទាត់​ប្រាក់​ជាមួយ​ធនាគារ​ជីបម៉ុង និង​សេវា​ផ្ដល់​ប័ណ្ណបើកបរ​អន្តរជាតិ​នាពេលនេះ ធ្វើឡើង​ក្នុង​គោលបំណង​ធានាបាន​នូវ​ភាពជា​ម្ចាស់​ស្របច្បាប់​របស់​ម្ចាស់​យានជំនិះ លុបបំបាត់​ការ​ក្លែងបន្លំ​នានា ងាយស្រួល​ក្នុងការ​គ្រប់គ្រង​យានជំនិះ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រក្សា​សណ្ដាប់ធ្នាប់​និង​សុវត្ថិភាព​សង្គម​បានល្អ ជាពិសេស​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ផងដែរ​។​

​ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន មានប្រសាសន៍​បែបនេះ ក្នុង​ពិធី​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ និង​មណ្ឌល​ផ្ដល់​សេវាសាធារណៈ​ថ្មី នៅ​ថ្ងៃ​ពុធ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ផ្សារ​ទំនើប​ជីបម៉ុង ណូ​រ៉ូ​ម៉​ល​។​

​លើសពីនេះ​ទៀត ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា នេះ​ក៏​ជា​យុទ្ធនាការ ធ្វើ​ទំនើបកម្ម​សេវាសាធារណៈ និង​បង្ខិត​សេវាសាធារណៈ​ឱ្យ​កាន់តែ​កៀក​ប្រជាពលរដ្ឋ សំដៅ​ឱ្យ​ការផ្ដល់​និង​ទទួល​សេវាសាធារណៈ​កាន់តែ​ងាយស្រួល រហ័ស​ទាន់​ចិត្ត ស្របតាម​ប្រសាសន៍​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គឺ ធ្វើឱ្យបាន​លឿន ធ្វើឱ្យមាន​ប្រសិទ្ធភាព និង​ធ្វើឱ្យមាន​តម្លាភាព​ផងដែរ​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បានឱ្យដឹងថា តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ​នេះ ម្ចាស់​យានជំនិះ​អាចដាក់​ពាក្យស្នើសុំ​ផ្ទេរកម្មសិទ្ធិ​យានជំនិះ បង់ថ្លៃ​សេវា និង​ពន្ធ​ប្រថាប់ត្រា​នៅ​កន្លែង​និង​ពេល​តែមួយ​តាមរយៈ​គេហទំព័រ vehicle.mpwt.gov.kh ឬ​ទៅកាន់​ទីតាំង​ផ្ដល់​សេវា​របស់​ក្រសួង ដោយហេតុថា​ក្រសួង​បាន​សហ​ការតភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នេះ​ជាមួយនឹង​ប្រព័ន្ធ​របស់​អគ្គ​នាយ​ពន្ធដារ​រួចហើយ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គពិធី​ទាំងមូល​ថា ទោះបី​ប្រទេស​យើង ក៏​ដូច​សកលលោក​ប្រឈម​នឹង​បញ្ហា​ជំងឺ​កូ​វីដ​១៩​យ៉ាងណាក្ដី ក៏​រាជរដ្ឋាភិបាល​នៅតែ​បន្ត​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ទាំង​ផ្លូវគោក ទឹក ផ្លូវដែក ស្ពាន និង​កំពង់ផែ​ជាដើម ឥតឈប់ឈរ​ឡើយ​។​

​ដោយឡែក​ទាក់ទង​នឹង​វិស័យ​ដឹកជញ្ជូន​វិញ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ជម្រាប​ថា ក្រសួង​បាន​កែទម្រង់​ស៊ីជម្រៅ​លើ​សេវាសាធារណៈ​ដោយ​បង្ខិត​សេវា​នេះ​ទៅ​កៀក​ប្រជាពលរដ្ឋ តាមរយៈ​ការបង្កើត​មណ្ឌល​ផ្ដល់​សេវា​នៅតាម​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​១ អ៊ី​អន​ម៉​ល​២ ជីបម៉ុង​ណូ​រ៉ូ​ម៉​ល ឆៀក​ចល័ត វិសោធនកម្ម​ច្បាប់​ចរាចរណ៍ ការតភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដឹកជញ្ជូន​ផ្លូវគោក​នឹង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គយ​និង​រដ្ឋាករ ត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​របស់​អគ្គនាយក​ពន្ធ​ដារ ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​យានយន្ត ការរៀបចំ​កម្មវិធី​ប្រឡង​យក​ប័ណ្ណបើកបរ​ដល់ទី​កន្លែង​សម្រាប់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​តាម​រោងចក្រ និង​ដឹកទំនិញ​តាម​កំពង់ផែ និង​កម្មវិធី​ព័ត៌មានវិទ្យា​លើ​ទូរ​សព្ទ​ដៃ​ជាច្រើន​ទៀត​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​ម្ចាស់​យានជំនិះ​ទាំងអស់​ដែល​មិនទាន់បាន​ផ្ទេរកម្មសិទ្ធិ រួសរាន់​ផ្ទេរកម្មសិទ្ធិ​ដើម្បី​កាន់កាប់​យានជំនិះ​របស់ខ្លួន​ស្របច្បាប់ និង​គេច​ផុតពី​កាតព្វកិច្ច​នានា​ចំពោះមុខ​ច្បាប់ និង​បាន​ជូនដំណឹង​ថា ចាប់ពី​ថ្ងៃនេះ​តទៅ​បងប្អូន​ប្រជាពលរដ្ឋ​អាចមក​ទទួល​សេវា​ផ្ទេរកម្មសិទ្ធិ​យានជំនិះ ប្ដូរ​និង​ពន្យារ​បណ្ណ​បើកបរ​ជាតិ និង​ប័ណ្ណបើកបរ​អន្តរជាតិ នៅ​ផ្សារ​ទំនើប​ជីបម៉ុង ណូ​រ៉ូ​ម៉​ល (​ជាន់​ទី​៣) នេះ​បាន​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​សន្តិភាព និង​ដឹងគុណ​ស្ថាបនិក​សន្តិភាព គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្ដម​អគ្គ​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ដែល​បាន​ជំរុញឱ្យមាន​ការ ត​ភ្ជាប់​ប្រព័ន្ធ​នេះ​ឡើង ថ្លែងអំណរគុណ ចំពោះ អ្នកឧកញ៉ា​លាង ឃុន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្តុ​ម​ហ៊ុន ជីបម៉ុង​គ្រុប ដែល​បានផ្ដល់​ទីកន្លែង​ដ៏​ល្អ​វិសេសវិសាល​នេះ និង​កោតសរសើរ​ចំពោះ​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង ដែល​បាន​សហការ យ៉ាង​ជិតស្និទ្ធ​ជំ​រុញឱ្យ​ព្រឹត្តិការណ៍​នេះ​កើតមានឡើង​នាពេលនេះ​។​
​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន ផ្ដាំផ្ញើ​និង​ជំរុញ​លើកទឹកចិត្ត​មន្ត្រី​ផ្ដល់​សេវា ឱ្យ​ខិតខំ​បម្រើសេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត និង​ត្រូវ​ចង់ចាំ​ថា មន្ត្រី​គឺជា​អ្នកបម្រើ​រាស្ត្រ មិនមែនជា​ចៅហ្វាយនាយ​របស់​រាស្ត្រ​ឡើយ​។​

​សូមបញ្ជាក់ថា​៖ ដើម្បី​ប្រើប្រាស់​ជម្រើស​ណាមួយ​ក្នុង​ជម្រើស​ទាំងពីរ​នៃ​ការផ្ទេរកម្មសិទ្ធិ​យានជំនិះ ម្ចាស់​យានជំនិះ​ត្រូវមាន​ព័ត៌មាន​គ្រប់គ្រាន់​អំពី​យានជំនិះ លិខិត​ទិញ​-​លក់ ព័ត៌មាន​អ្នកលក់ និង​ព័ត៌មាន​អ្នកទិញ ។​ល​។ ដើម្បីឱ្យ​ការផ្ដល់​និង​ទទួល​សេវា​នេះ​កាន់តែ​លឿន​។

​ថ្លែង​ក្នុង​សុន្ទរកថា​ស្វាគមន៍​នាពេលនោះ អ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីបម៉ុង​គ្រុប បានបង្ហាញ​ពី​ចេតនា​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មាន​សេចក្ដីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​ក្នុងការ​ផ្ដល់ជូន​ទីតាំង​សម្រាប់​បើក​មណ្ឌល​ផ្ដល់​សេវាសាធារណៈ​ចុះបញ្ជី​យានយន្ត ផ្ទេរកម្មសិទ្ធិ​យានជំនិះ ប្ដូរ​និង​ពន្យារ​ប័ណ្ណបើកបរ​ជាដើម ជាមួយនឹង​ការទូទាត់​កម្រៃ​សេវាសាធារណៈ​តាមរយៈ​កម្មវិធី​ទូរស័ព្ទដៃ (Chip Mong Bank App) ផងដែរ​។​

​ឯកឧត្ដម​បណ្ឌិត កែន សម្បត្តិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​មានប្រសាសន៍ថា ការតភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អគ្គនាយកដ្ឋាន​ពន្ធដារ គឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ និង​ជាការ​កែទម្រង់​ស៊ីជម្រៅ សំដៅ​ធ្វើ​ទំនើបកម្ម​សេវាសាធារណៈ​របស់​រដ្ឋ ឱ្យមាន​ស​ង្គ​ត​ភាព​ទៅនឹង​ការរីកចម្រើន​ឥតឈប់ឈរ​នៃ​ព័ត៌មានវិទ្យា ក្នុង​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​៤.០៕​ដោយ​៖​កូ​ឡាប​



spot_img
×