Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​សៀមរាប ប្រជុំ​បូកសរុប​ការវាស់វែង របស់​ក្រុមការងារ និង​សិក្សា​ផលប៉ះពាល់​សំណង់ នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង ៣៨​ខ្សែ

spot_img

​សៀមរាប ៖ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​ការវាស់វែង របស់​ក្រុមការងារ​និង​សិក្សា​ផលប៉ះពាល់​សំណង់ ដែល​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង ៣៨​ខ្សែ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បានប្រគល់​ជូន​ខេត្តសៀមរាប ដើម្បី​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ខេត្ត​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​វិញ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ។​

​ឯកឧត្តម ទៀ សីហា ក៏បាន​ជំរុញ​ដល់​ក្រុមការងារ​ទាំងអស់​ត្រូវ​វាស់វែង​ឱ្យ​ប្រព្រឹត្តទៅបាន​រលូន និង​ស្របតាម​ផែនការ​ដែល​បាន​គ្រោងទុក​។ ជាមួយគ្នានេះ ឯកឧត្តម ក៏បាន​បញ្ជាក់បន្ថែម​ដល់​ក្រុមការងារ​ទាំងអស់​ត្រូវ​ធ្វើ​របាយការណ៍​ជាប្រចាំ​អំពី​លទ្ធផល​វាស់វែង និង​ផលប៉ះពាល់​ទាំងអស់ ដើម្បី​ធ្វើការ​បូកសរុប​របាយការណ៍ ស្តីពី​ផលប៉ះពាល់​ជូន​គណៈកម្មការ​អន្តរក្រសួង​។​

​នាឱកាស​នេះដែរ ឯកឧត្តម ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​ទាំងអស់ ដែល​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត ដើម្បី​អនុវត្ត​គម្រោង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ថ្លែងអំណរគុណ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាមផ្លូវ ដែល​រាជរដ្ឋាភិបាល​បានគ្រោង​នឹង​សាងសង់​នេះ ដោយមាន​ការចូលរួម​សហការ​ជាមួយ​ក្រុមការងារ​យ៉ាង​សស្រាក់សស្រាំ ក្នុងការ​រុះរើ​សំណង់​របស់ខ្លួន​ចេញ​ឱ្យទាន់​ពេលវេលា​។​

​ក្នុងនាម​ក្រុមការងារ​អន្តរក្រសួង ក៏ដូចជា​រដ្ឋបាលខេត្ត ឯកឧត្តម អភិបាលខេត្ត​បានស្នើ​ដល់​បងប្អូន​បន្ត​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដើម្បីឱ្យ​ការអនុវត្ត​គម្រោង​នេះ​ប្រព្រឹត្ត​ទៅតាម​ផែនការ​ដែល​បានគ្រោង​ទុក​។​

​រដ្ឋបាល​ខេត្តសៀមរាប សូម​សរសើរ​ចំពោះ​ការស្ម័គ្រចិត្ត​របស់ បងប្អូន​ប្រជាពលរដ្ឋ ៩១​គ្រួសារ ដែល​បានរស់នៅ​លើ​គន្លង​ផ្លូវ​២២​ម៉ែត្រ ក្រោយ​ពេទ្យ​គន្ធបុប្ផា ដែលជា​ផ្លូវ​មួយ​ក្នុងចំណោម​ផ្លូវ​សាងសង់​ទាំង ៣៨​ខ្សែ បន្ទាប់ពី​រដ្ឋបាលខេត្ត​ចេញ​សេចក្តីជូនដំណឹង​រួចមក បងប្អូន​ប្រជាពលរដ្ឋ ៩១​គ្រួសារ ដែល​កំពុង​រស់នៅ​ក្រោយ​ពេទ្យ​គន្ធបុប្ផា បាន​សហការ​រុះរើ​សំណង់​របស់ខ្លួន​ដោយ​ខ្លួនឯង កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ដែល​គម្រោង​បើកផ្លូវ​នេះ នឹង​ចាប់​សាងសង់​ពង្រីក​ផ្លូវ​ទំហំ ២២​ម៉ែត្រ​។

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត បាន​សង្កេតឃើញថា បងប្អូន​ប្រជាពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​រុះរើ​សំណង់​របស់ខ្លួន ដែល​បាន​សាងសង់​នៅលើ​ផ្លូវ​កន្លងមក ដើម្បីឱ្យ​អាជ្ញា​ពាក់ព័ន្ធ​អនុវត្ត​ការពង្រីក និង​សាងសង់​ផ្លូវ​ទាំង ៣៨​ខ្សែ ឱ្យស្រប​ទៅតាម​ផែនការ​ដែល​បាន​គ្រោងទុក​។​

​រដ្ឋបាលខេត្ត​សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​នឹង​បន្ត​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរខេត្ត ដើម្បី​ការកែលម្អ និង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខេត្តសៀមរាប​យើង ឱ្យ​ស័ក្តិ​សមជា​ខេត្ត​ទេសចរណ៍​ប្រវត្តិសាស្ត្រ​។​
​សកម្មភាព​រុះរើ​របស់​បងប្អូន​ទាំងអស់នេះ ក្នុងនាម​អាជ្ញាធរខេត្ត​សូម​កោតសរសើរ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សកម្មភាព​នេះ ហើយ​អាជ្ញាធរខេត្ត​នឹង​ចារ​ទុក​សកម្មភាព​នេះ ជា​ប្រវត្តិសាស្ត្រ​ដែលជា​ប្រជាពលរដ្ឋ​គំរូ​ល្អ​ក្នុង​សង្គមជាតិ​៕​ដោយ​៖​កូ​ឡាប​

spot_img
×