Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី សន្យា​ព​ន្លឿ​ន​ការធ្វើ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់នៅ និង​ដោះស្រាយ​បញ្ហា​ដទៃទៀត ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​

spot_img

ភ្នំពេញ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​សន្យា​ព​ន្លឿ​ន​ការធ្វើ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់នៅ និង​ដោះស្រាយ​បញ្ហា​ដទៃទៀត ដែលជា​សំណើរ​និង​សំណូមពរ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ជូន ដល់​ប្រជាពលរដ្ឋ​បាន​យកទៅ​ប្រើប្រាស់​បាន​តាម​តម្រូវការ​ចាំបាច់​នានា​។

​ឯកឧត្តម ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​បុ​ស្តិ៍​នគរបាល​រដ្ឋបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចុះទៅ​តាម​មូលដ្ឋាន ឬ​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ដើម្បី​សួរនាំ​ពី​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ ពិសេស​ការមិន​ទាន់​ទទួលបាន​អត្តសញ្ញាណប័ណ្ណ ដើម្បី​ដោះស្រាយ​ធ្វើ​ជូន​ពួកគាត់​ឲ្យ​បាន​ទាន់ពេលវេលា​។​

​ការលើកឡើង​របស់​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នាពេលនេះ គឺ​ឆ្លើយតប​ទៅនឹង​ក្តីកង្វល់ របស់​ប្រជាពលរដ្ឋនៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ ដែល​បាន​លើក​ជា​ក្តីកង្វល់​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​មិនទាន់​ទទួលបាន​អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​ស្នាក់នៅ​នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​៣ នៅ​ខណ្ឌ​ព្រែក​ព្នៅ នា​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០២​។​

​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​បានបញ្ជាក់​ថា ចំពោះ​បញ្ហា​ការផ្តល់​អត្តសញ្ញាណប័ណ្ណ​នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ គឺ​តម្រូវឱ្យ​អភិបាលខណ្ឌ និង​អធិការ​ខណ្ឌ​រួមសហការ​គ្នា​ចុះទៅ​ស្រង់​ទិន្ន័យ​ចំពោះ​ប្រជាពលរដ្ឋ ដែល​មិនទាន់​ទទួលបាន​អត្តសញ្ញាណប័ណ្ណ ហើយ​ត្រូវ​ពន្យល់​ប្រាប់​ពី​មូលហេតុ​នានា​ដល់​ប្រជាពលរដ្ឋ​ទាំងនោះ ពី​ភាព​យឹត​យាវ​ដែល​មិនទាន់​ទទួលបាន ដើម្បីឱ្យ​ពួកគាត់​មានការ​ស្ងប់​ក្នុង​ចិត្ត មិន​ថ្នាំងថ្នាក់ ជាមួយ​អាជ្ញាធរ​។​

​ឯកឧត្តម​បាន​បន្ថែមថា ការផ្តល់​អត្ថ​សញ្ញាណ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ទៅតាម​តម្រូវការ នេះ គឺជា​ការផ្តល់សេវា​ដ៏​ល្អ​ជូន​ប្រជាពលរដ្ឋ​ដើម្បី​យកទៅ​ប្រើប្រាស់​តាម​សេចក្តីត្រូវការ ពិសេស​ត្រៀម យកទៅ​ចូលរួម​បោះឆ្នោត​នាពេលខាងមុខ ខណៈដែល​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប លែងឱ្យ​ប្រើ​ឯកសារ​អ្វី​ផ្សេង​ទាំងអស់​ក្រៅ​តែ​អំពី​អត្តសញ្ញាណប័ណ្ណ​ទើប​អាច​ចូលរួម​បោះឆ្នោត​បាន​។​

​លោក សុខ សម្បត្តិ អភិបាលខណ្ឌ​ព្រែក​ព្នៅ​បាន​សន្យាថា នឹង​បញ្ជូន​ក្រុមការងារ​ជំនាញ​ចុះទៅ​ធ្វើ អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ឱ្យអស់​នៅពេល​ឆាប់ៗ​នេះ ខណៈដែល​កន្លងមក រដ្ឋបាល​ខណ្ឌ​និង​មន្ត្រីនគរបាល​បាន​ចុះទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​បាន​ជាង​៣​ម៉ឺន​៨​ពាន់ នាក់​ហើយ ពោលគឺ​នៅសល់​តិចតួច​ប៉ុណ្ណោះ​ដែល​មិនទាន់​បានធ្វើ​។​

​ឯកឧត្តម ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា តាមរយៈ​ការរៀបចំ​វេទិកាសាធារណៈ នេះ​បានធ្វើឱ្យ​អាជ្ញាធរ​បានដឹង​ពី​ក្តីកង្វល់​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ហើយ​អាជ្ញាធរ​សន្យា នឹង​កែលម្អ​ដោះស្រាយ​រាល់​តម្រូវការ​នានា​រប​ស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​ស្របតាម​បំណង ប្រាថ្នា​របស់​ពួកគាត់​។​

​សូមបញ្ជាក់ថា នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​៣ នៅ​ខណ្ឌ​ព្រែក​ព្នៅ នា​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​បាន​លើក​ជា​បញ្ហា​និង ក្តីកង្វល់ រហូតដល់​៦១​បញ្ហា​ក្នុងនោះ លើក​នូវ​បញ្ហា​ផ្ទាល់មាត់​ចំនួន​៩ ជា​លាយ​លក្ខ​អក្សរ​ចំនួន​៥២ ជាមួយគ្នានេះ ក្រុមការងារ ជំនាញ​បាន​ដោះស្រាយ​ភ្លាមៗ​ជូន​ប្រជាពលរដ្ឋ​បានជា​ច្រើន​បញ្ហា ចំណែក​បញ្ហា​មួយចំនួនទៀត​នឹង​ពិ​និ​ត្ត​សិក្សា​អោយបាន​ច្បាស់លាស់​ជាមួយ​ជំនាញ​ពាក់ព័ន្ធ នឹង​បន្ត​ជម្រាបជូន​ថ្នាក់លើ​ដើម្បី​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​ជូន​ទៅតាម​នីតិវិធី​ផងដែរ​៕​ដោយ​៖​កូ​ឡាប​


spot_img
×