Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាក់តែង​លិខិតបទដ្ឋាន​គតិយុត្ត​ស្ដីពី​ការបង្ការ និង​ការ​ពន្លត់​អគ្គិភ័យ ខណៈ​អគ្គិភ័យ ផ្ដល់​ផលប៉ះពាល់ ដល់​សេដ្ឋកិច្ចជាតិ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ​៖​អគ្គិភ័យ​ជា​បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ និង​ផ្ដល់​ផលប៉ះពាល់​ច្រើន​ដល់​សេដ្ឋកិច្ចជាតិ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ដូ​ច្នឹះ ក្រសួងមហាផ្ទៃ រៀបចំ​កិច្ចប្រជុំ​ប្រកាសសេចក្ដី​សម្រេច​ស្ដីពី​ការបង្កើត​ក្រុមការងារ​តាក់តែង​លិខិតបទដ្ឋាន​គតិយុត្ត​ស្ដីពី​ការបង្ការ និង​ការ​ពន្លត់​អគ្គិភ័យ​។​

​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែតុលា ឆ្នាំ​២០២០​នេះ ក្រសួងមហាផ្ទៃ រៀបចំ​កិច្ចប្រជុំ​ប្រកាសសេចក្ដី​សម្រេច​ស្ដីពី​ការបង្កើត​ក្រុមការងារ​តាក់តែង​លិខិតបទដ្ឋាន​គតិយុត្ត​ស្ដីពី​ការបង្ការ និង​ការ​ពន្លត់​អគ្គិភ័យ ក្រោម​អធិបតីភាព​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អ៊ុក គឹម​លេខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលមាន​ការចូលរួម​ពី​អនុរដ្ឋលេខាធិការ អគ្គ​ស្នងការរង​នគរបាលជាតិ ប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ដែលជា​សមាជិក​ក្រុមការងារ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ផងដែរ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត អ៊ុក គឹម​លេខ បាន​លើកឡើងថា អគ្គិភ័យ​ជា​បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ និង​ផ្ដល់​ផលប៉ះពាល់​ច្រើន​ដល់​សេដ្ឋកិច្ចជាតិ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ហេតុនេះ ក្រោយពី​មានការ​បង្កើត​ក្រុមការងារ​នេះ​ឡើង ការរៀបចំ តាក់តែង​លិខិតបទដ្ឋាន​គតិយុត្ត​ស្ដីពី​ការបង្ការ និង​ការ​ពន្លត់​អគ្គិភ័យ​នានា ត្រូវមាន​លក្ខណៈ​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ សំដៅ​រួម​សហការគ្នា​ជួយសង្គ្រោះ​ការខាតបង់​របស់​ប្រជាពលរដ្ឋ និង​សង្គមជាតិ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិកា​រ ក៏បានផ្ដល់​មតិ​ផ្ដាំផ្ញើ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការសិក្សា ស្រាវជ្រាវ តាក់តែង​លិខិតបទដ្ឋាន​គតិយុត្ត​ឲ្យ​មាន​លក្ខណៈ​តឹងរឹង គ្រប់​ជ្រុងជ្រោយ និង​សមស្រប​ទៅតាម​ការវិវត្ត​ជាក់ស្ដែង ហើយ​រួមគ្នា​ធ្វើយ៉ាងណា​ឲ្យ​កិច្ចការងារ​នេះ​មាន​ភាព​ម៉ត់ចត់ និង​រលូន ជាពិសេស​គឺ​ត្រូវ​គិតដល់​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ​។​

​គួរ​ជម្រាបជូន​ថា ក្រុមការងារ​តាក់តែង​លិខិតបទដ្ឋាន​គតិយុត្ត​ស្ដីពី​ការបង្ការ និង​ការ​ពន្លត់​អគ្គិភ័យ​នេះ​មាន​ភារកិច្ច​សិក្សា​ស្រាវជ្រាវ​ច្បាប់ និង​លិខិតបទដ្ឋាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​នានា​សម្រាប់​ជា​ជំនួយ និង​បទពិសោធ​ក្នុងការ​បម្រើ​ឲ្យ​កិច្ច​តាក់តែង ហើយ​ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ព័ត៌មាន ចងក្រង រៀបចំ​ឯកសារ និង​តាក់តែង​សេចក្ដីព្រាង​លិខិតបទដ្ឋាន​នេះ​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×