Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​៩​ខែ​ឆ្នាំនេះ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​២.៤៣០​លើក ថយចុះ​៧២៩​លើក ស្មើនឹង​២៣,០៧​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ឆ្នាំ​២០១៩

spot_img

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា បងប្អូន​ជនរួមជាតិ​ជាទីគោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​! នៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូម​សម្ដែង​នូវ​ការកោតសរសើរ និង វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការអនុវត្ត​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ក្នុង​រយៈពេល​៩​ខែ គិត​ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០២០​នេះ ដែល​អត្រា​គ្រោះថ្នាក់ ស្លាប់ និង​រង​បួស​មានការ​ថយចុះ​គួរ​ឲ្យ​កត់សម្គាល់ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩​។​

​របាយការណ៍​បាន​បង្ហាញថា ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០២០​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បានកើត​ឡើង​សរុប​ចំនួន​២.៤៣០​លើក ថយចុះ​៧២៩​លើក ស្មើនឹង​២៣,០៧​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ឆ្នាំ​២០១៩​។ រយៈពេល​៩​ខែ​កាលពី​ឆ្នាំ​២០១៩ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រហូតដល់​ទៅ​៣១៥៩​លើក​។​

​អត្រា​គ្រោះថ្នាក់​ថយចុះ ធ្វើ​ឲ្យ​អត្រា​អ្នកស្លាប់​ក៏បាន​ថយចុះ​! នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ថយ​ចុះមក​នៅត្រឹម​២.៤៣០​លើក​នេះ បានធ្វើឱ្យ​ចំនួន​អ្នកស្លាប់​ថយចុះ​២៦៤​នាក់ ស្មើនឹង​១៧,៣៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៩​។ រយៈពេល​៩​ខែ​ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្ដាល​ឲ្យ​មាន​អ្នកស្លាប់​ចំនួន​១៥២១​នាក់​។​

​ចំណែក​អត្រា​អ្នករងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាណ៍​វិញ នៅក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០២០​នេះ អ្នក​រង​បួស​មាន​ចំនួន​៣៦៦៣​នាក់ បាន​ថយចុះ​១០៥៨​នាក់ ស្មើនឹង​២២,៤១​ភាគរយ បើ​ធៀប​នឹង​រយៈពេល​៩​ខែ​ដូចគ្នា​កាល​ឆ្នាំ​២០១៩ ដែល​អ្នក​រង​បួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ពេលនោះ មាន​រហូតដល់​ទៅ​៤៧២១​នាក់​។​

​សម្តេច​ក្រឡាហោម បាន​ថ្លែងថា “​ផ្អែកលើ​លទ្ធផល​នេះ ខ្ញុំព្រះករុណាខ្ញុំ សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ខ្ពស់ ចំពោះ​ស្មារតី​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​ដឹកនាំ​ការអនុវត្ត​ច្បាប់​ស្ដីពី ចរាចរណ៍​ផ្លូវគោក​ទាំងយប់ ទាំង​ថ្ងៃ ដោយ​គ្មាន​ការនឿយហត់ របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​កងកម្លាំង​នគរបាល​គ្រប់លំដាប់​ថ្នាក់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ខេត្ត​”​។​

“​ខ្ញុំព្រះករុណា ខ្ញុំ ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​បងប្អូន​ជនរួមជាតិ​ទាំងមូល និង​អ្នកបញ្ជា​មធ្យោបាយ​ធ្វើដំណើរ​គ្រប់​ប្រភេទ​ទាំងអស់ ដែល​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ខ្ជាប់ខ្ជួន និង​គ្រប់ពេល​ធ្វើដំណើរ ធ្វើ​ឲ្យ​អត្រា​គ្រោះថ្នាក់ ចំនួន​អ្នកស្លាប់ និង​រងរបួស​ដោយសា​រ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​គួរ​ឲ្យ​កត់សំគាល់​ជា​បន្តបន្ទាប់​។
​ឆ្លៀត​នៅក្នុង​ឱកាស​នេះ ខ្ញុំព្រះករុណា ខ្ញុំ​សូម​បន្ត​ការអំពាវនាវ​ដល់​ប្អូន​ជនរួមជាតិ​ទាំងអស់​! អំពាវនាវ​ដល់​អ្នកបញ្ជា​យានយន្ត​ទាំងអស់​! សូម​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បើកបរ​ដោយ​ការគោរព​ច្បាប់​ចរាចរណ៍ និង​ប្រុងប្រយ័ត្ន​គ្រប់ពេលវេលា និង​សូម​ស្នើ​ថ្នាក់ដឹកនាំ​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​បន្ត​បំពេញភារកិច្ច​ដ៏​ថ្លៃថ្លា​ក្នុងការ​រក្សា​សុវត្ថិភាព ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ និង​បន្ត​ផ្តល់​ការលើកទឹកចិត្ត​ដល់​មន្ត្រី​ដោយ​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​” សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×