Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនា​ការចុះ​ចែក​កូន​ត្រី​អណ្តែង កូន​កង្កែប និង​សម្ភារ​ចិញ្ចឹម​មួយចំនួនទៀត ជូន​កសិករ​យកទៅ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ សម្រាប់​ខេត្តកំពង់ស្ពឺ​ចូលដល់​ជុំ​ទី​២

spot_img

​កំពង់ស្ពឺ ៖ សម្រាប់​យុទ្ធនា​ការចុះ​ចែក​កូន​ត្រី​អណ្តែង កូន​កង្កែប និង​សម្ភារ​ចិញ្ចឹម​មួយចំនួនទៀត​ជូន​កសិករ​យកទៅ​ចិញ្ចឹម​ជា​លក្ខណ​គ្រួសារ តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រាប់​ខេត្តកំពង់ស្ពឺ​ចូលដល់​ជុំ​ទី​២ ហើយ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន អមដំណើរ​ជាមួយ​ដោយ ឯកឧត្តម លោកជំទាវ​រដ្ឋលេខាធិកា​រ អនុ​រដ្ឋលេខា ធិ​ការ ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល លោក​ប្រធាន មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​មកជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​នាំយក​កូន​ត្រី​អណ្តែង កូន​កង្កែប និង​សម្ភារ​ចិញ្ចឹម​មួយ ចំនួន​ទៀត​មក​ចែកជូន​កសិករ​ចំនួន ៥០​គ្រួសារ ដែល​អញ្ជើញ​មកពី​បី​ស្រុក គឺ​ស្រុក​ឧដុង្គ ស្រុក​ឱ​រ៉ា​ល់ និង​ស្រុក​ថ្ពង​។

​ពិធី​នេះ​បានរៀបចំ​នៅផ្ទះ​លោក ឡុង ឡេង នៅ​ភូមិ​កណ្តាល ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ​។ លោក ឈាង តុលា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​រាយ ការណ៍​ជូន​អង្គ ពិធី​ជ្រាប​ដោយ​សង្ខេប​អំពី​ការងារ​បង្កបង្កើនផល​ជារួម ដោយឡែក​វិស័យ​វារីវប្បកម្ម​នៅ​ទូទាំង​ខេត្ត​ថា ខេត្តកំពង់ស្ពឺ​មាន​បណ្តុំ​អាជីវកម្ម​ត្រី​ចំនួន​១១ (២៧៣​គ្រួសារ​) ដោយបាន​ផ្តល់​កូន​ត្រី​ចម្រុះ​ចំនួន ១៣៦ ៥០០​កូន មាន​បណ្តុំ​អាជីវកម្ម​កង្កែប ១១​កន្លែង (២១៦ គ្រួសារ​) និង​មាន​កសិករ​ចិញ្ចឹម​ត្រី​នៅក្រៅ​បណ្តុំ ៤០២​គ្រួសារ បានដាក់​កូន​ត្រី​ចម្រុះ​ចិញ្ចឹម​ចំនួន ២៥១ ៣០០​ក្បាល មាន​បង្កាត់ ភ្ញាស់​កូន​ត្រី និង​កង្កែប​ជា​លក្ខណ​គ្រួសារ​ចំនួន ៤​កន្លែង អាច​ផលិត​កូន​បាន ៧២២ ០០០​កូន​។ ដោយឡែក​ក្រុមហ៊ុន សុវណ្ណ​ភូមិ ស្រុក​ភ្នំស្រួច អាច​ផលិត​កូន​បាន ១៤០ ០០០​កូន​។ ដោយ​ទទួលបាន​បច្ចេកទេស​ចិញ្ចឹម​ពី​មន្ទីរ និង​រដ្ឋបាល​ជល មាន​កសិករ ១២ គ្រួសារ​កំពុង​ចិញ្ចឹម​បង្កង​អូស្ត្រាលី មានកូន​បង្កង ៣ ៣២០​កូន និង​មាន ១​គ្រួសារ ផ្សេងទៀត​កំពុង​ចិញ្ចឹម​បង្កង​ទឹកសាប​មាន​បង្កង ៧០ ០០០​កូន​។

​ក្នុងពេល​ជួប​សំណេះសំណាល ឯកឧត្តម​រដ្ឋមន្ត្រី បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិ​ត្ត​ព្រឹ​ត្ត​បណ្ឌិត មក​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ ព្រមទាំង​ជូនពរ បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ៗ​ក្រុមគ្រួសារ​ឲ្យ​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន សុភមង្គល​ក្នុង​ក្រុមគ្រួសារ និង​ចូរ​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព​ចិញ្ចឹម​ត្រី ក៏ដូចជា​ចិញ្ចឹម​កង្កែប​ផងដែរ​។ បន្ទាប់មក ឯកឧត្តម​រដ្ឋមន្ត្រី បានធ្វើការ​សំណេះ សំ​ណា​ល​ជាមួយ​ប្រជាពលរដ្ឋ​អំពី​ជីវភាព ការងារ​បង្កបង្កើនផល ជាពិសេស​នោះ​គឺ​ការងារ​វារីវប្បកម្ម​ដែល​លោក​បាន​រំលេច​ជូន​ប្រជា កសិករ​ជ្រាប​អំពី​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​កាលពី​ថ្ងៃទី​១៨ ខែកុម្ភ​: និង​កាលពី​ថ្ងៃទី​១៤ ខែកក្កដា​កន្លងមក ដែល​សម្តេច​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ និង​ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឲ្យ​ខិតខំ​ជំរុញ​ការងារ​ផលិតកម្ម​ស្បៀង ដើម្បី​ចូលរួម​បង្កើន​ផលិតភាព​ផលិតកម្ម​ស្បៀង បង្កើត​ការងារ តាមរយ​:​ការពង្រឹង និង​ពង្រីក​សកម្មភាព​ចិញ្ចឹម​ត្រី និង​កង្កែប ដាំ​ដំណាំ និង​បន្លែបង្កា​ជា​លក្ខណ​:​គ្រួសារ​ដើម្បី​បង្កើត​ចំណូល ធានា​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ ស្រប​ពេលដែល​សេដ្ឋកិច្ចជាតិ និង​វិស័យ​មួយចំនួនទៀត​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩​។ ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក្នុងនាម​ឲ្យ​អាជ្ញាធរខេត្ត ថ្នាក់ដឹកនាំ​ក្រសួង និង​រដ្ឋបាល​ជលផល​សន្យាថា​នឹង​ខិតខំ​ពុះពារ​គ្រប់បែបយ៉ាង​មិនថាឡើយ​ពេលវេលា​ឈប់សម្រាក​ចុង​សប្តាហ៍ ចុះ​មកជួយ​ជំរុញ​យុទ្ធនាការ​នេះ​ឲ្យ​កាន់តែ​សកម្ម​ឡើង​ថែមទៀត​នៅ​ទូទាំងប្រទេស ធ្វើយ៉ាងណា​បង្កើន​ផលិតភាព​ផលិតកម្ម​ស្បៀង ថែរក្សា ការពារ និង​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ​ឲ្យ​មាន​ចីរភាព និង​និរន្តរភាព រក្សា​សុវត្ថិភាព​ស្បៀង ប្រែក្លាយ​វិបត្តិ ទៅជា​ឱកាស​ដើម្បី​ពង្រីក និង​ពង្រឹងសមត្ថភាព​ចិញ្ចឹម​ត្រី និង​កង្កែប​តាម​គ្រប់​រូបភាព​។ មន្ទីរ រដ្ឋបាល​ជលផល និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​រួមសហការ​គ្នា​ធ្វើការ​តាមដាន​នូវ​រាល់​សកម្មភាព​របស់​វា​រី​វប្បករ​ដែល​នឹង​យក​កូន​ត្រី និង​កូន​កង្កែប​ទៅ​ចិញ្ចឹម​នា​ថ្ងៃនេះ ធ្វើយ៉ាងណា​ឲ្យ​អាជីព​នេះ​ដុះដាល​លូតលាស់ រីកចម្រើន​ជា បន្តបន្ទាប់​។ ព្រម​ជាមួយគ្នានេះ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ត្រូវ​បន្ត​ចុះជួយ​ផ្សព្វផ្សាយ បណ្តុះបណ្តាល​បន្ថែម​លើ​ការងារ​បច្ចេកទេស​ចិញ្ចឹម បង្កាត់ ភ្ញាស់​កូន វិធី​លាយ​ផ្សំ​ចំណី ការថែទាំ និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ។ ក្រៅពី​វិស័យ​វារីវប្បកម្ម បងប្អូន​ប្រជាកសិករ​ក៏ត្រូវ​គិតគូ​ផងដែរ​អំពី​ផលិត កម្ម​ស្រូវ ដំណាំ​រួមផ្សំ បន្លែ និង​ចិញ្ចឹមសត្វ ដើម្បី​រក្សាបាន​នូវ​និរន្តរភាព​នៃ​ការ​ផ្គត់​ផ្គង​ស្បៀង​ក្នុង​គ្រួសារ និង​ទីផ្សារ​។
​សម្រាប់​ថ្ងៃនេះ កសិករ​ចិញ្ចឹម​ត្រី​អណ្តែង ៥០​គ្រួសារ គ្រួសារ​នីមួយៗ​ទទួល​បានកូន​ត្រី ៧០០ ក្បាល ចំណី ៤​បាវ និង​តង់ ១ និង​ថ្នាំ​វី​តា​ម៉ី​ន ៣​កញ្ចប់​។​

​អញ្ជើញ​ចេញពី​កម្មវិធី​ចែក​កូន​ត្រី ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​បាន​បន្តដំណើរ​មក​ពិនិត្យ​កសិដ្ឋាន​តា​អ៊ី ៦១៩ ចិញ្ចឹម​មាន់​ស្រែ នៅ​ភូមិ​សុ​ភី ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង​។ លោក ឡេង ស៊ី​វុទ្ធី (​អតីត​ពលករ​កូរ៉េ​) បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា កសិដ្ឋាន​ចាប់ផ្តើម​ចិញ្ចឹម​មាន់​ស្រែ​តាំងពី​ឆ្នាំ​២០១៧ ជា​បណ្តើរៗ​ដោយ​មានការ​ជ្រោមជ្រែង​ពី​មន្ទីរ និង​បទពិសោធន៍​ចិញ្ចឹម​ដែល​ទទួលបាន​ពី​ប្រទេស​កូរ៉េ កសិដ្ឋាន​មានការ​វិវឌ្ឍន៍​ជា​បន្តបន្ទាប់ បច្ចុប្បន្ន​មាន​មេ​ពូជ​ចំនួន ៣០០ ទុក​បង្កាត់ ភ្ញាស់​យក​កូន​លក់ ៤៥០០-៥០០០​រៀល​/​ក្បាល ហើយ​ក៏មាន​ចិញ្ចឹម​មាន់​សាច់​ផងដែរ​។ បច្ចុប្បន្ន​អាច​រកចំណូលបាន​ពី ១៥០០-២០០០​ដុល្លារ​/​ខែ​។ តាមរយ​:​ឯកឧត្តម​រដ្ឋមន្ត្រី លោក វុទ្ធី បាន​សម្តែង​នូវ​អំណរគុណ​សន្តិភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ដែល​បាន​ជំរុញ លើកទឹកចិត្ត​ចិញ្ចឹម​មាន់​ស្រែ​បានទទួល ជោគជ័យ​ដូច​ថ្ងៃនេះ និង​ជាពិសេស​បាន​អរគុណ​សន្តិភាព​ដែល​បាន​ថែរក្សា ការពារ​សន្តិភាព បង្កលក្ខណ​ងាយស្រួល​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ និង​ប្រកប​របស់​កសិកម្ម​ចិញ្ចឹមជីវិត និង​រស់នៅ​ជួបជុំ​គ្រួសារ​ប្រកបដោយ​សុខដុមរមនា​។ បានឃើញ​ជាក់ច្បាស់​ថា​អាជីវកម្ម​របស់​កសិដ្ឋាន ពិតជា​ទទួលបាន​ជោគជ័យ​មែន ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​គាំទ្រ​ឲ្យ​កសិដ្ឋាន​ខិតខំ​បន្ថែមទៀត ដើម្បី​ចូលរួម​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​នា​ឆ្នាំ​២០៣០ និង ២០៥០ និង​គួរ​ពង្រីក​អាជីវកម្ម​ដើម្បី​ចូលរួម រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ​ស្បៀង ដោយ​ឆ្លៀត​យក​ឱកាស​មាស​នេះ​ពង្រីក​អាជីវកម្ម​មាន់​ស្រែ​ស្របតាម​សេចក្តីត្រូវការ​ទីផ្សារ​៕ ដោយ​៖​កូ​ឡាប​

spot_img
×