Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​មែន​! រថយន្ត​ទំនើប​១​គ្រឿង កំពុង​ល្បី​ខ្លាំង​នៅ​ថៃ ព្រោះតែ​គ្រប់​ដណ្តប់​ដោយ​ភក់ និង​ស្មៅ ខណៈ​ម្ចាស់​សន្យា​មិន​លាង​រហូត ហើយ​ថែមទាំង​…

spot_img

​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង ដែល​គ្របដណ្តប់​ទៅដោយ​ដី​ភក់ និង​ស្មៅ នៅពេលនេះ​បាន​ល្បី​យ៉ាងខ្លាំង​តែម្តង បន្ទាប់ពី​វា​បាន​កំពុង​ចរាចរ​នៅតាម​បណ្តា​ផ្លូវ​ជាច្រើន នៅក្នុង​ទីក្រុង​ប៉ា​តា​យ៉ា និង​ខេត្ត Chonburi ខណៈ​ម្ចាស់​ក៏បាន​សន្យា​នឹងមិន​លាង​ទឹក​រថយន្ត​របស់ខ្លួន​ទៀតឡើយ​។

​កាសែត​ភាសា​ថៃ Khaosod បាន​រាយការណ៍​កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ថា រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ដ៏​ចម្លែក​នេះ បាន​កំពុង​ចរាចរ​នៅតាម​បណ្តា​ដងផ្លូវ នៅក្នុង​ស្រុក Bang Lamung ខេត្ត Chonburi​។ អ្នកស្រុក និង​ភ្ញៀវទេសចរ ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង បន្ទាប់ពី​បានឃើញ​រថយន្ត​ពណ៌​ស​ស៊េរី​ទំនើប​នេះ គ្របដណ្តប់​ដោយ​ភក់ និង​ស្មៅ បើកបរ​នៅលើ​ដងផ្លូវ​បែបនេះ​។​

​ដំបូង ពួកគេ​គ្រាន់តែ​យល់ច្រឡំ ប៉ុន្តែ ក្រោយមក ក៏មាន​ក្រុមមនុស្ស​ជាច្រើន​បានចាប់ផ្តើម​សុំ​ម្ចាស់​ថតរូប​ជាមួយ​រថយន្ត​របស់គាត់​តែម្តង​។ ម្ចាស់​រថយន្ត​នេះ​បាន​បង្ហើប​ឲ្យ​ដឹងថា គាត់​មានគំនិត​បែបនេះ គឺ​នៅ​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ​។​

​លោក Prasert Panuekthong ដែលជា​ម្ចាស់​រថយន្ត មកពី​ខេត្ត Rayong បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា គាត់​ជា​ម្ចាស់កា​រ៉ា​ស់លក់​រថយន្ត​ជជុះ និង​អា​ផាត​មិន​មួយកន្លែង​នៅក្នុង​ខេត្ត Rayong​។ សព្វថ្ងៃនេះ គាត់​នៅ​លីវ ពុំទាន់​មានគ្រួសារ ឬ កូន​នោះទេ ព្រោះ​គាត់​រីករាយ​ជីវិត​រស់នៅ​ម្នាក់ឯង​។​

Prasert ក៏បាន​បញ្ជាក់​ផងដែរ​ថា គាត់​គឺជា​មនុស្ស​ចម្លែក​ម្នាក់ ដែល​ចូលចិត្ត​ធ្វើ​នូវ​អ្វីដែល​មិនធម្មតា​។ នៅ​ថ្ងៃ​សម្រាក​ពី​ការងារ គាត់​បាន​ប្រមូល​ដី​ភក់​មក​ប៉ាត​លើ​រថយន្ត​ទាំងមូល​របស់គាត់ ដោយមាន​មិត្តភក្តិ​ជួយ​ផងដែរ​។ គាត់​ផ្តើមគំនិត​ដ៏​កខ្វក់​នេះ​ឡើង គឺ​ដើម្បី​ចង់​ឲ្យ​មនុស្ស​ជុំវិញ​មានការ​ភ្ញាក់ផ្អើល ពេល​បានឃើញ​ឡាន​របស់គាត់​បើក​កាត់​។​

Prasert បាន​និយាយថា «​ខ្ញុំ​នឹងមិន​ដែល​លាង​សម្អាត​ឡាន​របស់ខ្ញុំ​ពេញ​មួយជីវិត​។ ប្រសិនបើ​ភក់​ចាប់ផ្តើម​ជ្រុះ នោះ​ខ្ញុំ​នឹង​យក​ដី​ភក់​មក​ប៉ាត​លើ​វា​ឲ្យ​កាន់តែច្រើន​។ នេះ​គឺ​ប្លែក​គ្មាន​នរណា​ដូច​ខ្ញុំ​ទេ​។​»​។ លោក​ក៏បាន​ចែករំលែក​ឲ្យ​ដឹង​រឿងនេះ​ផងដែរ​ថា​៖ «​នៅ​យប់​មួយ ខ្ញុំ​បាន​បើកឡាន​របស់ខ្ញុំ​ចេញពី​ព្រៃ ស្រាប់តែ​អ្នកភូមិ​ម្នាក់​គ្រាន់តែ​បានឃើញ​ភ្លាម គាត់​ខំ​ជិះ​កង់​ចាកចេញ​យ៉ាង​លឿន​។ នៅពេលនោះ ខ្ញុំ​បាន​បន្ទាប​បង្អួច ហើយ​សុំទោស​ចំពោះ​ការ​បំភ័យ​គាត់ ដែល​វា​គួរ​ឲ្យ​អស់សំណើច​ខ្លាំងណាស់​»​។​

​នៅពេល​សួរថា​តើ​នៅពេល​មន្ត្រីប៉ូលិស​បានឃើញ​ឡាន​របស់គាត់ តើ​ពួកគេ​មាន​យោបល់​ដែរ ឬទេ Prasert ក៏បាន​និយាយថា ពួកគេ​បាន​ប្រាប់​គាត់​ឲ្យ​ធ្វើ​អ្វីដែល​ធ្វើ​ឲ្យ​គាត់​សប្បាយចិត្ត​៕ ដោយ​៖ លឹម ហុង (​ប្រភព​៖ Khaosod)​

spot_img
×