Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ករណី​រឿង​គប់​កញ្ចប់​រថយន្ដ នៅ​ស្រុក​ចំការលើ ជនដៃដល់​សារភាពថា ធ្លាប់ធ្វើ​សកម្មភាព​គប់​កញ្ចប់​៨​ដង នៅ​តំបន់​ចំការកៅស៊ូ​

spot_img

កំពង់ចាម​៖ សំណុំរឿង​គប់​កញ្ចប់រ​ថយ​ន្ដ​បណ្ដាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ម្នាក់ កាលពី​យប់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ នៅលើ​ផ្លូវជាតិ​លេខ​៧១ ម្ដុំ​ចំការកៅស៊ូ ស្ថិតក្នុង​ភូមិ​បាំង​២ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ត្រូវ​កម្លាំង​នគរបាល​ខេត្តកំពង់ចាម បំបែកសំណុំរឿង​បាន​ហើយ ដោយ​ចាប់ខ្លួន​ជនដៃដល់​២​នាក់ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនដៃដល់​សារភាពថា ពួកគាត់​ធ្វើ​សកម្មភាព​៨​ដង នៅ​តំបន់​ចំការកៅស៊ូ​។​

​បើតាម​ការប្រកាស​ព័ត៌មាន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម នៅ​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០២០​នេះ​ថា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​លោក លោក​ឧ​ត្ត​ម​សេនីយ៍​ស្នង​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ បាន​បំបែកសំណុំរឿង​គប់​កញ្ចប់​រថយន្ដ នៅ​ម្ដុំ​ចំការកៅស៊ូ ក្នុងស្រុក​ចំការលើ​កំពង់ចាម កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨ និង​៣០​នាទី នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​៧១ ស្ថិតនៅ​ភូមិ​បាំង​២ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម មាន​ករណី​ឃាតកម្ម (​គប់​កញ្ចក់​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់​) មួយ​កើតឡើង​។​

​បន្ទាប់ពី​ហេតុការណ៍​កើតឡើង​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បានដាក់​បទបញ្ជា​ដល់​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង វុទ្ធី ស្នងការរង សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​បាន និង​ចាប់​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់​គឺ ៖ ១-​ឈ្មោះ រី ធា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​បាំង​២ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម មុខរបរ កម្មករ លទ្ធផល​តេស្ត​រក​សារធាតុ​ញៀន (​វិជ្ជមាន​) ។ ២-​ឈ្មោះ ឈឿន ភារ​ម្យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​៣៤ ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម មុខរបរ កម្មករ លទ្ធផល​តេស្ត​រក​សារធាតុ​ញៀន (​វិជ្ជមាន​) ។​

​ផ្អែក​តាម​ចម្លើយសារភាព​របស់​ជ​ន​ទាំង​២​នាក់​ខាងលើ បាន​ឆ្លើយ​សារភាពថា ៖ ពួកខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​យក​ដុំថ្ម គប់​កញ្ចក់​រថយន្ត​បណ្តាល​ឲ្យ​បែក​កញ្ចក់​រថយន្ត​ហើយ​ត្រូវ​ជនរងគ្រោះ​ឈ្មោះ ពុំ សុភ​ណ្ឌ័ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​សាលា​វិស័យ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បា​ល្ល័​ង្ក ខេត្តកំពង់ធំ (​បណ្តាល​ឲ្យ​ស្លាប់ ក្រោយពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​) កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨ និង​៣៥​នាទី នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​៧១ ម្តុំ​មុខ​ស្នាក់ការ​គណៈបក្ស​ប្រជាជន​កម្ពុជា ស្ថិតនៅ​ភូមិ​បាំង​២ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ពិតប្រាកដ​មែន ។​

​ក្នុងនោះ​ជន​ទាំង​២​នាក់​ខាងលើ ក៏បាន​ឆ្លើយ​សារភាព​បញ្ជាក់ទៀតថា ៖ កន្លងមក​ពួកខ្លួន​ក៏​ធ្លាប់​បានធ្វើ​សកម្មភាព យក​ចំ​ពាម​កៅស៊ូ​បាញ់ និង​យក​ដុំថ្ម​គប់​កញ្ចក់​រថយន្ត​ចំនួន​០៧​លើក​រួមមាន ៖

-​លើក​ទី​១៖ ក្នុង​ខែមេសា ឆ្នាំ​២០២០ នៅ​ចន្លោះ​វេលា​ម៉ោង​២០ និង​០០​នាទី ទៅ​វេលា​ម៉ោង​២១ និង​០០​នាទី បានធ្វើ​សកម្មភាព​យក​ចំ​ពាម​កៅស៊ូ បាញ់​កញ្ចក់​រថយន្ត នៅ​ចំណុច​ម្តុំ​ចំការ​តា​ង៉ែ​ន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧១ ស្ថិតនៅ ភូមិ​៣២ ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​

-​លើក​ទី​២ និង​ទី​៣៖ ក្នុង​ខែឧសភា ឆ្នាំ​២០២០ នៅ​ចន្លោះ​វេលា​ម៉ោង​១៣ និង​០០​នាទី ទៅ​វេលា​ម៉ោង​១៤ និង​០០​នាទី បានធ្វើ​សកម្មភាព​យក​ដុំថ្ម​គប់​កញ្ចក់​រថយន្ត នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧១ ម្តុំ ភូមិ​៣៥ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​

-​លើក​ទី​៤៖ ក្នុង​ខែមិថុនា ឆ្នាំ​២០២០ នៅ​ចន្លោះ​វេលា​ម៉ោង​១៧ និង​០០​នាទី ទៅ​វេលា​ម៉ោង​១៨ និង​០០​នាទី បានធ្វើ​សកម្មភាព​យក​ដុំថ្ម​គប់​កញ្ចក់​រថយន្ត នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧១ ម្តុំ​ភូមិ​តាំង​ក្រង ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​

-​លើក​ទី​៥៖ ក្នុង​ខែមិថុនា ឆ្នាំ​២០២០ នៅវេលា​ម៉ោង​ប្រហែល​១៩ និង​០០​នាទី បានធ្វើ​សកម្មភាព​យក​ដុំថ្ម​គប់​កញ្ចក់​រថយន្ត នៅ​ចំណុច​ម្តុំ​លូ​ពីរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧១ ច្រកចូល​ភូមិ​បាំង​២ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​

-​លើក​ទី​៦៖ ក្នុង​ខែកក្កដា ឆ្នាំ​២០២០ នៅ​ចន្លោះ​វេលា​ម៉ោង​១៨ និង​០០​នាទី ទៅ​វេលា​ម៉ោង​១៩ និង​០០​នាទី បានធ្វើ​សកម្មភាព​យក​ដុំថ្ម​គប់​កញ្ចក់​រថយន្ត នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧១ ម្តុំ​ផ្សារ​បុសខ្នុរ ស្ថិត​ក្នុងភូមិ​បុសខ្នុរ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​

-​លើក​ទី​៧៖ ក្នុង​ខែសីហា ឆ្នាំ​២០២០ នៅ​ចន្លោះ​វេលា​ម៉ោង​១៨ និង​០០​នាទី ទៅ​វេលា​ម៉ោង​១៩ និង​០០​នាទី បានធ្វើ​សកម្មភាព​យក​ដុំថ្ម​គប់​កញ្ចក់​រថយន្ត នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧១ ស្ថិតក្នុង​ភូមិ​ច្រ​ណោម ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​

-​លើក​ទី​៨៖​នៅ​ថ្ងៃទី​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ នៅវេលា​ម៉ោង​១៨ និង​៣៥​នាទី បានធ្វើ​សកម្មភាព​ក​ដម​ថ្ម​គប់​កញ្ចក់​រថយន្ដ នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧១ ស្ថិតក្នុង​ភូមិ​បាំង​២ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម បណ្ដាល​ឲ្យ​បែក​កញ្ចក់​រថយន្ដ រេ​ចង្កូត​ទៅបុក​ដើម​កៅស៊ូ ហើយ​ជនរងគ្រោះ​បាន​ស្លាប់ ក្រោយពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ។

​បច្ចុប្បន្ន​ជន​ទាំង​២​នាក់​ខាងលើនេះ ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិវិធី តាម​បញ្ជា​របស់លោក សាន សុ​ភះ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ៕​ដោយ​៖​កូ​ឡាប​

spot_img
×