Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ៖​ប្រការ​ដែល​ត្រូវអនុវត្ត និង​ប្រការ​ដែល​ត្រូវ​ហាមឃាត់ ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០

spot_img

ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​។​

​បើតាម​សេចក្តីជូនដំណឹង​បានឱ្យដឹងថា ក្នុង​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​។ សកម្មភាព​នេះ​បាននិងកំពុង​ដំណើរកា​រ​នៅតាម​ឃុំ សង្កាត់​ទាំង ១.៦៤៦ ទូទាំងប្រទេស ស្របតាម​ប្រតិទិន​ការងារ​របស់ គ​.​ជ​.​ប​។

​ដើម្បី​ធានា​ឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​រលូន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សូម​ធ្វើការ​ជូនដំណឹង​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ នូវ​កត្តាចាំបាច់​មួយចំនួន​ដូចខាងក្រោម​៖

១) ប្រការ​ដែល​ត្រូវអនុវត្តៈ​
– ជន​គ្រប់រូប​ដែលមាន​វត្តមាន​នៅក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត និង​នៅ​បរិវេណ ខាងក្នុង​នៃ​ការិយាល័យ​ទាំងនោះ ត្រូវ​ស្ថិតនៅក្រោម​អំណាច​គ្រប់គ្រង និង​ការណែនាំ​របស់ គ​.​ជ​.​ប ឬ លធ​.​ខ​ប ឬ កបឃ​.​ស ឬ​/​និង ក​.​ច​.​ប ស្របតាម​លក្ខខណ្ឌ​នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​នៃ​ច្បាប់​នេះ និង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ ។​

២៖ ប្រការ​ដែល​ត្រូវ​ហាមឃាត់ៈ​
-​ការរារាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត មិន​ឱ្យទៅ​ចុះឈ្មោះ​បោះឆ្នោត ឬ​ការរារាំង​មិនឱ្យ​ចុះឈ្មោះ​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត និង​សៀវភៅបញ្ជី​បោះឆ្នោត ។​
-​ធ្វើឱ្យមាន​ការភាន់ច្រឡំ​នាំឱ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត ។​
-​ផ្តល់​ការណែនាំ ឬ​ស្តីបន្ទោស​ដល់​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត ។​
-​ធ្វើឱ្យ​ខូច​របៀបរៀបរយ​ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ។​
-​ជ្រៀតជ្រែក ឬ​បង្ក​ការអុកឡុក ឬ​បង្ក​ការរំខាន ឬ​ការរារាំង​សកម្ម​ភាពជា​ប្រក្រតី​ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត នៅក្នុង​អំឡុងពេល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ។​
-​ប្រព្រឹត្ត​អំពើ​គំរាមកំហែង ឬ​បំភិតបំភ័យ ឬ​អំពើហិង្សា​ទៅលើ​ប្រជាពលរដ្ឋ ទៅលើ​គណបក្ស នយោបាយ ឬ​ភ្នាក់ងារ​នៃ​គណបក្សនយោបាយ​ដទៃទៀត ។​
-​និយាយ​ដោយផ្ទាល់​មាត់ ឬ​ដោយ​ប្រយោល ឬ​សរសេរ​ជា​លាយលក្ខណ៍អក្សរ​ក្នុងន័យ​ប្រមាថ មាក់ងាយ​ទៅលើ​គណបក្សនយោបាយ ឬ​ភ្នាក់ងារ​គណបក្សនយោបាយ ឬ​អ្នក​សុំ​ចុះឈ្មោះ​បោះឆ្នោត ឬ​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត ។​
-​ញុះញង់​ឱ្យមាន​ការរើសអើង​ប្រកាន់​បក្ខពួក ជាតិ​សាសន៍ ភេទ ឋានៈ​ក្នុងសង្គម សាសនា និង​តាម​គ្រប់​រូបភាព​ទាំងអស់ ។​

​ការប្រព្រឹត្ត​អំពើ​បំពាន​នឹង​ការហាមឃាត់​ខាងលើ គឺជា​កម្មវត្ថុ​នៃ​ការពិន័យ​ស្របតាម​មាត្រា​១៤២ មាត្រា​១៥២ និង​មាត្រា​១៦០ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ។ ជាងនេះទៀត ត្រូវគោរព​តាមច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​នៃ​ច្បាប់​នេះ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ ក្រមសីលធម៌ និង​សេចក្តីណែនាំ​ផ្សេងៗ​របស់ គ​.​ជ​.​ប ព្រមទាំង​លិខិតបទដ្ឋាន​គតិយុត្ត​ផ្សេងទៀត​ជា​ធរមាន ។​

​ទន្ទឹមនេះ គ​.​ជ​.​ប បាន​លើកទឹកចិត្ត​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ឱ្យចូល​រួម​ក្នុង​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ ដើម្បី​រួមចំណែក​រៀបចំ​បញ្ជី​បោះឆ្នោត​ប្រចាំឆ្នាំ​ឱ្យមាន​គុណភាព​ខ្ពស់​៕​ដោយ​៖​កូ​ឡាប​

spot_img
×