Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្ដីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ចំនួន​២​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​នឹង​ត្រូវ​ដាក់​ចូល​ក្នុង​របៀប​វារៈ​សម័យប្រជុំ​ជា​វិសាមញ្ញ​នៃ​រដ្ឋសភា​ពិភាក្សា​

spot_img

សេចក្ដីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ លើ​មាន​ការរៀបចំ​ជា​មាត្រា​ថ្មី​មួយ​ចំនួន បំពេញបន្ថែម​នូវ​ភាពខ្វះ​ចន្លោះ​ដែល​ពុំមាន ចែង​នា​ពេលកន្លងមក ក្នុងករណី​ដែល​តុលាការ​រក​ឃើញ​ថា មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​។​

​លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា បាន​មានប្រសាសន៍ថា គណៈកម្មការ​បាន​ឯកភាព​គ្នា​សម្រេច​បញ្ជូន សេចក្តីព្រាងច្បាប់​ស្តីពី​ច្បាប់​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ និង​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សា ធម្មនុញ្ញ ជូន​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​សម្រេច​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​ជា​វិសាមញ្ញ​នៃ​រដ្ឋសភា ធ្វើការ​ពិភាក្សា និង អនុម័ត​នា​ពេលខាងមុខ​។​

​លោក ប៉ែន បញ្ញា បាន​មានប្រសាសន៍​បែបនេះ បន្ទាប់​ពី​អង្គប្រជុំ​បាន​ធ្វើ​ការពិនិត្យ និង​សិក្សា​យ៉ាង​លម្អិត​រួមគ្នា រវាង​អន្តរ​គណៈកម្មការ ជំនាញ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋ​សភា​។ សមាសភាព​ក្នុង​កិច្ចប្រជុំ​នេះ មាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​ដឹកនាំ​ដោយ លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ សហការ​ជាមួយ​អន្តរ​គណៈកម្មការ​ជំនាញ រដ្ឋសភា​ដែល​ទទួលបន្ទុក​ពិនិត្យ​និង​សិក្សា​សេចក្តីព្រាងច្បាប់​។ ចំណែក​តំណាង​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ និង​សហការី​។​

​លោក មានប្រសាសន៍​បន្ត​ថា កម្ពុជា​មាន​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​រឹងមាំ មាន​ស្ថិរភាព អាច​ជឿ​ទុកចិត្តបាន តាម​មាគ៌ា​នៃ​នីតិរដ្ឋ ដោយ​មាន​ទាំង​បរិមាណ និង​គុណភាព​ស្ទើរ​គ្រប់​គ្រាន់ និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​។ លើសពីនេះ​ទៀត កម្ពុជា​មាន​សុខសន្តិភាព​យ៉ាង​ពិតប្រាកដ ដែល​រាជរដ្ឋាភិបាល​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​សម្រេច​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ ដែល​ជា​ភារកិច្ច​ចម្បង​មួយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការទទួលខុសត្រូវ​ចំពោះ​សង្គម​។​

​លោក មានប្រសាសន៍​បន្ថែម​ថា ដោយ​ប្រទេស​កម្ពុជា​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ និង​តាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស គឺ​អង្គ​ព្រះមហាក្សត្រ មិន​អាច​រំលោភ​បំពាន​បានឡើយ ហើយ​ដើម្បី​ធានា​លើកស្ទួយ និង​ការពារ​ព្រះ​កិត្តិនាម​របស់​អង្គ​ព្រះមហាក្សត្រ​ដែល​ជា​ប្រមុខរដ្ឋ​នៃ​ព្រះរាជាណាចក្រ កម្ពុជា​ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ប្រជាជាតិ​ខ្មែរ ដូចនេះ​ចាំបាច់​ត្រូវមាន​ការរៀបចំ​ជា​មាត្រា​ថ្មី​មួយចំនួន បំពេញបន្ថែម​នូវ​ភាពខ្វះ​ចន្លោះ​ដែល​ពុំមាន ចែង​នា​ពេលកន្លងមក ក្នុងករណី​ដែល​តុលាការ​រក​ឃើញ​ថា មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​ស្រប​តាម​បរិបទ​សង្គម ដែល​មាន​ការរីកចម្រើន​។​

​ចំណែក​សេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ គឺ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សិទ្ធិ​ពិនិត្យ និង​សម្រេច អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា គឺ​តម្រូវឲ្យមាន ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ឡើង ដើម្បី​ឆ្លើយតប​នឹង​បរិការណ៍ ធានា​ឲ្យមាន​ភាពរលូន សង្គតិភាព និង​ឯកភាព​នៃ​ច្បាប់ ព្រមទាំង​ធានាឲ្យមាន ការអនុវត្ត​ច្បាប់​ដោយ​ប្រសិទ្ធភាព​។​

​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​លើកឡើង​ថា សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សា ធម្មនុញ្ញ និង​សេចក្តីព្រាងច្បាប់​ស្តីពី​ច្បាប់​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ វា​ទាមទារ​ចាំបាច់​ត្រូវតែ​ធ្វើ​វិសោធនកម្ម​ទៅលើ​ច្បាប់​នេះ ដែល​ជា​មូលដ្ឋានគ្រឹះ ក្នុង​ការគោរព​សិទ្ធិ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​ផ្អែក​លើ​ក្របខ័ណ្ឌ​ច្បាប់ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រសួង​យុត្តិធម៌​ដែល​ជា​សេនា ធិកា​ររបស់​រាជរដ្ឋាភិបា​ល បាន​ខិតខំ​ជំរុញ​ធ្វើការ​ពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ទាំង​ពីរ​នេះ ជា​ការគាំទ្រ​ដល់​ការងារ​ធ្វើ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ យុត្តិធម៌ ព្រោះ​វា​ជា​ផ្នែក​ដ៏​សំខាន់​នៃ​អភិបាលកិច្ច​ល្អ​ក្នុង​ការលើកស្ទួយ ការគោរព​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស ការពង្រឹង​គោលការណ៍​នីតិរដ្ឋ នៅក្នុង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ធានា​នូវ​យុត្តិធម៌​សង្គម ព្រមទាំង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​សមធម៌​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×