Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ភោជនីយដ្ឋាន ខារ៉ាអូខេ​នៅក្រុងព្រះសីហនុ រកឃើញ​គ្រឿងញៀន​ជាង​១២​គីឡូក្រាម និង​អាវុធ​៣​ដើម ,​មេខ្លោង​ជនជាតិ​ចិន​៩​នាក់ ត្រូវ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​

spot_img

ព្រះសីហនុ​៖​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ភោជនីយដ្ឋាន ខារ៉ាអូខេ​មួយកន្លែង​ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ឈ្មោះ​«​ស៊ីន​ខាយ​សៀន​មិន​» របស់ ជនជាតិ​ចិន​នេះ កម្លាំង​ជំនាញ​រឹបអូស​បាន​គ្រឿងញៀន​ជាង​១២​គីឡូក្រាម និង​អាវុធ​៣​ដើម (​អាវុធ​វែង​មួយ​ដើម និង​អាវុធខ្លី​២​ដើម​) ព្រមទាំង​វត្ថុតាង​មួយចំនួនទៀត ចាប់​មេខ្លោង​និង​បក្ខពួក​ជា​ជន​ជាតិចិន​ចំនួន​៩​នាក់ បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​។​

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​បណ្តាញ​ផ្សព្វផ្សាយ​ដឹងថា ប្រតិបត្តិការ​របស់​ក​ម្លាំ​ង​គណបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បង្ក្រាប​ភោជនីយដ្ឋាន ខារ៉ាអូខេ​មួយកន្លែង​ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ឈ្មោះ​«​ស៊ីន​ខាយ​សៀន​មិន​» របស់​ជនជាតិ​ចិន​កាលពី​យប់​ថ្ងៃ​៣០​កញ្ញា​២០២០ មាន​បង្កប់​អំពើ​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន និង​ប​ម្រេ​ី​សេវា​ផ្លូវភេទ ក្រោយ​បញ្ចប់​ការសាកសួរ​ស្រាវ​រួចមក ក្នុងចំណោម​មនុស្ស​ជាង​៤០០​នាក់ មាន​ជនជាតិ​ចិន​,​ជនជាតិ​វៀតណាម​និង​ខ្លះទៀត​ជា​ជនជាតិខ្មែរ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ជាបឋម នគរបាល​រកឃើញ​មាន​មេខ្លោង​និង​បក្ខពួក​ជា​ជន​ជាតិចិន​ចំនួន​៩​នាក់​ដែលមាន​បទល្មើស និង​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ហើយ​គិត​ត្រឹម​ថ្ងៃ​៤​តុលា​នេះ ជនសង្ស័យ​ទាំង​៩​នាក់​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ហើយ​។​

ក្រៅពីនេះ មួយចំនួន​ចាប់បញ្ជូន​ចេញ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ និង​អ្នក​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ល្មើស​ត្រូវបាន​ដោះលែង​តាម​នីតិវិធី​ច្បាប់​។

​របាយការណ៍​បញ្ជាក់បន្ថែម​ថា ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​ជំនាញ​រឹបអូស​បាន​គ្រឿងញៀន​ជាង​១២​គីឡូក្រាម និង​អាវុធ​៣​ដើម (​អាវុធ​វែង​មួយ​ដើម និង​អាវុធខ្លី​២​ដើម​) ព្រមទាំង​វត្ថុតាង​មួយចំនួនទៀត​។​ប្រតិបត្តិការ​នេះ​នគរបាល​ប្រើពេល​ជិត​៥​ថ្ងៃ​ទើប​បញ្ចប់​និតិ​វិធី​។​

​បើតាម​ប្រសាសន៍ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក្នុងពេល​ជួប​សំណេះសំណាល ផ្តល់​ថវិកា​លើកទឹកចិត្ត​កង​នគរបាល​ខេត្ត​ព្រះសីហនុ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង ភោជនីយដ្ឋាន ខារ៉ាអូខេ របស់​ជនជាតិ​ចិន​មួយកន្លែង​ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ បង្កប់​ទៅដោយ​អំពើ​ជួញដូរ ចែកចាយ​គ្រឿងញៀន​និង​ជួញដូរ​ផ្លូវភេទ ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​មនុស្ស​ចំនួន​ជាង​៤០០​នាក់ ។

នៅ​រសៀល​ថ្ងៃ ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ មាន​រៀបចំ​ពិធី​សំណេះសំណាល​ក្រោម​អធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជិន វិទ្យា ស្នងការរង​ផែនការ​ងារ​គ្រប់គ្រង​ធនធានមនុស្ស និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​អភិបាលក្រុង លោក​អភិបាលស្រុក និង​គណៈ​ស្នងការរង​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ ។

​ក្នុង​ពិធី​សំណេះសំណាល​នោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានធ្វើការ​កោតសរសើ​រ​ទៅដល់​កងកម្លាំង​សមត្ថកិច្ច​ជំនាញ​ដែល​ចុះបង្ក្រាប​បទល្មើស​កន្លង​មក ជាពិសេស​ចុះបង្ក្រាប​ទីតាំង​ដែល​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ថ្មីៗ​នេះ ក្នុងនោះដែរ​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ក៏បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​កងកម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ទាំងអស់​ខិតខំ​ប្រឹងប្រែង​បន្តការងារ​ជំនាញ​បន្ត​បន្ថែមទៀត​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធិភាព​កាន់តែ​ខ្ពស់​នៅក្នុង​កិច្ចការ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម​នៅក្នុង​ខេត្ត​ព្រះសីហនុ​ទាំងមូល ៕​ដោយ​៖​កូ​ឡាប​

spot_img
×